ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​លើកលែង​ការធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ចំពោះ​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ សម្រាប់​អ្នក​ដែលមាន​សុខភាព​ធម្មតា ប៉ុន្តែ​នឹងត្រូវ​បន្ត​ឱ្យមាន​ការធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ដែលមាន​អាការ​សង្ស័យ​មាន​កូវីដ​១៩​។

យោងតាម​សារ​ជា​សំឡេង​របស់​លោក​ ហ៊ុន សែន នៅ​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ការចាប់ផ្តើម​ធ្វើ​ចត្តាឡីស័ក​របស់​ពលករ​ខ្មែរ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ឆ្លង​ក្នុង​សហគមន៍​យ៉ាងច្រើន​ក្នុងប្រទេស​ថៃ ប៉ុន្តែ​បច្ចុប្បន្ននេះ​សភាពការណ៍​ក្នុងប្រទេស​ថៃ​ត្រូវ​ត្រួតត្រា​បាន​ហើយ ខណៈ​ដែល​ខេត្ត​របស់​ថៃ ដែល​នៅជាប់​នឹង​ព្រំដែន​កម្ពុជា​ក៏បាន​ដកចេញ​ពី​ខេត្ត​ហានិភ័យ​ផងដែរ​។

លោក​ ហ៊ុន សែន លើកឡើង​ទៀតថា ក្នុង​រយៈកាល​ជាង​ ១ ​ខែ​កន្លងទៅនេះ មណ្ឌល​ចត្តាឡីស័ក​នៅតាម​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ទាំងអស់​មិន​មាន​មនុស្ស​ឆ្លង​ទៀត​ទេ​។ ស្ថានភាព​នៅតាម​ព្រំដែន​មានការ​លំបាក​ដោយសារ​តែ​ចំនួន​មនុស្ស​ចេញ​តិចជាង​មនុស្ស​ចូល ក្នុង​មណ្ឌល​ចត្តាឡីស័ក​ដែល​ធ្វើឱ្យ​មនុស្ស​ក្នុង​មណ្ឌល​ចត្តាឡីស័ក​មាន​ការកើនឡើង​យ៉ាងខ្លាំង និង​មាន​ការលំបាក​ក្នុង​ការចិញ្ចឹម​ថែទាំ​។

លោក​ ហ៊ុន សែន ​មានប្រសាសន៍​ថា៖ «​ដូច្នេះ​សម្រាប់​ថ្ងៃនេះ អ្នក​ដែល​មកពី​ប្រទេស​ថៃ​មិនចាំបាច់​ដឹក​ចូលទៅក្នុង​មណ្ឌល​ចត្តាឡីស័ក​ទៀត​ទេ គឺ​រថយន្ត​កងទ័ព​ដែល​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ស្រាប់​ត្រូវ​ដឹក​ពួកគាត់​ទៅកាន់​ខេត្ត​ខាងក្រោយ​ (​ស្រុកកំណើត​) ​តែម្តង​»​។

លោក​បន្តថា​៖ «​សម្រាប់​អ្នក​ដែល​នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​ស្រាប់​ត្រូវ​រង់ចាំ​ដឹក​ចេញ​នៅ​ព្រឹកស្អែក ហើយ​នៅក្នុង​ការធ្វើដំណើរ​របស់​ពួកគាត់​ត្រូវតែ​ធានាថា ពួកគាត់​បានទទួល​ទាន​អាហារ​រួចហើយ និង​ផ្គត់ផ្គង់​ស្បៀងអាហារ​បន្ថែម ដើម្បីឱ្យ​ពួកគាត់​ធ្វើដំណើរ​មាន​អាហារ​តាម​ខ្លួន​។ យើង​មិន​អនុញ្ញាតឱ្យ​ដឹកជញ្ជូន​ពួកគាត់​ពេលយប់​ទេ គឺ​ត្រូវ​ដឹក​ពួកគាត់​ពេលព្រឹក និង​ពេល​ថ្ងៃ​»​។

លោក​ ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុង​ការធ្វើ​ដំណើរ កងទ័ព និង​កម្លាំង​ដឹកជញ្ជូន​ត្រូវតែ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់​ពួកគាត់​ឱ្យបាន​ហ្មត់ចត់ ជាទីបំផុត ចៀសវាង​ការធ្វេសប្រហែស​ណាមួយ​ដែល​បង្ក​ជា​បញ្ហា ពិសេស រថយន្ត​នីមួយៗ​កុំ​ដាក់​មនុស្ស​ច្រើនពេក ដើម្បី​ចៀសវាង​នូវ​ភាព​កកកុញ ដែល​វា​មិន​សម​ស្របតាម​គម្លាត​សុវត្ថិភាព​។

