ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យក្រសួង ឬស្ថាប័នរដ្ឋទូទាំងប្រទេសដាក់បង្ហាញពាក្យស្លោក «អរគុណសន្តិភាព» នៅតាមទីតាំងស្ថាប័នរៀងៗខ្លួន ហើយថាពាក្យស្លោកនេះមិនមានខ្លឹមសារប្រឆាំងនឹងអ្នកណាទេ ប៉ុន្តែដើម្បីជាការស្រឡាញ់ និងការពារសន្តិភាពប៉ុណ្ណោះ។
លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកពីម្សិលមិញថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ «អរគុណ សន្តិភាព» ដែលខ្ញុំយល់ថាវាមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ»។
លោកបន្តថា «មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព!»។
យោងតាមសារជាសំឡេងរបស់លោកដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញលោក ហ៊ុន សែន បានស្នើឲ្យមានការដាក់ពាក្យស្លោកនេះនៅតាមសាលារៀន និងស្ថាប័នរដ្ឋនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានដូចសព្វថ្ងៃគឺដោយសារសន្តិភាព ដូច្នេះរដ្ឋមន្ត្រីតាមស្ថាប័ន និងអាជ្ញាធរខេត្តគ្រប់ខេត្តត្រូវដឹកនាំចលនានេះដោយគោលដៅគឺធានាបាននូវសន្តិភាពដើម្បីចៀសបានការប្រមាថពីអ្នកដទៃ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំថ្មីនេះយើងគួរមានចលនាមួយគ្របដណ្ដប់ទូទាំងប្រទេសតែម្ដង ហើយខ្លឹមសារនោះគ្មានប្រឆាំងជាមួយអ្នកណាទេ ប្រើពាក្យ «អរគុណសន្តិភាព» យើងសរសេរនៅកន្លែងធ្វើការ។ សូម្បីតែនៅខ្លោងទ្វារក៏អាចសរសេរបានដែរ។ គឺបំផុសចលនាអរគុណសន្តិភាព ដើម្បីយកភាសានេះជាភាសាគន្លឹះដែលត្រូវឲ្យទាំងអស់គ្នាស្រឡាញ់សន្តិភាព ហើយការពារសន្តិភាព»។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថាខេត្តស្វាយរៀងរបស់លោកបានអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីដោយចងបដាពាក្យស្លោក «អរគុណសន្តិភាព» នេះនៅតាមទីតាំងខ្លះរួចហើយ បន្ទាប់ពីអនុសាសន៍របស់លោក ហ៊ុន សែន ត្រូវបានដាក់ទៅតាមអង្គភាព និងស្ថាប័នរដ្ឋនានា។
លោកថ្លែងថា៖ «យើងដាក់ពាក្យថាអរគុណសន្តិភាពនៅតាមមន្ទីរ អង្គភាពនានា ស្ថាប័ន រដ្ឋ គឺដើម្បីថា រៀងរាល់ថ្ងៃនេះមានការអភិវឌ្ឍរីកចម្រើនបានគឺដោយសារតែសន្តិភាពហ្នឹងឯង បើគ្មានសន្តិភាពក៏គ្មានអ្វីៗទាំងអស់ដែរ។ ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបានដើម្បីបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រកបដោយគតិបណ្ឌិត។ ន័យខ្លឹមសារគឺប៉ុណ្ណឹងឯង»។
