ភ្នំពេញ៖ នាយក​អង្គការ​សុខភាព​ពិភព​ លោក WHO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លោក Takeshi Kasai បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ចូលរួម​ចែក​រំលែក​នូវ​ក្ដី​ព្រួយ​បារម្ភជាមួយ​កម្ពុជា​អំពី​ស្ថានភាព​នៃ​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៃ​ជំងឺ​កូវីដ ១៩ និង​បាន​ប្តេជ្ញា​ចិត្ត​ឈរ​នៅ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ផង​ដែរ។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី ៩ មេសា លោក Takeshi Kasai បាន​លើក​ឡើង​ថា អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ប្រទេស​ជា​ច្រើន​បាន​ប្រឈម​នឹង​ពេលវេលា​ដ៏​លំបាក ដូច​នេះ​ហើយ​មាន​តែ​ការ​ដឹកនាំ​ និង​លទ្ធភាព​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​លំបាក​នោះ​ទេ ដែល​បាន​ផ្តល់​ជា​មគ្គុទ្ទេស​ក៍​ដល់​ប្រទេស​ទាំង​នោះ​ឱ្យ​ឆ្លង​ផុត​ពេលវេលា​ដ៏​លំបាក​ទាំង​នោះ​បាន។

លោក​បន្ត​ថា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វប្បធម៌​ខ្មែរ ដែល​ជា​ឱកាស​មួយ​នាំ​ឱ្យ​គ្រួសារ​បាន​ជួប​ជុំ​គ្នា​ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ឆ្នាំ​ចាស់ ដែល​បាន​កន្លង​ផុត​ទៅ ក៏​ដូច​ជា​អបអរ​ក្តី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​សម្រាប់​ឆ្នាំ​ថ្មី​ខាង​មុខ។

លោក Takeshi Kasai ថ្លែង​ថា៖ «ទោះជា​យ៉ាង​ណា​ក៏​ដោយ​ដូច​ដែល​យើង​បាន​ឃើញ​កើត​ឡើង​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត ការ​ប្រារព្ធ​ពិធី​បែប​នេះ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​វីរុស នៅ​ទូទាំង​ប្រទេស។ ហានិភ័យ គឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត នៅ​ពេល​ដែល​មាន​វត្តមាន និង​ការ​ចរាចរ​របស់​វីរុស​បំប្លែង​ថ្មី B.1.1.7»។

បើ​តាម​លោក Takeshi Kasai អង្គការ​សុខភាព​ពិភព​លោក​បាន​កោត​សរសើរ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្អែក​លើ​ការ​វាយ​តម្លៃ​អំពី​ហានិភ័យ​ក្នុង​ការ​រឹត​បន្ដឹង​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​រាជធានី-ខេត្ត។ នោះ​គឺ​ជា​វិធានការ​គន្លឹះ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ និង​ការពារ​ប្រទេស​កម្ពុជា។ វិធានការ​មួយ​នេះ រួម​ជាមួយ​នឹង​វិធានការ​សុខភាព​សាធារណៈ​ដទៃ​ទៀត នឹង​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ ជាពិសេស​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ទាំង​នេះ​មិនមែន​ជា​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ងាយ​ស្រួល​នោះ​ទេ​។ ជា​ធម្មតា​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក​រួម​ទាំង​នៅ​កម្ពុជា​ផង គឺ​តែងតែ​នឿយណាយនឹ​ងការ​រឹត​បន្ដឹង​នានា»។

លោក Takeshi Kasai សម្តែង​ការ​ស្តាយ​ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ដែល​នឹង​បន្ត​ហួស​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទៅ​ទៀត។ ជា​ការ​ពិត​ប្រហែល​ជា​អាច​មាន​សេចក្តី​សម្រេច​ចិត្ត​ដ៏​លំបាក​ជា​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត ដើម្បី​បញ្ឈប់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩ នេះ ប្រកប​ដោយ​ប្រសិទ្ធភាព។ កម្ពុជា​មិន​ប្រឈម​នឹង​ការ​លំបាក​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ អង្គការ​សុខភាព​ពិភព​លោក​ឈរ​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ ហើយ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​គោល​នយោបាយ បច្ចេកទេស និង ប្រតិបត្តិការ​ដល់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា។

ជា​ការ​ឆ្លើយ​តប​នឹង​លោក Takeshi Kasai នៅ​ថ្ងៃទី ១២ មេសា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​លិខិត​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​ការ​លើក​ទឹក​ចិត្ត​ពី​តំណាង​អង្គការ WHO នេះ​ផង​ដែរ។

នៅ​ក្នុង​សារ​លិខិត​ឆ្លើយ​តប​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ និង​ត្រូវ​បាន​លើក​ទឹក​ចិត្ត ដោយ​បាន​ទទួលសារ​លិខិត​របស់​លោក​វេជ្ជបណ្ឌិត ចុះ​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២១ ដែល​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩»។

លោក​បាន​បន្ត​ថា៖ «ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​រួច​ផុត​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ឆ្នាំ​នេះ យើង​ខ្ញុំ​មិន​មាន​ភ័ព្វ​សំណាង​ណាស់​នោះ​ទេ ដោយ​បច្ចុប្បន្ន​នេះ យើង​ខ្ញុំ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នាំចូល​ប្រភេទ​ថ្មី​ក្នុង​សហគមន៍ ដែល​ជា​អកុសល​បាន​ធ្វើ​ឱ្យ​ចំនួន​នៃ​ការ​បាត់បង់​អាយុ​ជីវិត​មនុស្ស​មាន​ការ​កើន​ឡើង»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា នៅ​ចំពោះ​មុខ​គ្រោះអាសន្ន​ដ៏​ធ្ងន់ធ្ងរ​នៃ​សុខភាព​សាធារណៈ នា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​យក​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​ការ​បិទ​តំបន់​ដែល​ទទួល​រង​ផល​ប៉ះពាល់ និង​ដាក់​វិធានការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ដ៏​តឹងរ៉ឹង រួម​ជាមួយ​នឹង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ។

លោក​បាន​បន្ថែម​ថា៖ «វិធានការ​អស់​ទាំង​នេះ​មាន​ភាព​ចាំបាច់​ក្នុង​ការ​ធានា​សង្គ្រោះ​ជីវិត សុវត្ថិភាព​សុខភាព​សាធារណៈ សុខុមាលភាព​របស់​ប្រជាជន និង​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​នៃ​ជីវិត​រស់នៅ​ឱ្យ​បាន​ឆាប់។ កម្ពុជា គឺ​ជា​ប្រទេស​ដែល​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ពហុភាគី​និយម ហើយ​យើង​ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​តួនាទី​ឈាន​មុខ​របស់​អង្គការ​សុខភាព​ពិភព​លោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជា​សកល​នាពេលបច្ចុប្បន្ន​នេះ"។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ជំនួយ​ដ៏​មាន​តម្លៃ​ដែល​ផ្តល់​ដោយ WHO ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ដ៏​លំបាក​នេះ៕