ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឱ្យ​រួម​គ្នា ដើម្បី​បិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភះ ដែល​ជា​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ ១៩ ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

លោក​បាន​ថ្លែង​ថា៖ «សូម​អង្វរករ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ខិតខំ​ឡើង​រួម​គ្នា ដើម្បី​បញ្ចប់​នូវ​ព្រឹត្តិការណ៍​ដ៏​គ្រោះ​ថ្នាក់។ យើង​កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​មរណៈ​ហើយ ប្រសិន​បើ​យើង​មិន​ប្រឹង​រួម​គ្នា យើង​នឹង​ឈាន​ទៅ​រក​មរណៈ​ពិត​ប្រាកដ។ ដូច្នេះ​វិធី​តែ​មួយ​គត់ គឺ​រួមដៃ​គ្នា​ទាំង​រដ្ឋ និង​ប្រជាជន»។

ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​មាន​រយៈពេល​ជិត ២ ខែ​ទៅ​ហើយ​នោះ មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅ​ឡើយ​នោះ​ទេ ហើយ​ការ​រីក​រាលដាល​កាន់​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា ក្នុង​ព្រឹត្តិការណ៍​នេះ មាន​មនុស្ស​សរុប ៤ ៣៣៧ នាក់​ហើយ បាន​ឆ្លង​កូវីដ​ ១៩ ហើយ​មនុស្ស​រហូត​ដល់​ទៅ ៣៦ នាក់​បាន​ស្លាប់​បាត់​បង់ជីវិត គិត​ត្រឹម​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១។

នៅ​យប់​ថ្ងៃទី ១៤ ខែ​មេសា ដដែល​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១៤ ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ​យប់​មិញ​ទៅ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

វិធានការ​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ និង​បិទ​អាជីវកម្ម​នានា​ផង​ដែរ។ ទោះបី​យ៉ាង​ណា វិធានការ​បាន​អនុញ្ញាត​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាំបាច់​ដូច​ជា​ការ​ទៅ​មន្ទីរពេទ្យ និង​ការ​ទិញ​ម្ហូប​អាហារ​ជាដើម។ ដោយ​ឡែក​អាជីវកម្ម​ចាំបាច់​មួយ​ចំនួន​ក៏​ត្រូវ​បាន​រក្សា​ទុក​ផង​ដែរ ជាពិសេស​អាជីវកម្ម​ពាក់ព័ន្ធ​ការ​លក់ដូរ ឬ​ផ្គត់ផ្គង់​ស្បៀង​អាហារ។

លោក ហ៊ុន សែន ថ្លែង​ថា៖ "គោល​បំណង​នៃ​ការ​បិទ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ហើយ​ការ​បិទ​នេះ​ក៏​មិនមែន​ជា​ដំណើរការ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់ ឬ​រង​ទុក​លំបាក​នោះ​ដែរ"។

លោក​ថ្លែង​ថា ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​លក់​ម្ហូប​អាហារ ឬ​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ការ​ធ្វើ​ដំណើរ​ដោយ​គោល​បំណង​នេះ​អាច​ធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាង​ច្រើន ២ នាក់ ក្នុង​ផ្ទះ ឬ​ទីស្នាក់នៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ និង​នៅ​ជិត​បំផុត​កន្លែង​ស្នាក់នៅ​ដោយ​យក​តាម​អត្តសញ្ញាណបណ្ណ ឬ​បណ្ណ​សម្គាល់។ ការ​ធ្វើ​ដំណើរ​ទៅ​ពេទ្យ មណ្ឌលសុខភាព កន្លែង​ព្យាបាល ឱសថស្ថាន ឬ​មូលហេតុ​បន្ទាន់​នៅ​ភូមិសាស្រ្ត​បិទ​ខ្ទប់​ក៏​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ "យើង​មិន​បិទ​ខ្ទប់​សម្លាប់​ប្រជាពលរដ្ឋ​នោះ​ទេ បងប្អូន​នឹង​មិន​ដាច់​បាយ និង​ខ្វះ​ស្បៀង​នោះ​ទេ"៕