ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យថៅកែរោងចក្របញ្ឈប់ការប្រើយន្តការបណ្តេញកម្មករចេញពីការងារ ជាអ្វីដែលលោកយល់ថា មិនមែនជាវិធានការល្អក្នុងការដោះស្រាយបញ្ហា ហើយណែនាំឲ្យក្រសួងការងារត្រូវធានាឲ្យបាននូវបញ្ហាទាំងនេះដើម្បីចៀសវាងបាតុភាពមិនល្អ។
លោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ៣៤ នៅខេត្តកណ្តាលកាលពីម្សិលមិញថា៖ «ខ្ញុំអំពាវនាវម្ចាស់រោងចក្រទាំងអស់ កុំប្រើប្រាស់វិធានការទៅលើបញ្ហាការ បណ្តេញចេញ មិនមែនជាមធ្យោបាយទេ នូវការបណ្តេញចេញ។ ការសន្ទនារវាងម្ចាស់រោងចក្រ ជាមួយសហជីពជាមួយតំណាងកម្មករគឺពិតជាវិធីសាស្ត្រដ៏ល្អបំផុត»។
ជាមួយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ដែលបានកើតឡើងនៅប្រទេសបង់ក្លាដែសពីករណីបញ្ឈប់កម្មកររាប់ពាន់នាក់កាលពីថ្មីៗនេះ ដោយលោកថា មិនមែនជាមធ្យោបាយល្អ ខណៈនៅតាមបណ្តារោងចក្រនៅកម្ពុជាក៏ធ្លាប់មានបទពិសោធស្រដៀងគ្នាផងដែរ រហូតលោកឈានទៅធ្វើអន្តរាគមន៍ដើម្បីសុំឲ្យអ្នកត្រូវបានបញ្ឈប់ពីការងារបានចូលធ្វើការងារវិញ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ពីសុខុមាលភាពរបស់កម្មករ។ កម្មករមានសុខភាព ហើយក៏ត្រូវមានការបង្កើនការយកចិត្តទុកដាក់ បង្កើនចំណេះដឹងសម្រាប់កម្មករ ឯកម្មករខ្លួនឯងត្រូវខិតខំបំពេញឲ្យគ្នា។ម្ចាស់រោងចក្រត្រូវយល់ថា យើងមានតែរោងចក្រអត់កម្មករ ខ្លួន មិនមែនជាម្ចាស់រោងចក្រនោះទេ តែខ្លួនគឺគ្រាន់តែជាម្ចាស់ឃ្លាំងប៉ុណ្ណោះ ឯកម្មកររបស់យើង ប្រសិនបើគ្មានរោងចក្រទេ ក៏មិនមានន័យថា ជាកម្មករដែរ»។
លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើកិច្ចការងារនេះជាមួយនឹងកម្មករ ជាមួយនឹងម្ចាស់រោងចក្រ សុំកុំអាលយកវិធានការប្រញាប់ប្រញាល់បញ្ឈប់កម្មករ ត្រូវខិតខំធ្វើយ៉ាងម៉េចសម្របសម្រួលឲ្យពួកគេទទួលបានការងារធ្វើ ហើយចាត់ទុកថា នេះមិនមែនជាកំហុសធ្ងន់ធ្ងរដែលជាប្រភេទព្រហ្មទណ្ឌនោះទេ។
លោកបន្តថា ប្រសិនបើកំហុសព្រហ្មទណ្ឌ គឺតុលាការ គេនឹងចាត់វិធានការលើបញ្ហានោះ ប៉ុន្តែក្នុងវិវាទការងារ មិនគួរឈានដល់ការបណ្តេញចេញនូវអ្នកធ្វើការ ប៉ុន្តែវិធានការសន្ទនា និងអប់រំ គឺជាវិធានការចាំបាច់។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ ស្របពេលដែលមានកម្មករតាមរោងចក្រមួយចំនួននៅកម្ពុជា ត្រូវបានបញ្ឈប់ពីការងារជាបន្តបន្ទាប់ ក្រោមហេតុផលផ្សេងៗគ្នា ក្នុងនោះក៏មានកម្មករជាង ១ ០០០ នាក់ ក្នុងរោងចក្រ W&D រាជធានីភ្នំពេញត្រូវបានម្ចាស់រោងចក្របញ្ឈប់ពីការងារផងដែរ ក្រោយពួកគេទាមទារឲ្យថៅកែទូទាត់ប្រាក់អតីតភាពការងារ ខណៈបច្ចុប្បន្នកម្មករមួយចំនួន នៅបន្តតវ៉ា ដែលគិតមកទល់ពេលនេះគឺជិត ៣ ខែហើយ។
