កណ្តាលៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា ដោយសារតែស្ថានការណ៍សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ រាជរដ្ឋាភិបាលបានសម្រេចផ្អាកដំឡើងប្រាក់ខែ សម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងឆ្នាំ ២០២១។ ប៉ុន្ដែរដ្ឋាភិបាលប្រើប្រាស់ថវិកាចំនួន ១០ លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីរុញឱ្យដល់ប្រាក់ខែមន្ដ្រីចូលនិវត្ដន៍មុនៗ។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលលោកអញ្ជើញចូលរួមធ្វើជាអធិបតី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ភូមិដីឥដ្ឋកោះផុស ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីម្សិលមិញ។
លោក ហ៊ុន សែន ថ្លែងថា៖ «អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] គ្រោងឡើងប្រាក់ខែ ប៉ុន្ដែខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន ថា ប្រាក់ខែឆ្នាំ ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងសម្រាប់ឆ្នាំ ២០២១។ អ៊ីចឹង សូមទោសទុកឱ្យហើយ»។
ជាមួយគ្នានោះលោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សរ៍ដដែល ប៉ុន្ដែប្រាក់ឧបត្ថម្ភ សម្រាប់ពេលពិធីចូលឆ្នាំ និងភ្ជុំបិណ្ឌ គឺនៅផ្ដល់ជូន។ លោកថ្លែងថា អ្វីដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលជម្រាបជូនទៅអតីតយុទ្ធជន និងនិវត្តន៍ជននោះ គឺរដ្ឋាភិបាលនឹងបង្កើនប្រាក់បៀវត្សរ៍ចំពោះនិវត្តន៍ជន និងអតីតយុទ្ធជនដែលចូលនិវត្ដន៍មុនៗនោះ។
ប្រមុខរាជរដ្ឋាភិបាលថ្លែងថា៖ «កាលចូលនិវត្ដន៍មុន ប្រាក់ខែរបស់ពួកគាត់តែ ៤០ ម៉ឺនរៀល ដល់គេកាត់ទៅ វានៅសល់តែ ៣០ ម៉ឺនរៀល។ បើប្រៀបធៀបទៅនឹងអ្នកចូលនិវត្ដន៍ឥឡូវ យើងថាប្រាក់ខែ ១ លានរៀល ដល់ចូលនិវត្ដន៍ទៅគេកាត់ ២០ ភាគរយ នៅសល់ ៨០ ម៉ឺនរៀល។ អ៊ីចឹងរវាងអ្នកចូលនិវត្ដន៍មុន និងអ្នកចូលនិវត្ដន៍ក្រោយ គឺខុសគ្នា។ អ៊ីចឹងយើងប្រើទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារក្នុង ១ ឆ្នាំ ដើម្បីរុញឱ្យអ្នកចូលនិវត្ដន៍មុនកុំឱ្យខុសគ្នាឆ្ងាយពេកជាមួយនឹងអ្នកចូលនិវត្ដន៍ក្រោយ»។
លោកនាយករដ្ឋមន្ដ្រីបន្ថែមថា រាជរដ្ឋាភិបាលមិនបំភ្លេច អតីតយុទ្ធជន និងនិវត្ដន៍ជនដែលបានចូលនិវត្ដន៍កាលពីពេលមុនៗនោះទេ។ ដូច្នេះត្រូវធ្វើយ៉ាងម៉េច ជំរុញអ្នកចូលនិវត្ដន៍មុន ឱ្យឡើង [ប្រាក់ចូលនិវត្ដន៍]។ ប៉ុន្ដែមន្ដ្រីរាជការជាទូទៅដែលកំពុងធ្វើការ និងនិវត្ដន៍ជនដទៃទៀត គឺមិនបានទទួលការឡើងប្រាក់ខែទេ។ និវត្ដន៍ជន និងអ្នកចូលនិវត្ដន៍មុនៗដែលទទួលបានចំនួនប្រាក់ខែទាប គឺបានឡើង។ លោកក៏សុំការយោគយល់ដោយសារស្ថានការណ៍សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។
