ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល ឯកភាព​លើ​លទ្ធផល​របស់​ក្រុម​ការងារ​អន្តរក្រសួង​ចំពោះ​ការចុះ​ស្រាវជ្រាវ​ករណី​កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​នៅ​មិនទាន់​ចេញប្រកាស​ឲ្យ​អនុវត្ដ​ជា​ផ្លូវការ​នៅឡើយ ក្រោយពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ស្នើសុំ​បញ្ចប់​មុខតំណែង​មន្ត្រី​មួយ​ចំនួន​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​ ២០ កញ្ញា​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុម​ការងារ​អន្តរក្រសួង​បាន​បំពេញ​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់​រាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់ ការពារ​ធម្មជាតិ ស្ថិត​ក្នុង​ខេត្ដ​មណ្ឌលគិរី ប្រកប​ដោយ​តម្លាភាព សុចរិតភាព និង​មាន​ភ័ស្ថុតាង​។

លោក​ថ្លែងថា​៖ «​យើង​មាន​គោលការណ៍​អស់ហើយ​។ ប៉ុន្ដែ​នៅពេល​ណា​យើង​មិនទាន់​ទទួល​បាន​ការអនុវត្ដ​ប្រកាស​ឲ្យ​ធ្វើ យើង​ក៏​មិន​អាច​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បានដែរ​។ វា​មិនមែន​ជា​ការលាក់កំបាំង​អី​ទេ​»​។

លោក​ សុភ័គ ​បញ្ជាក់​ថា​៖ «​យើង​មាន​រួចហើយ​អ្វីៗ​ដែល​សម្ដេច​នាយករដ្ឋមន្ដ្រី​ [​ហ៊ុន សែន​] ​ចាត់តាំង​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​នោះ​គឺ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។ យើង​បាន​រាយការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​លោក​ក៏បាន​ឯកភាព​តាម​អ្វី​ដែល​ក្រុម​ការងារ​អន្តរក្រសួង​បាន​ធ្វើ​»​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ថ្ងៃ​ទី​ ២២ កក្កដា បាន​ចេញ​សេចក្តី​សម្រេច​ស្តីពី​ «​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ដើម្បី​ចុះសិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី​»​។ សេចក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​នេះ​លោក ស ខេង បាន​យោង​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ចុះ​កាលពី​ថ្ងៃទី​​ ៨ កក្កដា​ ២០២០​។

តាម​សេចក្ដី​សម្រេច​នេះ​លោក ស ខេង បាន​ចាត់តាំង​ឲ្យ​លោក​អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ធ្វើជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់រាន ទន្ទ្រាន កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​ខេត្ត​មណ្ឌលគិរី​។

លោក ស ខេង កាលពី​ថ្ងៃទី​ ៣០ ខែ​សីហា បាន​ដាក់​លិខិត​ទៅ​លោក​ ហ៊ុន សែន ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​លទ្ធផល​របស់​ក្រុម​ការងារ​អន្តរក្រសួង​ចំពោះ​ការចុះ​សិក្សា​ស្រាវជ្រាវ​ករណី​កាប់រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​បាន​ស្នើសុំ​សម្រួល​ភារកិច្ច​អភិបាលខេត្ដ​មណ្ឌលគិរី និង​បញ្ចប់​មុខតំណែង​មន្ដ្រី​ចំនួន​ ៩ ​រូប​ទៀត​។

លិខិត​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍​ក្រុម​ការងារ​ស្រាវជ្រាវ អង្គប្រជុំ​យល់ឃើញ​ថា ឯកឧត្ដម ស្វាយ សំអ៊ាង ពុំមាន​កំហុស​ធ្ងន់ធ្ងរ​ដូច​ការចោទ​ប្រកាន់​នោះទេ ហើយ​សូម​គោរព​ស្នើសុំ​សម្ដេច​ [​ហ៊ុន សែន​] ​រក្សាទុក ឯកឧត្ដម ស្វាយ សំអ៊ាង ជា​អភិបាល​ខេត្ដ​ដដែល ហើយ​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​តាម​សិទ្ធិអំណាច​ដែល​បានប្រគល់​ឲ្យ​បាន​ត្រឹមត្រូវ​»​។

