តាកែវៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​អំណរគុណ​ប្រទេស​អូស្ត្រាលី ដែល​បាន​ជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​បញ្ជា​ទិញ​ម៉ាស៊ីន​សាបព្រោះ​ស្រូវ​ចំនួន​ ២ ០០០ ​គ្រឿង សម្រាប់​ចែក​ជូន​ដល់​កសិករ​ប្រើប្រាស់​។

លោក​បានបង្ហាញ​ការកោតសរសើរ​នេះ​ធ្វើឡើង​ក្នុង​ពេល​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​ដោយ​មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក Pablo Kang​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​យក​ឱកាស​នេះ​អរគុណ​ចំពោះ​អូស្ត្រាលី តាមរយៈ​ឯកឧត្តម​អគ្គរដ្ឋទូត​។ អូស្ត្រាលី​បាន​ហក់​ចូល​មកជួយ​តាំងពី​ពេល​ដែល​អូស្ត្រាលី​មិនទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​យើង​ជំនាន់​រដ្ឋ​កម្ពុជា​។ តាម​ខ្ញុំ​ចាំ បើ​ខ្ញុំ​មិន​ច្រឡំ​ទេ​តាំងពី​ឆ្នាំ​ ១៩៨៨»​។

លោក​រំឭក​ថា​នៅ​ឆ្នាំ​ ១៩៨៣ អូស្ត្រាលី​បាន​ផ្ដើមគំនិត​ឈប់​ទទួល​ស្គាល់​ខ្មែរក្រហម​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ដែល​ប្រទេស​អូស្ត្រាលី ​ត្រូវបាន​ដឹកនាំ​ដោយ​បក្ស​ពលករ​។ ចាប់ពី​ពេល​នោះ​មក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពី​ប្រទេស​អូស្ត្រាលី​បាន​ចូល​មក​កម្ពុជា​ជា​បន្តបន្ទាប់​។ អូស្ត្រាលី​ក៏បាន​ចូលរួម​ចំណែក​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ CARDI ដែល​បង្កាត់​ពូជស្រូវ​ក៏​មាន​ចំណែក​ចូលរួម​ពី​អូស្ត្រាលី​។

លោក​ថ្លែង​ថា​នៅក្នុង​ឆ្នាំ​ ២០០៦ លោក​បានធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី ចន ហាវើត​។ លោក ចន ហាវើត បាន​នាំ​លោក​ទៅ​មើល​តំបន់​កសិកម្ម​មួយ​ដោយសារ​តែ​អូស្ត្រាលី​ដឹងថា​កម្ពុជា គឺជា​ប្រទេស​កសិកម្ម និង​កំពុង​ស្វែងរក​ជំនួយ​ផ្នែក​កសិកម្ម​។ រាល់​ការចុះហត្ថលេខា​របស់​លោក​ជាមួយ​អូស្ត្រាលី គឺ​ពាក់ព័ន្ធ​នឹង​រឿង​កសិកម្ម​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​តំបន់​នេះ​អូស្ត្រាលី​បាន​ចូល​មក​ក្នុង​កម្មវិធី​គេ​ហៅថា ចង្វាក់​តម្លៃ​នៃ​វិស័យ​កសិកម្ម​របស់​យើង ដោយ​មាន​វិសាលភាព​នៅ​ខេត្តតាកែវ កំពត កំពង់ធំ ព្រៃវែង និង​កណ្ដាល​»​។

លោក​ ហ៊ុន សែន បើក​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ខេត្ត​តាកែវ​ម្សិលមិញ​។ រូបថត SPM

អូស្ត្រាលី​បាន​ជួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ស្រោចស្រព និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស ការផ្ដល់​ពូជ និង​ការនាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​។ លោក​ថ្លែងថា ជំនួយ​ដែល​លោក​សុំ​ពី​បរទេស រួមមាន​ពី​អូស្ត្រាលី ចិន កូរ៉េ ជាដើម​គឺ​ដើម្បី​យក​មក​កសាង​កម្ពុជា​។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក Pablo Kang បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា អូស្ត្រាលី​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​កសិម្ម​នៅ​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​។ កាលពី​សម័យ​សង្គមរាស្ត្រនិយម អូស្ត្រាលី​ក៏​ធ្លាប់​បញ្ជូន​អ្នកជំនាញ​កសិកម្ម​មក​កម្ពុជា​ផងដែរ​។ នៅ​ចុង​ទសវត្សរ៍ ១៩៩០ អូស្ត្រាលី​បាន​ជួយ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​។

