ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ហៅថា​ ធីវេទ​ (TVET) ​ឱ្យ​បាន​ផុលផុស​ ដើម្បី​ជំរុញ​ឱ្យកម្លាំង​ពលកម្ម​ជំនាញ​មាន​ភាពប្រសើរ​ឡើង​ និង​ប្រាក់ចំណូល​ខ្ពស់​។

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​ ១៥ ខែមិថុនា ជា​រៀងរាល់​ឆ្នាំ ជា​ទិវា TVET ដើម្បី​លើកកម្ពស់​ និង​ផ្សព្វផ្សាយ​ទិវា​នេះ​ក្នុងន័យ​ជំរុញ​ឱ្យ​មាន​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ការងារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

ទិវា TVET ​លើក​ទី​ ៤ ឆ្នាំនេះ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ​ «TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ​ និង​ប្រាក់ចំណូល​ខ្ពស់​»​។

តាមរយៈ​សារាចរ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ១៨ ឧសភា លោក​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​ទិវា​ជាតិ​នេះ​តាមរយៈ​ការផលិត​ជា​វីដេអូ និង​ខ្លឹមសារ​ឯកសារ និង​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី-ខេត្ត អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ត្រូវ​ចូលរួម​សហការ គាំទ្រ​ និង​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ លើក​ទី​ ៤ ឆ្នាំ​ ២០២១ តាម​អង្គភាព​រៀងៗ​ខ្លួន​»​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​សហការ​ផ្សព្វផ្សាយ​ និង​គាំទ្រ​ដល់​មន្ទីរ​ការងារ​​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ និង​ឯកជន អង្គការ សមាគម និង​សហគមន៍ រៀបចំ​ចង​បដា​ពាក្យស្លោក​ផ្សព្វផ្សាយ​ពី​ទិវា​ជាតិ​នេះ​ក្នុង​ដែនដី​របស់ខ្លួន​»​។

លោក​ ហ៊ុន សែន ណែ​នាំឱ្យ​ក្រសួង​ព័ត៌មាន​ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ ឯកជន​ និង​បណ្តាញ​សារព័ត៌មាន សង្គម​ឱ្យ​ផ្សព្វផ្សាយ​សារាចរ​សារលិខិត​របស់លោក វីដេអូ​ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​រៀបចំ​ចង​បដា​ពាក្យស្លោក​នៅតាម​អង្គភាព​ និង​ទីសាធារណៈ​»​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រូបង្រៀន សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ «​បងប្អូន​ជនរួមជាតិ​» ​ចូលរួម​ និង​ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឱ្យបាន​ផុលផុស​ឱឡារិក អធិកអធម​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​»​។

លោក​ មាស សុភ័ណ្ឌ និង​លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បានទេ​នៅ​ថ្ងៃទី​ ១៨ ខែឧសភា​។

កាលពី​ខែសីហា ឆ្នាំ​ ២០២០ ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ (SDC) ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រសួង​ការងារ ដើម្បី​គាំទ្រ​លើ​គម្រោង​បង្កើត​ប្រព័ន្ធ​បណ្ដុះបណ្ដាល​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អនឡាញ សម្រាប់​គ្រឹះស្ថាន​ TVET ​សម្រាប់​ជួយ​ដល់​យុវជន​កម្ពុជា អំឡុងពេល​ជំងឺ​កូវីដ​១៩ និង​ថ្ងៃ​អនាគត​។

នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​ទីភ្នាក់ងារ​ស្វ៊ីស SDC ដែលមាន​រយៈពេល​ ១០ ​ខែ ចាប់ពី​ខែសីហា ឆ្នាំ​ ២០២០ រហូតដល់ ខែ​ឧសភា ឆ្នាំ​ ២០២១៕