សមាជិកគណៈកម្មការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកឡុង រឹម បានលើកឡើងថា ស្របពេលរាជរដ្ឋាភិបាលផ្អាកដំឡើងប្រាក់បៀវត្សរ៍ដល់មន្ដ្រីរាជការបែបនេះ រដ្ឋាភិបាលក៏គួរតែគិតគូរទៅលើចរន្តនៃការលក់ដូរទំនិញលើទីផ្សារកុំឱ្យមានការដំឡើងថ្លៃហួសហេតុផងដែរ។
លោកថា៖ «យើងសង្កេតឃើញ ថា រដ្ឋាភិបាលតែងតែដំឡើងប្រាក់បៀវត្សរ៍ជូនដល់មន្ដ្រីរាជការជារៀងរាល់ឆ្នាំ ទោះបីជាមានចំនួនតិចតួច ឬច្រើន ដើម្បីឱ្យមន្ដ្រីរាជការអាចទប់ទល់ក្នុងជីវភាពរស់នៅ។ បើកាលណាប្រាក់បៀវត្សរ៍មិនដំឡើងបែបនេះ ប៉ុន្ដែទំនិញនៅលើទីផ្សារនៅតែបន្តឡើងថ្លៃនោះ វានឹងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់មន្ដ្រីរាជការ»។
លោក មិន ថា ប្រធានការិយាល័យសោធននិវត្ដន៍ខេត្ដព្រៃវែងបានលើកឡើងថា រាជរដ្ឋាភិបាលបានដំឡើងប្រាក់សោធននិវត្ដន៍ដល់មន្ត្រីរាជការជារៀងរាល់ឆ្នាំ អាស្រ័យទៅតាមប្រាក់បៀវត្សរ៍របស់មន្ដ្រីផ្ទាល់។ មន្ដ្រីចូលនិវត្ដន៍ចាស់ៗដែលមានប្រាក់ខែទាបក្នុង ១ ឆ្នាំអាចឡើងក្នុងរង្វង់ ២-៣ ម៉ឺនរៀល លើសពីមន្ដ្រីដែលចូលនិវត្ដន៍ក្នុងពេលបច្ចុប្បន្នដែលមានប្រាក់ខែខ្ពស់។
លោកថ្លែងថា៖ «មន្ដ្រីរាជការស៊ីវិលដែលចូលនិវត្ដន៍ក្នុងខេត្ដយើងសរុបមានចំនួនជាង ៣ ពាន់នាក់ក្នុងនោះមន្ដ្រី ដែលមានប្រាក់សោធននិវត្ដន៍ទាបជាងគេ គឺត្រឹមចំនួន ៦០ ម៉ឺនរៀល»។
លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈបានថ្លែងពីម្សិលមិញថា មន្ដ្រីរាជការចូលនិវត្ដន៍ដែលទទួលបានការជំរុញដំឡើងប្រាក់សោធននោះ គឺជាមន្ដ្រីដែលបានចូលនិវត្ដន៍នៅត្រឹមអំឡុងឆ្នាំ ២០១៤ មុនពេលរាជរដ្ឋាភិបាលបានធ្វើសមាហរណកម្មមន្ត្រីរាជការចូលទៅក្នុងចរន្តថ្មី។
លោកបញ្ជាក់ថា៖ «ដូច្នេះមន្ដ្រីដែលបានចូលនិវត្ដន៍នៅត្រឹមឆ្នាំ ២០១៤ គឺពួកគាត់ទទួលបានប្រាក់សោធននិវត្ដន៍ទៅតាមបៀវត្សរ៍ចាស់ ទើបបានជាមានគម្លាតប្រាក់បៀវត្សរ៍រវាងមន្ដ្រីថ្មី ជាមួយនឹងមន្ដ្រីចូលនិវត្ដន៍មុន»។
បើតាមលោក ប៊ុនណា មន្ដ្រីរាជការទាំងស៊ីវិល និងយុទ្ធជនដែលបានចូលនិវត្ដន៍សរុបនៅទូទាំងប្រទេសមានចំនួនប្រមាណជាង ១០ ម៉ឺននាក់។ រីឯការដំឡើងប្រាក់សោធននិវត្ដន៍ដល់មន្ដ្រីដែលមានបៀវត្សរ៍ទាប គឺក្នុង ១ ឆ្នាំអាចដំឡើងចាប់ពីជាង ១ ម៉ឺនរៀលទៅដល់ ៨ ម៉ឺនរៀលខ្ពស់ជាងមន្ដ្រីដែលទើបចូលនិវត្ដន៍ថ្មី៕
វីដេអូ៖