លោក​បន្តថា បច្ចុប្បន្ន​នេះ​អូស្ត្រាលី​កំពុង​អនុវត្ត​កម្មវិធី «​ចង្វាក់​តម្លៃ​នៃ​វិស័យ​កសិកម្ម​កម្ពុជា-អូស្ត្រាលី​» ​ហៅ​កាត់​ថា​ CAVAC ពី​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០២០ ​មាន​ទឹកប្រាក់​ ១០០ ​លាន​ដុល្លារ​។ កម្មវិធី​នេះ​ជួយ​ដល់​កសិករ​ក្នុង​ការបង្កើន​ផលិតភាព​ និង​ការប្រកួតប្រជែង​។

CAVAC បាន​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ឆ្នាំ​ ២០១៦ នៅ​ខេត្តព្រៃវែង តាកែវ កណ្ដាល ផ្គត់ផ្គង់​ទឹក​ដល់​គ្រួសារ​ចំនួន​ ១២ ០០០ ​គ្រួសារ គ្របដណ្ដប់​លើ​ផ្ទៃដី​ ៩ ​ពាន់​ហិកតា​។ អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា ហេតុអ្វី​បានជា​អូស្ត្រាលី​ផ្ដោត​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​លោក Pablo Kang បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ក្នុង​នាម​ជា​មិត្ត​ និង​អ្នកជិតខាង​យូរ​មក​ហើយ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី​មាន​គោលបំណង​ការសាង​ភាពធន់​របស់​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​។

នៅក្នុង​ប្រទេស​ទាំង​ ២ កសិកម្ម​គឺជា​សសរស្ដម្ភ​សេដ្ឋកិច្ច​យ៉ាងសំខាន់ ហើយ​យើង​ទាំង​ ២ ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​។ ស្ថិត​លើ​ភាព​ដូចគ្នា​នេះ បទពិសោធ និង​ឯកទេស​របស់​អូស្ត្រាលី​មាន​សារៈសំខាន់​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​»​។

លោក​បន្តថា ខណៈ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ ​១៩​ នេះ​កំពុង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ និង​កាត់ដេរ វា​ជា​រឿង​សំខាន់​ដែល​កម្ពុជា​បន្ត​អភិវឌ្ឍ​ផលិតផល​កសិកម្ម ដែល​អាច​លក់ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ និង​បង្កើន​ចំណូល​ដល់​ប្រទេសជាតិ​។

កាលពី​ម្សិលមិញ​ដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទិញ​ម៉ាស៊ីន​សាបព្រោះ​ស្រូវ​ចំនួន ២០០០ ​គ្រឿង​ដែល​រួមមាន​ខ្នាតធំ ១ ០០០ គ្រឿង​និង ខ្នាតតូច ១ ០០០ គ្រឿង​។ ម៉ាស៊ីន​ទាំង ២ ០០០ គ្រឿង​នេះ​នឹងត្រូវ​ប្រគល់​ឲ្យ​ក្រសួង​កសិកម្ម​ចែកចាយ​ដល់​ពលរដ្ឋ​នៅ​តាម​កន្លែង​ដែល​ត្រូវការ​ប្រើប្រាស់ ហើយ​អ្នកក្រីក្រ​គ្មាន​ដីស្រែ​អាច​យក​ទៅ​ស៊ីឈ្នួល​ដើម្បី​បាន​ប្រាក់ចំណូល​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ដូច្នេះ​ក្នុង​ចំនួន​ ១ ០០០ គ្រឿង​ធុន​ធំ យើង​អាច​ដោះស្រាយ ការងារ​ឲ្យ ១ ០០០ ​ដែល​ខ្វះ​ដីធ្លី ខ្វះ​មុខរបរ​ឲ្យ​គាត់​កាន់កាប់​អាហ្នឹង ថែទាំ​អាហ្នឹង ហើយ​គាត់​ទៅ​ស៊ីឈ្នួល​គេ គាត់​យក​លុយ​។ ចំពោះ​អ្នក​ដែល​ខ្ញុំ​ឲ្យ​ម្នាក់ៗ អានោះ​ខ្ញុំ​ឲ្យ​ទទេ មិន​បាច់​សង ខ្ញុំ​ទេ ឲ្យ​តែ​ប្រឹង​ធ្វើឲ្យ​ល្អ​ទៅ​ខ្ញុំ​អរ​ហើយ​»៕