លោកបន្តថា ក្រៅពីពាក្យ «អរគុណសន្តិភាព» គេក៏អាចសរសេរពាក្យដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាដូចជា «មានសន្តិភាពទើបមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ» «យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព និងគោរពថែរក្សាសន្តិភាព»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា សារតាមតេឡេក្រាមរបស់លោក ហ៊ុន សែន មិនមានអ្វីទាស់ខុសទេ ព្រោះសន្តិភាពគឺជាឫសគល់ ឬជាលក្ខខណ្ឌចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ និងអ្វីៗសព្វបែបយ៉ាង។
លោកថ្លែងថា៖ «អរគុណសន្តិភាពនេះជាការផ្ដល់តម្លៃខ្ពស់ទៅលើសន្តិភាព ប៉ុន្តែសន្តិភាពដែលមានស្ថិរភាព និងភាពយូរអង្វែង គឺត្រូវយកចិត្តទុកដាក់លើយុត្តិធម៌សង្គមសិទ្ធិរបស់ប្រជាពលរដ្ឋជាមូលដ្ឋានទាំងអស់ហ្នឹង។ កាលណាយើងមានអយុត្តិធម៌សង្គមគម្លាតឆ្ងាយពេករវាងអ្នកមាន និងអ្នកក្រ សន្តិភាពមិនអាចរក្សាបានទេ»។
លោកបន្ថែមថា ជាបទពិសោធជាក់ស្ដែងសង្គ្រាមនៅស្រុកខ្មែរកើតមានឡើងដោយសារតែរឿងអយុត្តិធម៌សង្គម និងគម្លាតរវាងអ្នកមាន និងអ្នកក្រដែលធ្វើឲ្យពួកកុម្មុយនីស្ត និងពួកបដិវត្តន៍យកចំណុចអវិជ្ជមាននៃសង្គមទៅបង្កសង្គ្រាមដូចជានៅសម័យ លន់ នល់ ពួកខ្មែរក្រហមបានប្រើពាក្យស្លោកមួយថា «ចលនាបដិវត្តន៍កំហឹងវណ្ណៈ»។
លោកបន្តថា៖ «ដូច្នេះដើម្បីឲ្យសន្តិភាពមានភាពយូរអង្វែង មិនត្រឹមតែលើកពាក្យស្លោក អរគុណសន្តិភាពប៉ុណ្ណឹងទេ គឺត្រូវពង្រឹងសុខុមាលភាពសង្គមពង្រឹងយុត្តិធម៌សង្គមធ្វើម៉េចឲ្យជីវភាពប្រជាពលរដ្ឋបានសម្បូរសប្បាយប្រសើរជាងហ្នឹងថែមទៀត ហើយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។ អំពើអយុត្តិធម៌សង្គមគួរត្រូវបានដោះស្រាយដោយស្មើភាព ដោយសមភាពចំពោះមុខច្បាប់ ហាមមានស្ដង់ដា ២-៣ សម្រាប់ដោះស្រាយ។ កាលណាមានស្ដង់ដាច្រើន វាធ្វើឲ្យមានភាពអយុត្តិធម៌ហើយ»។
លោក មាស នី អ្នកវិភាគបញ្ហាសង្គមយល់ឃើញថា គណបក្សកាន់អំណាចនិងរដ្ឋាភិបាលហាក់កំពុងមានមោទនភាពជាមួយនឹងការបង្ក្រាបអតីតគណបក្សប្រឆាំងបានជោគជ័យ ដោយមិនមានការប្រឈមនូវអំពើហិង្សា។ ប៉ុន្តែលោកថា សន្តិភាពជាក់ស្ដែងមានន័យទូលំទូលាយជាងការបង្ក្រាបមនុស្សមិនឲ្យរើ មិនឲ្យតវ៉ា គឺសន្តិភាពមួយដែលមានការស្រុះស្រួលគ្នាទាំងផ្លូវចិត្តទាំងផ្លូវកាយ ទាំងផ្លូវនយោបាយផងដែរ។
លោកថ្លែងថា៖ «ប៉ុន្តែបើយើងមើលទៅសន្តិភាពនេះជាសន្តិភាព សម្រាប់អ្នកកាន់អំណាចសម្រាប់គណបក្សប្រជាជន។ ប៉ុន្តែសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទៅនោះ ខ្ញុំយល់ឃើញថា ប្រហែលជាពលរដ្ឋដទៃទៀតមិនទាន់បានវាយតម្លៃសន្តិភាពដូចដែលរដ្ឋាភិបាលបានវាយតម្លៃទេ។ ជាធម្មតាទាំងសន្តិភាព យុត្តិធម៌សង្គម ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺមិនមែនរដ្ឋាភិបាលអ្នកវាស់ទេ គឺពលរដ្ឋអ្នកវាស់។ ដូច្នេះបើពលរដ្ឋវាស់ទៅឃើញមិនទាន់គ្រប់គីឡូដែលគាត់ចង់បានទេ ការអះអាងរបស់រដ្ឋាភិបាលគ្រាន់តែជាប្រជាភិថុតិផ្នែកនយោបាយទេ»៕