កំពង់ស្ពឺ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានច្រានចោលសំណើរសាង់សង់ព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺ ដោយសារតែលោកមិនយល់ស្របជាមួយនឹងគំនិតនេះ។ នេះបើយោងតាមអភិបាលខេត្តកំពង់ស្ពឺ។
លោកនាយករដ្ឋមន្រ្តីបានសម្រេចយ៉ាងដូច្នេះក្នុងកិច្ចប្រជុំមួយ ជាមួយនិងក្រុមមន្រ្តីខេត្តកាលពីម្សិលមិញ។ លោក វៃ សំណាង អភិបាលខេត្តបានឲ្យដឹងថា លោកបានលើកឡើងពីសំណើរ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Vinci Airport ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធដោយបានលើកហេតុផលថា ភូមិសាស្រ្តសំបូរទៅដោយភ្នំរបស់ខេត្តកំពង់ស្ពឺ នឹងបង្កជាការលំបាកក្នុងការចុះចតរបស់យន្តហោះ។
លោក វៃ សំណាង និយាយថា៖«សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកដែលបានសិក្សាពីគម្រោងធ្វើព្រលានយន្តហោះនេះសិក្សាមិនត្រូវទេ។ ដូច្នេះ ពុំមានគម្រោងសាងសង់ព្រលានយន្តហោះឡើយនៅពេលឥឡូវនេះ»។
ខណៈរដ្ឋាភិបាលពុំទាន់បានដឹងពីគម្រោងនេះ លោក សំណាង បានឲ្យដឹងថា ក្រុមហ៊ុន Vinci Airports បានជួបប្រជុំជាមួយនិងអាជ្ញាធរខេត្តកាលពីខែ មិថុនា ពីការទុកសំណើរនេះសិន ហើយទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុននេះក៏កំពុងតែសម្លឹងមើលទៅខេត្ត ៥ ទៀតដើម្បីរកទីតាំងសង់ព្រលានយន្តហោះ។
លោកនិយាយថា៖ «ខ្ញុំគ្រាន់តែចង់ឲ្យខេត្តល្បីល្បាញ។ ដូច្នេះហើយបានជាខ្ញុំចង់ឲ្យមានព្រលានយន្តហោះមួយនៅទីនេះ»។
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលភាគហ៊ុនភាគច្រើនជារបស់ក្រុមហ៊ុន Vinci បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ដោយគ្រាន់តែនិយាយថា «បញ្ហានេះកំពុងតែត្រូវបានដោះស្រាយ»៕ TN