លិខិត​ដដែល​បញ្ជាក់ថា ចំពោះ​ករណី​សំណើសុំ​បញ្ចប់​តំណែង​លោក ណយ ស្រូន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ ៨ អង្គប្រជុំ​យល់ឃើញ​ថា លោក​ ណយ ស្រូន បាន​ប្រើប្រាស់​តួនាទី អំណាច និង​ឥទ្ធិពល​របស់ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា ធ្វើការ​ណែនាំ​ដល់​មន្ដ្រី​មូលដ្ឋាន​ឲ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ដែល​ពុំ​ស្របច្បាប់​។

លិខិត​បន្ថែម​ថា​៖ «​លើ​មូលដ្ឋាន​នេះ អង្គប្រជុំ​គោរព​ស្នើសុំ​សម្ដេច​វិបុល​សេនាភក្ដី សាយ ឈុំ [​ប្រធាន​ព្រឹទ្ធសភា​] ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឯកឧត្ដម​ ណយ ស្រូន​»​។

លិខិត​របស់​លោក ស ខេង បង្ហាញ​ថា​លោក​ ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុក កោះញែក លោក​ សុក សេរ៉ា នាយករង​រដ្ឋបាល​ខេត្ដ​មណ្ឌលគិរី​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ស្នើសុំ​សម្រួល​ភារកិច្ច​ដោយ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ​វិញ​។ ឯ លោក​ សៀក មុន្នី អភិបាលស្រុក​អូររាំង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​បំពេញ​តួនាទី​ភារកិច្ច​ត្រឹមត្រូវ​តាម​ច្បាប់​។

ក្រៅពីនេះ លោក​ ពឿប ពេ មេឃុំ​ស្រែព្រះ​នៃ​ស្រុក​កែវសីមា លោកស្រី​ ថ្វាន់ ត្រែល មេឃុំ​សែនមនោរម្យ​នៃ​ស្រុក​អូររាំង និង​លោក​ ប៊ុត សំអ៊ែល មេឃុំ​ស្រែខ្ទុម​នៃ​ស្រុក​កែវសីមា ត្រូវបាន​ក្រសួង​មហាផ្ទៃ​ស្នើសុំ​ដាក់​ទណ្ឌកម្ម​វិន័យ​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។

បើ​យោង​តាម​លិខិត​នេះ​ក្រៅពី​មន្ដ្រី​ខាងលើ​ក៏​នៅ​មាន​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ត្រូវបាន​ស្នើសុំ​ទៅ​លោក ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេច​ផងដែរ​។

លោក​ សុក សេរ៉ា នាយករង​រដ្ឋបាល​សាលា​ខេត្ដ​មណ្ឌលគិរី​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​សប្ដាហ៍​មុន​ថា​៖ «​ខ្ញុំ​ប្ដូរ​មក​ក្រសួង​មហាផ្ទៃ​វិញ​ហើយ ព្រោះតែ​បញ្ហា​មួយចំនួន​»​។

លោក​ គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ទទូច​ឲ្យ​មាន​ការផ្លាស់ប្ដូរ​មន្ដ្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ខេត្ដ​មណ្ឌលគិរី​។

លោក​ថា​៖ «​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ការទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ខេត្ដ​មណ្ឌលគិរី​នេះ​មិនអាច​កើតឡើង​ដោយ​គ្មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ដ​នោះទេ​។ បើកាលណា​យើង​ទុក​មន្ដ្រី​ដែល​មាន​ទម្លាប់​ប្រព្រឹត្ត​បែបនេះ ពួកគេ​នៅតែ​បន្តធ្វើ​ថែម​ទៀត​មិនអាច​កែ​ទម្លាប់​បាន​ទេ​។ ដូច្នេះ​មាន​តែ​ការផ្លាស់ប្ដូរ​ទើប​អាច​ថែរក្សា​ព្រៃឈើ​»៕​និង​ធនធានធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី​»៕

វីដេអូ៖