ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​កំណត់​យក​កាលបរិច្ឆេទ​ថ្ងៃទី​ ២៥-២៦ ​ខែវិច្ឆិកា​ ឆ្នាំនេះ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

យោងតាម​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៧ ខែឧសភា បាន​បញ្ជាក់ថា​៖ «​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឯកភាព​កំណត់​យក​កាលបរិច្ឆេទ​ថ្មី​គឺ​ថ្ងៃទី​ ២៥-២៦ ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​១៣ (ASE-M13)»​។

បើតាម​លិខិត​ចុះហត្ថលេខា​ដោយ​លោក​ លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​ជា​អនុប្រធាន​ប្រចាំការ គណៈកម្មាធិការ​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ (ASEM) កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ចុង​ឆ្នាំនេះ​នឹង​បន្ត​សកម្មភាព​ការងារ​របស់ខ្លួន ដើម្បីឱ្យ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅបាន​រលូន និង​ជោគជ័យ​។

លោក លុយ ដាវីត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រុមការងារ​នៃ​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ កំពុង​បន្ត​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ ដើម្បីឱ្យ​កិច្ចប្រជុំ​អាច​ដំណើរការ​ទៅ​បានជា​លក្ខណៈ​ប្រជុំ​ទល់មុខ (physical)​។

លោក​ថ្លែងថា​៖ «​ចាប់ពីពេលនេះ​ទៅ យើង​ត្រៀមលក្ខណៈ​រៀបចំ​កិច្ចប្រជុំ​នេះ ជា​ការប្រជុំ​ទល់មុខ (physical)​។ អ៊ីចឹង​បាន​កិច្ចប្រជុំ​នេះ​ត្រូវបាន​លើក​ពេល​ ២ ​ដង​រួចមកហើយ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​កិច្ចប្រជុំ​ដ៏ធំ​នេះ​រៀបចំ​ដោយ​ការប្រជុំ​ទល់មុខ​គ្នា​បាន​។ ប៉ុន្ដែ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​កូវីដ​ ១៩ បើ​ពេល​ទៅមុខ​តទៅ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​មិន​អនុញ្ញាត​ឱ្យ​យើង​រៀបចំ​បាន​នោះ​គឺ​យើង​មាន​ជម្រើស​រៀបចំ​កិច្ចប្រជុំ​នេះ​ផ្សេង​ដែរ​»​។

កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ លើក​ទី​១៣ នៅ​ខែឧសភា​ឬ​ខែមិថុនា នា​ពាក់កណ្ដាល​ឆ្នាំ​ ២០២១ ​នេះ​ បន្ទាប់ពី​ធ្លាប់បាន​លើក​ពេល​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

បើតាម​លោក ដាវីត កម្ពុជា​បានក្លាយ​ជា​សមាជិក ASEM កាល​ឆ្នាំ​ ២០០៤ ​និង​ត្រូវ​បានផ្តល់​សេចក្តីទុកចិត្ត​ឱ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​ ១៣ ​នេះ​។ កិច្ចប្រជុំ​នេះ​នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ចំនួន​ ៥១ រួមនឹង​ស្ថាប័ន​ចំនួន​ ២ គឺ​សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​សរុប​មាន​ចំនួន ៥៣ ដែលជា​ដៃគូ ASEM ដែល​ចូលរួម​។

លោក​ឱ្យដឹងថា ដើម្បី​រៀបចំ​កិច្ចប្រជុំ​នេះ កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់ ក្នុង​នោះបាន​សាងសង់​មជ្ឈមណ្ឌល OCIC ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​សាងសង់​រួចរាល់​៕