ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានស្នើដល់ប្រជាពលរដ្ឋ ជាពិសេសស្ថាប័នរដ្ឋទាំងអស់ចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនី និងទឹកស្អាត ដើម្បីរួមចំណែកកាត់បន្ថយការចំណាយថវិការបស់ជាតិ និងបង្វែរថវិកាទាំងនោះទៅប្រើប្រាស់លើផ្នែកចាំបាច់ឱ្យចំគោលដៅ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅថ្ងៃទី ១ ខែកុម្ភៈ ក្នុងពេលដែលលោកអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន។ លោកបានថ្លែងថា ការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញមានការខ្វះខាត ដោយសារកំណើនប្រជាជនមានការកើនឡើងយ៉ាងគំហុក។
លោកនាយករដ្ឋមន្ត្រីបានស្នើដល់ទាំងពលរដ្ឋ និងស្ថាប័នរដ្ឋ គប្បីប្រើប្រាស់អគ្គិសនី និងទឹកស្អាតដោយសន្សំសំចៃដើម្បីធានាដល់ការប្រើប្រាស់ថាមពលឱ្យបានគ្រប់គ្រាន់។
លោកបញ្ជាក់ថា៖ «យើងគប្បីសន្សំសំចៃទៅលើបញ្ហាប្រើប្រាស់ទាំងអគ្គិសនីក្តី ទាំងទឹកក្តី កុំខ្ជះខ្ជាយ មិនថាគ្រួសារទេ ជាពិសេសស្ថាប័នរដ្ឋត្រូវតែប្រយ័ត្នប្រយែងទៅលើការប្រើប្រាស់អគ្គិសនី»។ ឥឡូវនេះក្រសួងមួយចំនួនដូចជាក្រសួងបរិស្ថាន ក្រសួងសាធារណការ ហើយប្រហែលជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ដែលកំពុងសាងសង់ ក៏ប្រហែលជាប្រើប្រាស់សូឡាដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ភ្លើង។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប៉ុន្តែដើម្បីកាត់បន្ថយប្រើប្រាស់ភ្លើងបាន សំខាន់បំផុតគឺកុំបើកម៉ាស៊ីនត្រជាក់ឱ្យត្រជាក់ពេក ឥឡូវកូវីដនៅតែជាមួយធាតុត្រជាក់ផងប្រយ័ត្ន ហើយពេលចេញពីធ្វើការបិទម៉ាស៊ីនត្រជាក់ បិទភ្លើង ប្រទេសគេធ្វើអ្នកមាន គេពូកែសន្សំ សំចៃ គេអត់ខ្ជះខ្ជាយទេ»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងថា អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ ព្រមទាំងអគារវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន» ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ថ្មីៗនេះសាងសង់ឡើងដោយបំពាក់ថាមពល «សូឡា»។ លោកបញ្ជាក់ថា ការបំពាក់ថាមពល «សូឡា» នេះធ្វើឱ្យក្រសួងចំណេញថ្លៃអគ្គិសនីក្នុង ១ ថ្ងៃជាង ១ ពាន់ដុល្លារឯណោះ ពោលចំណេញ ៣ ម៉ឺនដុល្លារ ក្នុង ១ ខែ។
លោក ហុគ ម៉េងហ៊ាន់ ប្រធានកម្មវិធីបរិស្ថាន និងកសិកម្មនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO-Forum) ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើសិនគ្រប់ភាគីចូលរួមអនុវត្តតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំក្នុងការសន្សំសំចៃនៃការប្រើប្រាស់ទាំងទឹក និងភ្លើង មិនត្រឹមតែជួយដល់ការសន្សំសំចៃផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយដល់បរិស្ថាននៃការប្រែប្រួលអាកាសធាតុផងដែរ។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះពី ១ ឆ្នាំទៅ ១ ឆ្នាំ មិនថាកម្ពុជាទេ ពិភពលោកទាំងមូលមានការកើនឡើងពីតម្រូវការ និងឧបករណ៍នៃការប្រើប្រាស់អគ្គិសនី ធ្វើឱ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន ដូចជាការបំភាយឧស្ម័ន»។ លោកគិតថា ការចូលរួមចំណែកនេះមិនមែនតែស្ថាប័នរដ្ឋាភិបាលទេ ប្រជាពលរដ្ឋទូទៅត្រូវមានចំណេះដឹងក្នុងការប្រើប្រាស់អគ្គិសនីប្រកបដោយការសន្សំសំចៃ ដែលវាអាចចូលរួមចំណែកដោយផ្ទាល់ដល់សេដ្ឋកិច្ច និងដោយមិនផ្ទាល់ដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។
លោកជំរុញឱ្យរដ្ឋាភិបាលគួរងាកមកវិនិយោគថាមពលអគ្គិសនី ឬថាមពលកកើតឡើងវិញក្នុងស្រុក ខណៈកម្ពុជាមានសក្តានុពលច្រើនក្នុងការផលិតថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាងដែលធ្វើឱ្យតម្លៃដើមថ្លៃ។
បច្ចុប្បន្ន រដ្ឋមានការអនុគ្រោះដល់ពលរដ្ឋក្រីក្រក្នុងការប្រើប្រាស់ទឹកស្អាត ដោយគ្រួសារដែលប្រើប្រាស់ទឹកមិនលើសពី ៧ ម៉ែត្រគុប គឺគិតថ្លៃត្រឹម ៤០០ រៀលក្នុង ១ ម៉ែត្រគុប និងមានតម្លៃកើនឡើងជាបន្តបន្ទាប់ ចំពោះអ្នកប្រើប្រាស់កាន់តែច្រើន ហើយអ្នកដែលប្រើចាប់ពី ៥០១ ម៉ែត្រគុបឡើងទៅ គឺមានតម្លៃ ២ ៤០០ រៀល ក្នុង ១ ម៉ែត្រគុប។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អតិថិជនជាក្រសួង ស្ថាប័ន អង្គភាពនានា និងស្ថានទូត មិនកំណត់បរិមាណ គឺតម្លៃ ២ ៥០០ រៀល ថ្លៃជាងគេ ព្រោះក្រសួងនានាប្រើយកលុយរដ្ឋ ហើយបង់ឱ្យរដ្ឋវិញ អ៊ីចឹងរាងថ្លៃបន្តិច អ៊ីចឹងបានថា យើងត្រូវចេះសន្សំសំចៃ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការគាំទ្រចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ខណៈកម្ពុជាកំពុងបោះជំហានទៅមុខ ក្នុងការប្រើប្រាស់ប្រព័ន្ធកកើតឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលបណ្តាលឱ្យប៉ះពាល់ដល់សម្ពាធធម្មជាតិ។
លោកថ្លែងថា៖ «ពាក់ព័ន្ធថាមពលកកើតឡើងវិញ កម្ពុជាបានបោះជំហានទៅមុខក្នុងតំបន់ ដោយប្រើប្រាស់ សូឡាប្រមាណ ១០ ភាគរយនៃថាមពលសរុបដែលប្រើប្រាស់នៅទូទាំងប្រទេស»។
រោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតចំការមនដែលត្រូវបានសម្ពោធកាលពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១ មានសមត្ថភាពអាចផលិតទឹកស្អាតបានចំនួន ៥២ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលកាលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២ ០០០ ម៉ែត្រគុបប៉ុណ្ណោះ ក្នុង ១ ថ្ងៃ ខណៈគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណជា ៤០០ ០០០ ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី១ ឆ្នាំ ២០២៤៕