ភ្នំពេញ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ធ្វើ​ការ​ពិចារណា​ទៅ​ដល់​ការ​ពន្យារ​បន្ថែម​ទៅ​ដល់​ការ​បន្ត​ការ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ស្តីពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ក្នុង​ករណី​ដែល​ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​តែ​បន្ត​កើន​ឡើង។

លោក​បាន​ថ្លែង​ក្នុង​សារ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១០ ខែ​មេសា នេះ ដោយ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​បន្ត​ការ​ត្រួត​ពិនិត្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ព្រោះ​មាន​ព័ត៌មាន​ថា​មនុស្ស​ដេក​ក្នុង​ទំនិញ ក្នុង​ករណី​ចាប់​បាន​ត្រូវ​ផ្តន្ទាទោស ល្មើស​នឹង​បទប្បញ្ញត្តិ​មិន​អាច​លើកលែង​បាន​ទេ តែ​សុំ​មាន​ការ​ពិនិត្យ​យោគយល់​ទៅ​លើ​ភាព​ចាំបាច់​ខ្លាំង​របស់​ពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ពិនិត្យ​មើល​បើ​សិន​ជា​ជំងឺ​ឆ្លង​នេះ​មិន​ស្រាកស្រាន្ត បទ​បញ្ជា​សេចក្តី​សម្រេច​ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដែល​ផុត​សុពលភាព​ថ្ងៃទី ២០ ខែ​មេសា ខ្ញុំ​នឹង​ពិចារណា​ជាក់​ស្តែង​ពន្យារ​ថែម​ទៀត បើ​មិន​ចឹង​ទេ​នឹង​កក្រើក​ឡើង​វិញ ហើយ​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​ផុត​សុពលភាព​ករណី​នេះ អាច​នឹង​ស្រាកស្រាន្ត​បាន​នោះ​ទេ»។

លោក​ ហ៊ុន សែន បាន​បន្ត​ថា មិន​អាច​កសាង​ច្បាប់​ហើយ​ទុក​ឱ្យ​នៅ​ដដែល​ទេ ហើយ​កុំ​ថា​ការ​បង្កើត​ច្បាប់​គ្រាន់​តែ​គំរាម៕