កំពង់ឆ្នាំង: ​នា​យក​ស្ថានី​យ​វិទ្យុ​រិ​ទ្ធិ​សែន​ លោក សុខ ឧ​ត្ត​ម កាល​ពី​ម្សិល​មិញ​បាន​ចូល​ទៅ​បំភ្លឺ​នៅ​សា​លា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង ​បន្ទាប់​ពី​មាន​ដីកា​កោះ​កាល​ពី​ថ្ងៃទី​ ៣ ខែ​ មេសា ​ឆ្នាំ​នេះ​ តាម​បណ្ដឹង​របស់​លោក លន់ ឡ​ន​ មេការ​ក្រុម​ហ៊ុន​ឧកញ៉ា សុខ ប៊ុន ​ដោយ​ចោទ​ពីបទ «ញុះ​ញង់​ និង​បរិហារ​កេរ្ដិ៍​ជា​សា​ធា​រណៈ» រឿង​ផ្សព្វ​ផ្សាយ​​ពីទំ​នាស់​ដីធ្លី​​នៅ​ស្រុក​រលាប្អៀរ​ កាល​ពី​ដើមខែ​មេសា​ឆ្នាំនេះ ប៉ុន្ដែ​តុលា​ការ​មិន​បាន​ឃាត់​ខ្លួន​ទេ ។

លោក សុខ ឧ​ត្ត​ម ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា លោក ឡុង ស៊ីថា ព្រះ​រាជ​អាជ្ញារង​នៃ​សា​លា​ដំបូ​ង​ខេត្ត​កំព​ង់ឆ្នាំងបា​នអ​នុ​ញ្ញា​ត​ឲ្យ​លោក​ត្រឡប់​ម​ក​គេហ​ដ្ឋាន​វិញ​ បន្ទាប់ពី​សា​​កសួរ​​ជាង ២ ម៉ោ​ង​ នៅ​ថ្ងៃ​ទី​ ៦ សីហា​ ជុំវិញ​បណ្ដឹង​របស់​លោក លន់ ឡ​ន មេការ​ក្រុម​ហ៊ុន​ឧក​ញ៉ា សុខ ប៊ុន។

លោក​បន្ត​ថា ការប្ដឹង​នេះ បន្ទាប់ពី​លោក​បាន​ចុះ​យក​ព័ត៌​មាន​រឿង​ទំនាស់​ដីធ្លី​ ១ កន្លែង​រវាង​ក្រុមហ៊ុន​ឧកញ៉ា សុខ ប៊ុន ដែ​ល​​លោក​ថា ​មាន​ចេតនា​ប្លន់​យកដី​ពលរដ្ឋ​ស្ថិត​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង។

នៅ​ថ្ងៃទី ១ មេ​សា ឆ្នាំ ២០១៩ នោះ លោកបាន​ផ្សាយ​ថា៖ «ក្រុម​ហ៊ុន​លោក​ឧកញ៉ា សុខ ប៊ុន កំពុង​មានបំណង​ប្លន់យក​ដី​ប្រជា​រាស្ត្រ ដោ​យ​​មិន​មាន​ការ​ដោះ​ស្រាយ​សំណង​ឲ្យ​បាន​សម​រម្យ​ជូន​ពួក​គាត់»​។

លោក​ថា៖ «តុលា​ការ​ឲ្យ​ខ្ញុំ​ស្រាវ​ជ្រាវ​រក​ឯក​សារ​បន្ថែម​ទៀតដើ​ម្បី​ដោះ​បន្ទុក ហើយ​នៅ​ខែ​ក្រោយ​នេះ តុលា​ការ​នឹង​កោះ​ហៅ​ខ្ញុំ​ទៅ​សួរ​ម្ដង​ទៀត​។ ឥឡូវ​នេះ ខ្ញុំ​កំពុង​ពិភា​ក្សា​ជាមួ​យ​មេធាវី​ខ្ញុំ​រក​ឯក​សារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត»​។

