ភ្នំពេញៈ នាយកអង្គការជនពិការកម្ពុជាអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ជាពិសេសគណបក្សជាប់ឆ្នោតគិតគូរពីគោលនយោបាយផ្ដល់ប្រយោជន៍ដល់ជនពិការដើម្បីទាក់ទាញសន្លឹកឆ្នោតពីពួកគាត់ហើយលោកបានស្នើឱ្យ គជប ផ្តល់ទិន្នន័យជនពិការដែលបានចុះឈ្មោះ និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀត។
ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំបណ្តាអង្គការជនពិការថ្នាក់ជាតិប្រចាំឆ្នាំនៅរាជធានីភ្នំពេញកាលពីម្សិលមិញដោយមានជនពិការប្រមាណ ៧០ នាក់ចូលរួមចែករំលែកបទពិសោធស្តីពីការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ចំណេះដឹងព័ត៌មាន និងអ្នកពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលជាដៃគូអភិវឌ្ឍន៍។
នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន ថ្លែងថាគណបក្សគួរងាកមកគិតគូរពីគោលនយោបាយដែលអាចទាក់ទាញសន្លឹកឆ្នោតពីជនពិការ។
លោកថា៖ «ធ្វើយ៉ាងម៉េចសុំឱ្យគណបក្សនយោបាយទាំងអស់សន្យាថានៅពេលជាប់ឆ្នោតគាត់ត្រូវតែមានគោលនយោបាយសមស្រប ឬបន្តអនុវត្តច្បាប់ដើម្បីធានាឱ្យសិទ្ធិជនពិការអ៊ីចឹងខ្ញុំជឿជាក់ថាគណបក្សនោះនឹងអាចទាក់ទាញសំឡេងឆ្នោតពីបងប្អូនជនពិការបានច្រើនប្រសិនបើ...មិនបានយកចិត្តទុកដាក់ទេមានន័យថាគាត់កំពុងបំភ្លេចចោលសំឡេងជនពិការ និងបំភេ្លចសំឡេងឆ្នោតរបស់ខ្លួនផងដែរ»។
លោកក៏បានស្នើឱ្យ គជប បង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការជនពិការដើម្បីអាចសម្រួលដល់ជនពិការក្នុងការចុះឈ្មោះ ឬទៅបោះឆ្នោត។
លោកថា៖ «ជាពិសេស គជប គួរពិចារណាកែច្បាប់បោះឆ្នោតមួយចំនួនដែលមានការរើសអើងដល់ជនពិការដើម្បីធ្វើយ៉ាងម៉េចឱ្យបងប្អូនជនពិការបានចូលរួមបោះឆ្នោត ឬ គជប អាចមានទិន្នន័យពិតប្រាកដទាក់ទងជនពិការ»។
លោកថា៖ «ទិន្នន័យនៅតែជាក្តីកង្វល់ដែល គជប មិនទាន់ផ្តល់ឱ្យព្រោះបើយើងដឹងទិន្នន័យច្បាស់លាស់នៅក្នុងស្ថានីយមួយវាងាយស្រួលដល់យើងក្នុងការជួយពួកគាត់ឧទាហរណ៍ស្ថានីយ «ក» មានជនពិការជិះរទេះប៉ុន្មាននាក់ ពិការភ្នែក ថ្លង់ ពិការដៃប៉ុន្មានអ៊ីចឹងយើងអាចរៀបចំឧបករណ៍ជួយពួកគាត់»។
អគ្គលេខាធិការរង គជប លោក សោម សូរីដា ថា គជប នឹងខិតខំបន្ថែមទៀតដើម្បីបង្កភាពងាយស្រួលដល់ជនពិការ។
លោកថា៖ «បច្ចុប្បន្នជនពិការមានអាទិភាពពិសេសជាងពលរដ្ឋធម្មតាគឺ គជប យកចិត្តទុកដាក់ជាពិសេសគឺជនពិការទទួលបានអាទិភាពទីមួយអនុញ្ញាតឱ្យចុះឈ្មោះបោះឆ្នោតមុនគេតែសង់ជម្រាលអាស្រ័យលើថវិកាដែល គជប មាន អ៊ីចឹងកន្លែងណាមានជនពិការ គជប ស្នើសុំឱ្យអាជ្ញាធរ និងក្រុមការងារបោះឆ្នោតបង្កភាពងាយស្រួលដល់គាត់»។
បើតាមលោក សោម សូរីដា ជនពិការដៃម្ខាង និងសងខាងមានចំនួន ៨៥០២ នាក់ប៉ុន្តែអ្នកពិការភ្នែក ថ្លង់ គ មិនទាន់មានទិន្នន័យនៅឡើយទេ។ លោកយល់ស្របថាគណបក្សនយោបាយគួរគិតពីផលប្រយោជន៍ជនពិការ។
លោកថា៖ «ព្រោះសំឡេងរបស់ជនពិការក៏ជាសំឡេងមួយបូកជាមួយចំនួនសំឡេងឆ្នោតដែលគណបក្សនីមួយៗទទួលយកបាន និងបំពេញអាសនៈដែលអាចទទួលបានអ៊ីចឹងបើមានការយកចិត្តទុកដាក់លើជនពិការបក្សនោះនឹងកើនសំឡេងឆ្នោត»។
រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ចអតីតយុវជនលោក សែម សុខា សង្កេតឃើញថាជនពិការបានទៅចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុនខណៈលោកថា គជប លើកនេះរៀបចំបានប្រសើរ។
លោកថា៖ «ខ្ញុំគិតថា...មានការសំណូមរបស់អង្គការ CDPO គឺ គជប រៀបចំការបោះឆ្នោតបានល្អមានការសម្រួលច្រើនអ៊ីចឹងខ្ញុំគិតថាជនពិការបានទៅចុះឈ្មោះបោះឆ្នោតច្រើនជាអាណត្ដិមុន»។ បើតាមលោក សែម សុខា ជនពិការទូទាំងប្រទេសមាន ៥០ ម៉ឺននាក់នៅឆ្នាំ ២០១៤។
អ្នកនាង សៀង សុខច័ន្ទ អាយុ ៣៤ ឆ្នាំដែលពិការជើងទាំងពីររស់នៅខេត្តបាត់ដំបងដែលបានទៅចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី ២៥ ខែតុលា ថ្លែងថាបញ្ហាប្រឈមរបស់គាត់គឺសាលាឃុំពុំមានជម្រាលសម្រាប់ជនពិការ និងបង្កាន់ផងដែរ។
អ្នកនាងថា៖ «សាលាឃុំពិបាកធ្វើដំណើរដោយសារអត់មានជម្រាលឯកាំជណ្តើរចង់ ២០ កាំហើយនៅប៉ុស្តិ៍ប៉ូលិសគឺមានជង្ហុកច្រើនហើយកន្លែងខ្លះចាក់បេតុងខ្ពស់អត់មានបង្កាន់ដៃតោងទេ»។
ទោះយ៉ាងណាអ្នកនាងថាមន្ត្រី គជប និងអាជ្ញាធរដែនដីបានសម្រួលដល់អ្នកនាងច្រើននៅពេលទៅចុះឈ្មោះបោះឆ្នោតខណៈអ្នកនាងអំពាវនាវបន្ថែមទៅលើការសាងសង់ជម្រាលបង្កាន់ដៃ ឬដាក់ហឹបឆ្នោតឱ្យទាបបន្ថិចសម្រាប់ជនពិការ៕