នាយករដ្ឋមន្ត្រី​បន្តថា នៅពេល​ដែល​រថយន្ត​ដឹក​ពួកគាត់​មកដល់​ខេត្ត​ជា​ស្រុក​កំណើត​ហើយ ខេត្ត​ត្រូវ​ទទួលខុសត្រូវ​ដើម្បី​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ ប៉ុន្តែ​ប្រសិន​បើ​មាន​អ្នក​សង្ស័យ ឬ​ក្តៅខ្លួន ខេត្ត​មិន​ត្រូវ​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ទេ គឺ​ត្រូវ​ទុក​គាត់​ដើម្បី​ធ្វើការ​ពិនិត្យ​សំណាក និង​ព្យាបាល​គាត់ ក្នុងករណី​ដែលមាន​វិជ្ជមាន​កូវីដ​១៩​។

បើតាម​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ៤ ខែមីនា ពលករ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​តាម​ព្រំដែន​កម្ពុជា-ថៃ​មាន​ចំនួន​ជាង​ ១៥ ០០០ ​នាក់​។

ដោយឡែក​នៅ​ថ្ងៃ​ម្សិលមិញ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានសម្រេច​ដាក់ឱ្យ​ដំណើរការ​អគារ​នៃ​សណ្ឋាគារ The Great Duke ដែលជា​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​។ ការសម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​យក​អ្នកជំងឺ​កូវីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​ព្រែកព្នៅ​ទៅ​ដាក់​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke​នេះ វិញ​។

លោក​ ម៉ម ប៊ុនហេង ឱ្យ​ដឹងថា ការដាក់ឱ្យ​ដំណើរការ ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នកជំងឺ​កូវីដ​១៩ កម្រិត​ស្រាល គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួងសុខាភិបាល​ក្នុង​ការប្រមូលផ្តុំ​ធនធានមនុស្ស សម្ភារ​បរិក្ខារ និង​បច្ចេកទេស​ចាំបាច់​មួយចំនួន ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឱ្យបាន​ទាន់ពេលវេលា និង​ធានា​ទប់ស្កាត់​ការរីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។ ចំពោះ​អគារ​ និង​បរិវេណ​នៃ​សណ្ឋាគារ The Great Duke នេះ​នឹង​ត្រូវ​រៀបចំ​អនុវត្ត​វិធានការ​គ្រប់គ្រង​យ៉ាង​ហ្មត់ចត់ ទាំង​ផ្នែក​សុខាភិបាល និង​សន្តិសុខ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​បំផុត​សំដៅ​ធានា​ទប់ស្កាត់​នូវ​ការឆ្លង និង​ហានិភ័យ​ចម្លង​នៃ​ជំងឺ​នេះ​មក​ខាងក្រៅ​បរិវេណ​អគារ​នៃ​សណ្ឋាគារ​។

លោក​សង្កត់ធ្ងន់​ថា៖ «​សុំ​បងប្អូន​ប្រជាពលរដ្ឋ ពាណិជ្ជករ និង​អាជីវករ​ទាំងអស់​ដែល​រស់នៅ និង​កំពុង​ប្រកបរបរ​ផ្សេងៗ​នៅជាប់ និង​ក្បែរ​ទីតាំង​សណ្ឋាគារ​នេះ​កុំ​ឱ្យ​មាន​ការភ័យខ្លាច និង​សូម​បន្ត​រក្សា​ភាពនឹងនរ​ក្នុង​ចិត្ត និង​ជឿទុកចិត្ត​លើ​វិធានការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​»​។

លោក​បន្តថា វីរុស​កូវីដ​១៩​នេះ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាម​ដំណក់​ទឹកតូចៗ ដែល​ចេញពី​ផ្លូវដង្ហើម​របស់​អ្នក​ផ្ទុក​វីរុស​។ រហូតមកដល់​ពេលនេះ មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់ថា វីរុស​នេះ​ឆ្លងតាម​ខ្យល់អាកាស​នៅក្នុង​ទី​លម្ហ​ឡើយ​។

ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែមីនា បានប្រកាស​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​ ៣៤ ​នាក់​បន្ថែមទៀត ក្នុងនោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​មាន​ចំនួន​ ៣១ ​នាក់ ហើយ​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ១៩ ​នាក់​។ អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ មាន​ជនជាតិខ្មែរ​ចំនួន ៨ ​នាក់ ជនជាតិ​ចិន ២២ ​នាក់ និង​ជនជាតិ​វៀតណាម​ ១ ​នាក់​។

បើតាម​ក្រសួង​សុខាភិបាល​គិត​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​សរុប​ចំនួន ៩៨៧ ​នាក់​ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ មាន​ចំនួន ៤៧៧ ​នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន ៥១០ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៤៧៦ ​នាក់​៕