ភ្នំពេញៈ លោក​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បល់ ចុះ​ដោះ​ស្រាយ​ទំនាស់​ណា​ដែល​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​របស់​តុលា​ការ និង​បាន​ដោះ​ស្រាយ​បញ្ចប់​ដោយ​រដ្ឋាភិ​បាល​រួច​ហើយ​ដោយ​លោក​បាន​បញ្ជា​ឲ្យ​លេខាធិ​ការដ្ឋាន​នៃ​ស្ថា​ប័ន​នេះ​រឹត​បន្តឹង​បន្ថែម​ទៀត​ក្នុង​ការ​ចេញ​លិខិត​បេស​កកម្ម។

ការ​សម្រេច​បែប​នេះបាន​ធ្វើ​ឡើង​នៅក្នុ​ង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ដែល​ដឹកនាំ​ដោយ​លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សុក្រ នាទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​ទីស្តី​ការ​គណៈរ​ដ្ឋមន្ត្រី​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ថា លេខាធិ​ការ​ដ្ឋាន និង​សមា​ជិក​ សមា​ជិកា​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពី​គ្រោះ និង​ផ្តល់​យោ​បល់ ត្រូវ​បំពេញ​ភារ​កិច្ច ដូច​ជា​ខាង​ក្រោម ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ដោះ​ស្រាយ​រាល់​ទំនាស់​ទាំង​ឡាយ​ណា​ដែល​លោក​បាន​ដោះ​ស្រាយ​បញ្ចប់ និង​មាន​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តី​កា​រគណៈ​រដ្ឋ​មន្ត្រី​រួច​ហើយ​នោះ​ទេ។ លោក​បន្ត​ថា ក្នុង​នោះ​ក៏​មិន​អនុ​ញ្ញាត​ឲ្យ​ចុះ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី ឬ​ទំនាស់​ទាំង​ឡាយ​ណា ដែល​កំពុង​ដំណើរ​ការ និង​បាន​ដោះ​ស្រាយ​បញ្ចប់​ដោយ​ស្ថា​ប័ន​តុលា​ការ​ផង​ដែរ​។

លោក​ហ៊ុន​សែន​បាន​បញ្ជាក់​ថា៖​«លេខាធិ​កា​រដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពោ​គ្រោះ​និង​ផ្តល់​យោ​បល់ ត្រូវ​ពិនិត្យ​គោល​ដៅ និង​កម្ម​វត្ថុ​ដែល​សមា​ជិក និង​សមា​ជិកា​នៃ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពោ​គ្រោះ និង​ផ្តល់​យោ​បល់ បម្រុង​ចុះ​ទៅ​ដោះ​ស្រាយ ដោយ​មិន​ត្រូវ​ចេញ​លិខិត​បេស​កម្ម​ជូន​ក្នុង​ករណី​ដូច​បាន​រៀបរាប់​ខាង​លើ​ឡើយ។ ទន្ទឹម​នេះ ក៏​មិនត្រូវ​ប​ញ្ជូន​សំណុំ​រឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល និង​បុគ្គល​ជូន​លោក ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ដែរ»។

លោក ម៉ម សូណង់​ដូ សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បល់​មកពី​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ បាន​លើកឡើង​ពី​ថ្ងៃអាទិត្យថា តួ​នា​ទីរបស់​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោប​ល់ គឺ​ធ្វើ​ទៅតាម​ព្រះរាជ​ក្រឹត្យ ដែល​បានកំណត់​ឲ្យ​តាមដាន ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។ ក៏ប៉ុន្តែ​លោក​ថា បើ​មានការ​រឹត​ត្បឹ​ត​នឹងធ្វើ​ឲ្យ​ការចុះ​បំពេញ​សកម្ម​ភាព​របស់​សមាជិក​នីមួយៗ កាន់​តែ​ចង្អៀត និង​មិន​អាច​ធ្វើអ្វីៗ​ទៅបាន​ដូច​ច្បាប់​កំណ​ត់​។