លោក ឈួន ស៊ី​វិ​ន អ្នក​នាំ​ពាក្យ​សា​លា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ទទួល​ព័ត៌​មាន​នេះ​ហើយ ដោយ​លោក ឡុង ស៊ីថា ព្រះ​រាជ​អា​ជ្ញារង​នៃ​សា​លាដំ​បូង​ខេត្ត​កំពង់​ឆ្នាំង ជា​អ្នក​សួរ​លោក សុខ ឧ​ត្ត​ម ស្ដីពី​​ការ​ញុះ​ញង់​ព​លរដ្ឋ​ឲ្យ​មក​តវ៉ា​ជា​មួយ​ក្រុម​ហ៊ុន និង​បរិហារ​កេរ្ដិ៍​ក្រុម​ហ៊ុន​ជា​សា​ធារ​ណៈ។​

លោក​បញ្ជាក់​ថា៖ «នៅ​ព្រឹក​ថ្ងៃទី ៦ សីហា ​នេះ លោក ឡុង ស៊ីថា ព្រះ​រា​ជអាជ្ញា​រងជា​អ្នក​សាក​សួរ​ផ្ទាល់ ហើយ​ពេល​ចង់​អស់ហើយ ក៏​អនុ​ញ្ញាត​ឲ្យ​លោក សុខ ឧ​ត្ត​ម ត្រឡប់​ផ្ទះ​វិញ គឺ​អត់​មាន​ឃាត់​គាត់​ទេ ប៉ុន្ដែ​ខ្ញុំ​មិន​ទាន់​ដឹង​ពី​នីតិវិធី​សាក​សួរ​ជុំវិញ​រឿង​ហ្នឹង​ទេ»​។

លោក ម៉ម ឈឿ​ម ប្រ​ធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំពង់​ឆ្នាំង ​បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌​មាន​នេះ ប៉ុន្ដែ​មិន​បាន​ទៅ​តាម​ដាន​​សាច់​រឿង​ច្បាស់​លាស់ទេ «ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ច្បាស់​ទេ ប៉ុន្ដែ​ស្ថា​នីយ​វិទ្យុ​រិ​ទ្ធិ​សែន​របស់លោក សុខ ឧ​ត្ត​ម គាត់​បាន​សុំ​ច្បាប់​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ»​។

ចំណែក លោក ឈៀង វណ្ណៈ អនុ​ប្រធាន​មន្ទីរ​ព័ត៌មា​ន​ ខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​ថា លោក​បាន​ទៅ​ស៊ើប​អង្កេត​ដល់​តុ​លា​ការ​ខេត្ត​នោះ ​តែ​មិន​ឃើញ​មាន​ការ​គំរាម​កំហែង​ឬ​ចាប់​ខ្លួន​លោក សុខ ឧ​ត្ត​ម ទេ។ ពេល​សាក​សួរ​រួច​តុលា​ការ​បាន​ក៏​អនុ​ញ្ញាត​ឲ្យ​លោក​សុខ​ឧត្តម​ត្រឡប់​មក​ផ្ទះ​វិញ​។

លោក​ថា៖​ «គេ​ប្ដឹង​គាត់ រឿង​គាត់​ចុះ​យក​ព័ត៌​មាន​ពី​បញ្ហា​ទំនាស់​ដីធ្លី​នៅស្រុក​រលា​ប្អៀរ ប៉ុន្ដែ​សាច់​រឿង​លម្អិត​ខ្ញុំ​ដឹង​មិន​ច្បាស់​ទេ។ ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​តុលា​ការ​គ្រាន់​តែ​ហៅ​សួរ​នាំ​តិច​តួច​ទេ»។​

លោក​ លន់​ ឡន​ មេកា​រ​ក្រុម​ហ៊ុន​ឧកញ៉ា សុខ ប៊ុន ជាដើម​បណ្ដឹង​​មិ​នអា​ច​ស្វែង​រក​ប្រភ​ពដើម្បី​បញ្ជាក់​ជុំវិញ​សំណុំ​រឿង​នេះ​​ទេកាល​ពី​ម្សិល​មិញ​​។ប៉ុន្ដែ​តាម​សា​រព័ត៌​មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា មេការ​របស់​ឧកញ៉ា សុខ ប៊ុន បាន​ប្តឹង​ទាម​ទារ​ប្រាក់​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​អា​មេរិក ប្ដឹង​ទាម​ទារ​ឃាត់​ខ្លួន ​ឬ​ឃុំ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ និង​សុំ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​។

