The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

Content image - Phnom Penh Post
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅឯពិធីសម្ពោធន៍ទំនប់សេសានក្រោម ២ នាពេលកន្លងមក។ ហុង មិនា

នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

ភ្នំពេញ: លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ខណៈ​ថវិកា​ចំនួន​ ៥៦ ​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះ​ជា​កម្ចី​បាន​មកពី​ប្រទេស​កូរ៉េ​។

ការ​ថ្លែង​របស់​លោក​បែប​នេះ​បាន​ធ្វើ​​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង​ ២ ​ម៉ឺន​នាក់​​មកពី​រោងចក្រ​ចំនួន​ ២០ ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​មិន​សប្បាយចិត្ត​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២ ​ឡើងវិញ​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​សហការ​ជាមួយ​មន្ត្រី​កូរ៉េ​ដើម្បី​ពន្លឿន​ការសាងសង់​ផ្លូវ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជិះ​ពី​មុន​យ៉ាងម៉េច​? ​ឥឡូវ​វា​នៅ​តែ​អ៊ីចឹង​ប៉ុណ្ណឹង​​ដដែល​។ យើង​បាន​ចរចា​ប្រហែល​ជា​ ៥ ​ឆ្នាំ​ហើយ ប៉ុន្តែ​ឥឡូវ​ឮថា​កំពុង​ដាក់​ដេញថ្លៃ​។ សូម​ជំរុញ​បន្តិច​មើល វា​អត់​ច្រើន​ប៉ុន្មាន​ទេ​ប៉ុណ្ណឹង​នោះ ហេតុអ្វី​ដំណើរការ​យឺតយ៉ាវ​ម្ល៉េះ​? ព្រោះ​យើង​ត្រូវការ​អភិវឌ្ឍ​ផ្លូវ​ដទៃទៀត​ [​ពង្រីក​] បើ​ផ្លូវជាតិ​លេខ​ ៣ ​វិញ​ពង្រីក​ ២ ​ដង​ហើយ​។ អស់ពី​ ៧ ​ម៉ែត្រ​ទៅ​ ១២ ​ម៉ែត្រ​ពី​ ១២ ​ម៉ែត្រ​ទៅ​ ២០ ​ម៉ែត្រ​ជាង ប៉ុន្តែ​អា​លេខ​ ២ ​ហ្នឹង​វា​នៅ​តែ​ប៉ុណ្ណឹង​។ ​នេះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​ការយឺតយ៉ាវ​ក្នុងការ​សាងសង់​ផ្លូវ​មួយ​នេះ​ទេ​»​។

លោក វ៉ាស៊ីម សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​ស្គាល់​ថា ពិតជា​មាន​ការ​យឺតយ៉ាវ​មែន​ព្រោះ​តម្លៃ​ចំណាយ​មាន​ទំហំ​ច្រើន​ជាង​ថវិកា​ដែល​កម្ពុជា​បាន​ស្នើ​ខ្ចី​ពី​កូរ៉េ​ខាង​ត្បូង​កាលពី​ ៤ ​ឆ្នាំ​មុន​រហូត​ដល់​ទៅ​ ១៣ ​លាន​ដុល្លារ​ដែល​ជា​ហេតុ​មិន​អាច​ដាក់​ដេញថ្លៃ​បាន​។

លោក​បន្ត​ថា​ទោះ​យ៉ាង​ណា​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន​បាន​ដាក់​សំណើ​ទៅ​ភាគី​កូរ៉េ​ខាង​ត្បូង​ហើយ​​ដើម្បី​ស្នើសុំ​ខ្ចី​ថវិកា​បន្ថែម ហើយ​ពេល​ថ្មីៗ​នេះ​ភាគី​កូរ៉េ​ក៏​បាន​ឯកភាព​ផង​ដែរ​។ បន្ទាប់​មក​ផ្លូវជាតិ​លេខ​ ២ ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​ជាថ្មី​នៅ​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

លោក វ៉ាស៊ីម សុរិយា បញ្ជាក់​ថា​៖ «​យើង​បាន​កំណត់​យក​ថ្ងៃទី​ ៣ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ​ខាង​មុខ​ចាប់ផ្តើម​បើក​កញ្ចប់​ដេញថ្លៃ​របស់​ក្រុមហ៊ុន​សាងសង់ ហើយ​ពន្លឿន​នីតិវិធី​ផ្សេងៗ​ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​នៅ​ខែ​មករា ឆ្នាំ​ ២០១៩»​។

គួរ​បញ្ជាក់​ថា​គម្រោង​នេះ​អនុវត្ត​សាងសង់​ផ្លូវ​ប្រវែង​ ៥៧ ​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ដល់​រង្វង់​មូល​អូរ​ចំបក់​ (​ចម្ងាយ​ប្រហែល​ ៣ ​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ខេត្ត​តាកែវ​)​។ គម្រោង​នេះ​ក៏​បញ្ចូល​ការសាងសង់​លើ​ផ្លូវ​ជាតិ​លេខ​ ២២ ប្រវែង​ ៩ ​គីឡូម៉ែត្រ​ដែរ​។ គម្រោង​ទាំងមូល​នឹង​ត្រូវ​ចំណាយ​ថវិកា ​៥៦ ​លាន​ដុល្លារ​ក្រោម​ថវិកា​កម្ចី​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជាង ៨ លាន​ដុល្លារ​។

បើ​តាម​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​គម្រោង​នេះ​នឹង​អនុវត្ត​ការក្រាល​កៅស៊ូ AC សង់ស្ពាន​ថ្មី និង​ពង្រីក​ទទឹង​ផ្លូវ​ឲ្យ​បាន​ ១៣ ​ម៉ែត្រ​។ ដោយឡែក​ត្រង់​ចំណុច​រង្វង់មូល​កួរស្រូវ​ទៅ​ទិស​ខាង​ត្បូង​ប្រវែង​ ៨ ​គីឡូម៉ែត្រ​នឹង​ត្រូវ​សាងសង់​ជា​ ៤ ​គន្លង​៕

អត្ថបទគួរចាប់អារម្មណ៍