លោក​បញ្ជាក់ថា៖ «ប្រសិនបើ​ដក​នេះ ដក​នោះ វា​ខុស​កាន់​តែច្រើ​នឡើ​ង​ទៅ​នឹង​ព្រះរាជ​ក្រឹត្យ ដែល​ឲ្យ​សិទ្ធិ​យើង​ច្រើន​ទាក់​ទង​ទៅនឹង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ។ ព្រះរាជក្រឹត្យ​សម្រេច​ឲ្យ​យើង​ធ្វើ ហើយ​សម្តេច​ប្តូរ​កិច្ចការ​ងារ​នេះ​ ក្នុ​ងន័យ​ថា មិន​ឲ្យ​ធ្វើ​នេះ​មិន​ឲ្យ​ធ្វើ​នោះ​ហ្នឹង»។

ប៉ុន្តែ​ដោយ​សារ​ស្ថា​ប័ន​នេះ លោក​នាយក​រ​ដ្ឋ​មន្ត្រី ហ៊ុន សែន ជាអ្នក​បង្កើត ដូច្នេះ លោក ម៉ម សូណង់ដូ មិនមាន​អ្វី​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ​នោះ​ទេ ដោយ​គ្រាន់តែ​បារម្ភ​ថា ករណី​វិ​វាទ​មួយ​ចំនួនដែល​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សាបាន​ទទួល​ពី​ពលរដ្ឋ គឺ​សុទ្ធ​ជា​រឿង​ដែល​មាន​ភាព​មិន​ប្រក្រតី​ពី​ការអនុវ​ត្ត​ច្បាប់ ដូ​ចជា​ក្នុង​ដំណាក់​កាល​នៃ​នីតិវិធី​តុលា​ការ និង​វិវាទ​រវាង​បុគ្គល និង​បុគ្គល ដែល​ភាគ​ច្រើន មា​នការ​លូកដៃពី​មន្ត្រី​រាជ​ការ ហើយប​ង្កឲ្យ​មាន​ភាព​អយុត្តិ​ធម៌។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃអាទិត្យថា ការ​រឹត​ត្បឹ​ត​នៃ​ការបំពេញ​ការងារ​រប​ស់​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ គឺ​បង្ហាញថា ស្ថាប័ន​នេះ កាន់តែ​ផុយ​ស្រួយ និង​មាន​ភាព​ស្រ​ពេច​ស្រពិល។

លោក​ថា ស្ថាប័ននេះ ​មិនបាន​បង្ហាញ​ពី​ការប្រកួត​ប្រ​ជែ​ង​តាម​ច្បាប់ ដែល​បង្ហា​ញថា គណ​បក្ស​ទាំងនោះ គឺជា​សំឡេង​មួយ​ពេញ​លេញ​ដូច​សំឡេង​​ក្នុង​សភា​ដែល​មាន​ប្រ​សិ​ទ្ធិភាព

ទេ ​ហើយ​នៅ​ពេល​មាន​ការ​រឹតត្បឹ​តទៀ​តនោះ​គេកា​ន់តែ​មើល​ឃើញ​ថា ស្ថា​ប័ន​នេះ ​មិន​សូវមា​ន​តម្លៃ។

លោក​បាន​បញ្ជាក់​ថា​៖ «នេះគឺជា​ទម្រ​ង់​មួយ​ ដែល​មិន​ធ្លាប់​មាន​ពីមុនម​ក ប៉ុន្តែ​យើង​មិនដែល​គិតថា ​សំឡេង​ក្នុង​រូបភាព​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះ អាច​ដោះស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​នោះទេ។ គឺជា​អនាគ​ត​ដ៏​ស្រ​ពេចស្រ​ពិល​​មួយ​សម្រាប់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោប​ល់នៅ​ពេល​មានរឿង​បែប​នេះថា​​តើ​សមា​ជិក​ទាំង​អស់​នៅ​បន្តការងារ​នេះ​តទៅ​ទៀត ឬក៏​គេ​មាន​ជម្រើស​អ្វី​ផ្សេង?»៕