អ្នកស្រី ស្រី នាង ជាកម្មករម្នាក់ក្នុងចំណោមកម្មករជាង ១ ០០០ នាក់ដែលត្រូវបានរោងចក្រ W&D បញ្ឈប់ពីការងារ និងកំពុងបន្តការតវ៉ា សង្ឃឹមថា អ្នកស្រីនឹងទទួលបានដំណោះស្រាយ និងបានចូលធ្វើការវិញក្នុងពេលឆាប់ៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានអះអាងយ៉ាងដូច្នេះ។
អ្នកស្រីបន្តថា ពេលនេះអ្នកស្រីជួបការលំបាកយ៉ាងខ្លាំងព្រោះតាំងពីរោងចក្របញ្ឈប់ពីការងារមក គឺមានការខ្វះខាត ព្រោះគ្មានចំណូលណាមួយ ចំណូលបានមកពីស្វាមីគឺត្រូវចំណាយលើផ្ទះជួល និងការសិក្សាកូន ស្ទើរតែមិនគ្រប់។
អ្នកស្រីបញ្ជាក់ថា៖ «បើគាត់ប្រកាសអ៊ឹចឹងហើយឲ្យមានលទ្ធផលមក ព្រោះខ្ញុំមិនទាន់មានឃើញអីផងនៅតែអ៊ីចឹង អត់មានអ្នកណាមកដោះស្រាយឲ្យពួកខ្ញុំទេ។ ខ្ញុំចង់មានការងារធ្វើវិញ ខ្ញុំចង់ឲ្យគាត់ជួយឲ្យឆាប់ៗមក ខ្ញុំដេក (អត់ការងារធ្វើ) ឡើង ២ ខែមកហើយ ដឹងស្រាប់ហើយ ខ្ញុំអត់លុយអត់កាក់ទេ»។
នៅពេលទាក់ទងសុំអត្ថាធិប្បាយកាលពីម្សិលមិញ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានលើកទូរស័ព្ទទេ។ ចំណែកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅថា GMAC មិនអាចទាក់ទងបានទេ ខណៈលោក ខេន លូ អគ្គលេខាធិការ GMAC បានបដិសេធការអត្ថាធិប្បាយ ដោយអះអាងថា កំពុងជាប់ប្រជុំ។
ទោះជាយ៉ាងណាក្ដី លោក សោម អូន ប្រធានសហជីពជាតិកម្ពុជាបានគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ ខណៈលោកសង្កេតឃើញថា កន្លងមក មានការបញ្ឈប់កម្មករជាបន្តបន្ទាប់ ក្រោមហេតុផលខុសៗគ្នា ជាពិសេសនោះ គឺហេតុផលមានលក្ខណៈរើសអើងទៅដល់កម្មករ។ លោកបានបន្តថា បើមានការការពារពីលោកនាយករដ្ឋមន្ត្រី ក្នុងការរារាំងការបញ្ឈប់កម្មករពីការងារនោះ វានឹងមានភាពល្អប្រសើរដល់កម្មករ កម្មការិនីកម្ពុជា។
លោកបញ្ជាក់ថា៖ «កន្លងមកយើងទទួលស្គាល់ថា និយោជកមួយចំនួនក៏មិនទាន់ល្អដែរ ដោយនៅមានការរើសអើងសហជីព ការបញ្ឈប់សហជីព ដូចជា ការបញ្ឈប់កម្មករជាដើម ដែលយើងមើលទៅវាមិនស្របតាមនីតិវិធីច្បាប់។ អ៊ឹចឹងនៅពេលដែលមានការអំពាវនាវពីនាយករដ្ឋមន្ត្រី ខ្ញុំគិតថា គឺជាសារ ១ ដែលជំរុញឲ្យនិយោជក ឬថៅកែ គាត់យកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាយើង»៕