លោក សំ ច័ន្ទគា មន្ត្រី​សម្រប​សម្រួល​​នៃ​សមា​គម​ការ​ពារ​សិ​ទ្ធិ​មនុ​ស្សអាដ​ហុក (ADHOC) ប្រចាំ​ខេត្ត​កំព​ង់ឆ្នាំង ​និង​ពោធិ៍​សាត់ បាន​ថ្លែង​ថា ចំណាត់​ការ​របស់​តុលា​ការ​នេះគឺ​បាន​រំលោភ​លើច្បាប់​ស្ដីពីរបប​សារ​ព័ត៌មា​ន។ តុលា​ការគួរ​បង្គាប់​ឲ្យ​ភាគី​ដើម​បណ្ដឹង​សរសេរ​លិខិត ឬ​ស្នើ​ឲ្យ​ភាគី​សារ​ព័ត៌​មាន​កែតម្រូ​វឬ​រក​ភ័ស្ដុ​តាង​បន្ថែម​ ប្រសិន​បើ​អ្នក​សារ​ព័​ត៌មា​ន​នោះ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​មែន។​

លោក​ថា៖ «មុន​ប្ដឹងទៅ​តុលា​ការ ភាគី​ដើម​បណ្ដឹង គួរ​សរសេរ​លិខិត ឬ​ស្នើសុំ​កែ​តម្រូវ​ព័ត៌​មាន ប្រសិន​បើ​គាត់​គិត​ថា មិន​សុខ​ចិត្ត ឬ​ខុស​កន្លែង​ណា​មួយ ហើយ​បើ​អាច ភាគី​ដើម​បណ្ដឹង​ត្រូវ​ចេញ​មុខ​បក​ស្រាយ ​មិន​គួរ​ប្ដឹង​អ្នក​សារ​ព័ត៌​មា​ន​​ទៅ​តុលា​ការ​អ៊ីចឹង​ទេ ព្រោះ​ពួក​គាត់​គ្រាន់​តែ​ជា​អ្នក​នាំ​សារ​ប៉ុណ្ណោះ»​។

លោក​បានបន្ថែម​ថា ពលរដ្ឋ​នៅ​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់​ឆ្នាំងពិតជា​មាន​ទំនាស់​ដីធ្លី​ប្រា​កដ​មែន ហើ​យ​​គណៈ​កម្មការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ​ក៏​បាន​ចុះ​ទៅ​ដោះ​ស្រាយ​ដែរ ប៉ុន្ដែ​លោក​មិន​ទាន់​បាន​ទទួ​ល​ដំណឹ​ង​​អ្វី​បន្ថែម​ទៀត​ទេ​។

ទោះ​យ៉ាង​ណា​ លោក សុខ ឧ​ត្ត​ម ដែល​ចុះ​ទៅ​យក​ព័ត៌​មាន​ផ្ទាល់​ទី​នោះ​បាន​ថ្លែង​ថា ​លោក​បាន​ផ្សព្វ​ផ្សាយ​ដោយ​ឡាយ​វី​ដេអូ​ផ្ទាល់ នៅពេល​ពលរដ្ឋ​ជួប​ជុំគ្នា​នៅលើ​ដី​មាន​ទំ​នា​ស់​ ​នោះ ។

ពលរដ្ឋ​បាន​លើកឡើង​ថា ក្រុមហ៊ុន​លោក​ឧកញ៉ា​ សុ​ខ ប៊ុន ​ដែលមាន​លោក លន់ ឡន ជា​មេ​ការ​​បាន​រំលោភ​បំពាន​លើ​ដី​របស់​ពួក​គាត់​ចំនួន​ ៣០ គ្រួសារ និងបាន​ឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ ​ជិត​ ២​ ពាន់​ហិក​តា​ទៀត​ផង​​៕