ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វ៉ាក់សាំង ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ។

តាម​រយៈសារ​ជា​សំឡេង​របស់​លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «ជូន​ចំពោះ​ក្រុម​ការងារ​វ៉ាក់សាំង ខ្ញុំ​បាន​ទទួលព័​ត៌មាន​ពី​បង ម៉ម ប៊ុនហេង ថា​វ៉ាក់សាំង​នឹង​មក​ដល់​ថ្ងៃទី ០៧ គឺ​ថ្ងៃ​អាទិត្យ​នេះ ហើយ​ដូច​ការ​ប្រកាស​របស់​ខ្ញុំ​កន្លង​ទៅ គឺ​ខ្ញុំ​បាន​បញ្ជាក់​ថា ពេល​វ៉ាក់សាំង​មក​ដល់​ខ្ញុំ​នឹង​ទៅ​ទទួល»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង​នៅ​ឯ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​ផងដែរ។

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់ពី​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ ទី​០៣ ខែ​កុម្ភៈ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា ថា វ៉ាក់សាំង​កូវីដ ១៩ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​ផ្តល់​ជូន​ដល់​ប្រទេស​កម្ពុជា​ដំបូង​ចំនួន ៦០ ម៉ឺន​ដូស​នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន មក​កាន់​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន​ បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឈ្មោះ ស៊ីណូហ្វាម ចំនួន ១ លាន​ដូស ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ វ៉ាក់​សាំង ៦០ ម៉ឺន​ដូស​នឹង​ត្រូវ​បញ្ជូន​មក​ដល់​មុន​គេ ហើយ​ក្រោយ​ទៀត​នឹង​ត្រូវ​បញ្ជូន​ជា​បន្ត​បន្ទាប់៕