ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​បាន​ឯកភាព​ឱ្យ​លោក ​សៅ​ សុខា ​អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចារ​ឈ្មោះ​ក្រុម​ឧក្រិដ្ឋជន​ព្រៃ​ឈើ​នៅ​លើ​ផ្ទាំង​សិលា​ ជា​អ្វី​ដែល​មន្ត្រី​អះអាង​ថា ​គឺ​ដើម្បី​ទុក​ភ័ស្ដុតាង​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ពី​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​ព្រៃ​ឈើ​នា​ពេល​បច្ចុប្បន្ន​។

កាល​ពី​ថ្ងៃទី ​២០ ​ខែ សីហា​ឆ្នាំ​នេះ លោក ​ហ៊ុន សែន បាន​ចារ​ឯកភាព​លើ​លិខិត​ស្នើសុំ​ចំនួន ​៥ ​ចំណុច​ ក្នុង​ចំណោម​ទាំង ​៦ ​ចំណុច​ របស់​លោក​ សៅ សុខា ដើម្បី​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​បទ​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ទទួល​បាន​ជោគជ័យ​យូរ​អង្វែង​ ក្នុង​នោះ​មាន​ចំណុច​មួយ​គឺ ​លោក​ ហ៊ុន​សែន​ បាន​យល់​ព្រម​ឱ្យ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃ​ឈើ​នៅ​លើ​ផ្ទាំង​ថ្ម។ ​នេះ​បើ​តាម​លិខិត​មួយ​ដែល​មាន​​ចុះ​ហត្ថលេខា​ដោយ​លោក ​សៅ​ សុខា​។

លិខិត​ស្នើសុំ​នោះ​ បញ្ជាក់​ថា ​«(ត្រង់​ចំណុច​ទី៦​) ដើម្បី​ឃោសនា អប់រំ​ និង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​របស់​រាជរដ្ឋាភិបាល​ព្រម​ទាំង​បង្ការ ​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ ស្នើសុំ​ចារឹក​ឈ្មោះ​ឧក្រិដ្ឋជន​នៅ​លើ​ផ្ទាំង​សិលា​ដាក់​តាំង​នៅ​កន្លែង​គំនរ​រថយន្ត​ដែល​ជា​មធ្យោបាយ​បំផ្លាញ​ព្រៃ​ឈើ»​។

លោក ​អេង ហ៊ី មន្ត្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ​ការ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្ម​នេះ គឺ​​ដើម្បី​អប់រំ​ដល់​ក្មេង​ជំនាន់​ក្រោយ​កុំ​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ព្រៃ​ឈើ​។ លោក​ថា៖ ​«ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ការពារ ​និង​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ»​។

ប៉ុន្តែ​លោក​បន្ត​ថា​ ការ​ចារ​ឈ្មោះ​អ្នក​បំផ្លាញ​ព្រៃ​ឈើ​នេះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​ទេ។

ការ​យល់​ព្រម​ឱ្យ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃ​ឈើ​លើ​ផ្ទាំង​ថ្ម​ពី​សំណាក់ លោក ​ហ៊ុន ​សែន​ នេះ ​គឺ​បន្ទាប់​ពី​លោក ​សៅ សុខា បាន​ដឹកនាំ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​អស់​ពេល ​១ ​ខែ​កន្លះ​មក​នេះ ​បាន​រក​ឃើញ​មាន​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​។

នៅ​ក្នុង​ប្រតិបត្តិការ​ជា​ថ្មី​នេះ ​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​​សួរ​មាន​ទាំង​ជនជាតិ​វៀតណាម ​ចិន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ហើយ​មួយ​ចំនួន​ទៀត​ជា​ឧកញ៉ា ដូច​ជា ឧកញ៉ា ស្រ៊ុន ម៉េងលាង, ឧកញ៉ា តុប វីដា និង​ឧកញ៉ា វន់ ប៊ុនថៃ ខណៈ​ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា គង់ ​គ្រឹង​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។

