ឧត្តរមានជ័យ៖ មាន​មនុស្ស ២ នាក់ ​បាន​រងរបួស​ធ្ងន់ ​និង​ស្រាល នៅ​ពេល​​ដែល​គ្រឿងចក្រ​កាយដី​ប៉ះ​ចំ​គ្រាប់​មីនតោន បណ្តាល​ឱ្យ​ផ្ទុះ​កាល​ពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​ភូមិ​លំទង​ចាស់ ឃុំ​លំទង ស្រុក​អន្លង់វែង។

លោក ជា ច័ន្ទតារា នាយ​នគរបាល​ប៉ុស្តិ៍​លំទង​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​ឈ្មោះ ស៊ុម គង់ អាយុ ៤២ ឆ្នាំ ជា​នាយក​សាលា​បឋមសិក្សា​លំទង មាន​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ បាន​ជួល​អ្នក​បើកបរ​គ្រឿងចក្រ​អេស្ការវាទ័រ​ម្នាក់​ឈ្មោះ លេខ ឡៃ អាយុ ១៦ ឆ្នាំ ឱ្យ​ជីក​កាយ​ប្រឡាយ​ព័ទ្ធ​ជុំវិញ​ដីចម្ការ​របស់​គាត់។ ការ​ជីក​កាយ​ប្រឡាយ​ព័ទ្ធ​ជុំវិញ​ដី​ចម្ការ​នោះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ២ ថ្ងៃ​មក​ហើយ។ លុះ​ដល់​ព្រលប់​ថ្ងៃទី ១៣ ម្ចាស់​ចម្ការ​បាន​ប្រាប់​ឱ្យ​អ្នក​បើក​គ្រឿងចក្រ​កាយ​ដី​មាត់​អូរ​ទ្រព្យ ​ដើម្បី​នាំ​ទឹក​ចូល​ទៅ​ក្នុង​ប្រឡាយ​របស់​គាត់​ទុក​ស្រោចស្រព​ដំណាំ។

លោក ច័ន្ទតារា បញ្ជាក់​ថា៖ «ខណៈ​គ្រឿងចក្រ​កំពុង​រំកិល​ខ្លួន ចូល​ទៅ​កាយ​ដី​នៅ​មាត់​អូរ​នោះ ក៏​កិន​ចំ​លើ​គ្រាប់​មីនតោន បណ្ដាល​ឱ្យ​ផ្ទុះ​ឡើង ប៉ើង​ដាច់​ច្រវាក់​អេស្កាវ៉ាទ័រ និង​បង្ក​ឱ្យ​លោក ស៊ុម គង់ ដែល​ឈរ​មើល​នៅ​ក្បែរ​គ្រឿងចក្រ​នោះ​រង​របួស​ធ្ងន់ ដោយ​ត្រូវ​ចំ ក ​ផ្នែក​ខាងឆ្វេង ចំ​ដៃ​ឆ្វេង និង​ពោះ។ ចំណែក​អ្នក​បើក​អេស្កាវ៉ាទ័រ​រងរបួស​ស្រាល ចំ​ជើង​ខាង​ស្ដាំ»។

ក្រោយ​កើត​ហេតុ ជនរងគ្រោះ​ត្រូវ​បាន​សាច់​ញាតិ​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង ដើម្បី​ព្យាបាល​របួស។ បច្ចុប្បន្ន ជន​រងគ្រោះ​ទាំង ២ នាក់ ​បាន​ឆ្លង​ផុតពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ ដោយសារ​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​វះកាត់​យក​បំណែក​គ្រាប់​មីន​ចេញ​ពី​ខ្លួន​របស់​ពួក​គេ​អស់​ហើយ។

កាល​ពី​ម្សិលមិញ លោក ទាវ ទុយ ប្រធាន​ក្រុម​ប្រជា​ការពារ​ភូមិ​លំទង​ចាស់ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ថា ភូមិ​លំទង​ចាស់ គឺ​ជា​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​ជួរ​មុខ រវាង​កងទ័ព​រដ្ឋាភិបាល និង​កងទ័ព​ព្រៃ​ខ្មែរ​ក្រហម។ ក្រោយ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​សមរភូមិ​ប្រយុទ្ធ​នេះ ក៏​ក្លាយ​ជា​ដីព្រៃ​ចម្ការ​មីន​ផង​ដែរ។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​ដោះមីន​មក​ពី​បណ្ដា​អង្គភាព​ជា​ច្រើន​បាន​ធ្វើ​ការ​បោស​សម្អាត​ម្ដង​រួច​មក​ហើយ មុន​ពេល​ដីព្រៃ​ក្នុង​តំបន់​នេះ ត្រូវ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ និង​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត។

លោក​ថ្លែង​ថា ដោយសារ​តំបន់​នេះ​ជា​អតីត​សមរភូមិ​ប្រយុទ្ធ ដូច្នេះ​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ត្រូវ​បាន​គេ​កប់ និង​លាក់​ទុក​ចោល​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង។ លោក​ថា៖ «ដោយ​គ្មាន​ផែនទី ​និង​របាយការណ៍​ព័ត៌មាន​ជា​ក់លាក់ ស្ដីពី​ទីតាំង​នៃ​គ្រាប់​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​នោះ​ទើប​ធ្វើ​ឱ្យ​ក្រុម​អ្នក​បោស​សម្អាត​មីន មិន​អាច​បោស​សម្អាត​គ្រាប់​ទាំង​នេះ​អស់»។

លោក​បាន​បន្ត​ថា ការ​ពើប​ប្រទះ​ករណី​ផ្ទុះ​មីន​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​ធ្វើ​ការ​គាស់​កាយ​ដី​បង្ក​បង្កើន​ផល​ឱ្យ​អស់​ពី​លទ្ធភាព៕