ភ្នំពេញ៖ ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏លំបាក​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​នៃ​ការបន្ត​មាននូវ​ការរីក​រាលដាល​នៃ​វីរុស​កូវីដ១៩​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ទៅកាន់​ប្រជាពលរដ្ឋ ជាពិសេស​ផ្សព្វផ្សាយ ពន្យល់​សារ​អប់រំ និង​វិធានការ​បង្ការ​ជំងឺឆ្លង​កូវីដ១៩។

នេះ​ជា​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ក្នុង​សារលិខិត​អបអរ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី ២៨ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះ​ក្រោម​ប្រធានបទ «ផលប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណជន»។

សារលិខិត​នេះ​បាន​លើកឡើង​ថា ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​លើក​ទី ២៨ ឆ្នាំនេះ បាន​លើកយក​ប្រធានបទ​ស្តីពី «ផលប្រយោជន៍​នៃ​ព័ត៌មាន​ចំពោះ​សាធារណជន “ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ និង​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​ដែល​មនុស្ស​ទូទាំង​សកលលោក​បាន​ចាត់ទុក​ថា ព័ត៌មាន​គឺជា​ចំណីអាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ដែល​មិនអាច​ខ្វះ​បាន។

រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ពិភពលោក​ទាំងមូល​បាននិង​កំពុង​ជួបប្រទះ​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លង​ជា​សកល​កូវីដ១៩។ ស្ថិតនៅក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់​នេះ ប្រទេស​ជាច្រើន​បាន​រឹតត្បិត​សេរីភាព​នៃ​ការប្រមូលផ្តុំ និង​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅក្នុង​គ្រាអាសន្ន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ និង​ការពារ​អាយុជីវិត​ប្រជាជន​ឱ្យ​រួចផុត​ពី​សេចក្តី​ស្លាប់។

សារលិខិត​បន្តថា រលក​ទី ៣ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាននិង​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​សុខសាន្ត សុខភាព​សាធារណៈ និង​បាន​ឆក់យក​អាយុជីវិត​ប្រជាជន​កម្ពុជា និង​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជាច្រើន​នាក់ និង​មាន​អ្នក​ផ្ទុកមេរោគ​កូវីដ១៩ គិត​មកដល់​ពេល​នេះ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់។

ទោះបី​ស្ថិត​នៅក្នុង​កាលៈទេសៈ​ដ៏លំបាក​ និង​ប្រឈម​បែបនេះ​ក្តី​ក៏​អ្នកសារព័ត៌មាន​យើង​បាន​ខិតខំ​ស្វែងរក​ព័ត៌មាន​ផ្សព្វផ្សាយ​ជូន សាធារណជន​បាន​រហ័ស​ទាន់​សភាពការណ៍ និង​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នៃ​ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅ​គ្រប់​ដំណាក់កាល​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក។

លោក ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារលិខិត​នេះ​ថា៖ «ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ប្រឈម​នឹង​គ្រោះថ្នាក់​បំពេញការងារ​របស់​ខ្លួន​យ៉ាងសកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​សភាពការណ៍​ពិត​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស»។

លោក​បាន​បន្ថែមថា ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏លំបាក​ និង​ប្រកបដោយ​គ្រោះថ្នាក់​នេះ លោក​ក៏​សូមឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់ព័ត៌មាន​ពិត​ទៅ​កាន់​ប្រជាពលរដ្ឋ ជាពិសេស​ផ្សព្វផ្សាយ ពន្យល់​សារ​អប់រំ និង​វិធាន​ការបង្ការ​ជំងឺឆ្លង​កូវីដ១៩ របស់​ក្រសួងសុខាភិបាល ព្រម​ទាំង​វិធានការ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍ ឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ឱ្យ​បាន​ឆាប់​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ។

លោក​នាយក​រដ្ឋមន្ត្រី​ថា៖ «ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ការខិតខំ​របស់​រាជរដ្ឋាភិបាល​តែម្នាក់ឯង​ពិតជា​មិន​អាច​ទទួលបាន​ជោគជ័យ​ដោយ​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​នោះទេ»។

លោក ហ៊ុន សែន បន្តថា៖ «ហើយ​ខ្ញុំ​សូម​រំឭក​ជាថ្មី​ម្តង​បទៀត​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ​ចៀសវាង គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​បំពាន​ទៅលើ​សិទ្ធិ​បុគ្គល​ឯកជន​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងក្លាយ ញុះញង់​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កើតមាន​ភាពវឹកវរ ចលាចល​នៅក្នុង​សង្គម»។

នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​នេះដែរ លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​សូម​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ ដែល​តែងតែ​ប្រឆាំងនឹង​ការរស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា និង​ជនទុច្ចរិត​ដែល​ស្វែងរក​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព​របស់​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព ដែល​មិន​អាច​អត់ឱន​បាន៕