លោក​ ប៉ែន​ ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ខាង​សិទ្ធិ​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក​បាន​ថ្លែង​ថា ប្រសិន​បើ​ប្រតិបត្តិការ​​រក​ឃើញ​មនុស្ស​តែ ​៤ ​ឬ ​១០ ​នាក់​ ហើយ​ចារ​ឈ្មោះ​ពួក​គេ​​លើ​ផ្ទាំង​ថ្ម​រឿង​បំផ្លាញ​ព្រៃ​ឈើ​នោះ ​គឺ​នាំ​តែ​ខ្មាស​ក្មេង​ជំនាន់​ក្រោយ​ទៅ​វិញ​ទេ​។

លោក​បន្ត​ថា ​បទល្មើស​ព្រៃ​ឈើ​គឺ​បាន​ប្រ​ព្រឹត្តជា​ប្រព័ន្ធ​ដោយសារ​​អំពើ​ពុក​រលួយ​ ហើយ​អ្នក​ត្រូវ​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​ព្រៃ​ឈើ​គឺ​មាន​ច្រើន​ជាង​នេះ។​

លោក​ថា៖​ «អ្នក​ពាក់ព័ន្ធ​ និង​មន្ត្រី​ស៊ី​សំណូក​ក៏​មាន​មិន​តិច​ដែរ ហើយ​ត្រូវ​ស៊ើប​ពី​ឆ្នាំ ​២០០៤ ​មក​វិញ ពី​ព្រោះ​អាជ្ញាយុកាល​ នៃ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ព្រៃ​ឈើ​មិនទាន់​ផុត​ទេ​ក្នុង​រង្វង់ ​១៥ ឆ្នាំ»។ នៅ​ក្នុង​លិខិត​ដដែល លោក​ ហ៊ុន​ សែន ក៏​បាន​ឯកភាព​ឱ្យ​លោក ​សៅ សុខា មោឃភាព​និង​លុប​ចោល​លិខិត​បើក​ផ្លូវ​ដឹក​ជញ្ជូន​ផល ​និង​អនុផល​ព្រៃ​ឈើ​ចេញ​ពី​ដី​សម្បទាន ​និង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ផល ​និង​អនុ​ផល​ព្រៃ​ឈើ​​ទាំង​អស់​ផង​ដែរ ប៉ុន្តែ​បាន​ឱ្យ​រៀបចំ​ចេញ​លិខិត​អនុញ្ញាត​ជា​ថ្មី ​ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​។

បន្ថែម​ពី​នេះ​លោក​ ហ៊ុន ​សែន បាន​ឯកភាព​ឱ្យ​ក្រសួង​ស្ថាប័ន​ជំនាញ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​សិទ្ធិ​ពី​ក្រុមហ៊ុន​ដែល​មិន​គោរព​ច្បាប់​កិច្ច​សន្យា ​និង​កិច្ច​ព្រមព្រៀង ​និង​ឯកភាព​ឱ្យ​បង្កក​ទ្រព្យ​​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​បន្ថែម​ពី​កា​រផ្ដន្ទាទោស​ និង​ពិន័យ​ជា​ទឹក​ប្រាក់​។

ចំពោះ​លោក ​ឈើយ ឧត្តមរស្មី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ថ្លែង​ថា ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ លោក សៅ សុខា មិន​ចាំបាច់​ស្នើសុំ​ចំណុច​ច្រើន​យ៉ាង​នេះ​ទេ ​ប៉ុន្តែ​គួរ​អនុវត្ត​ឱ្យ​បាន​នូវ ​៤ ​ចំណុច​ដូច​ជា​ បញ្ឈប់​ផ្ដល់​លិខិត​ស្នាម ​និង​អាជ្ញាប័ណ្ណ​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស ការ​អនុវត្ត​ច្បាប់​ បិទ​រោងចក្រ​ និង​សិប្បកម្ម​អារ ​និង​កែច្នៃ​ឈើ បញ្ឈប់​ផ្ដល់​ដី​សម្បទាន​ឱ្យ​ជន​បរទេស ​និង​ការ​បិទ​ច្រក​ព្រំដែន​សំខាន់ៗ​ក្នុង​ខេត្ត​រតនៈគិរី​ ក្រចេះ ​និង​ខេត្ត​ត្បូងឃ្មុំ ដែល​នាំ​ឈើ​ទៅ​ប្រទេស ​វៀតណាម​៕