The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋ​មន្ត្រី​ចង់​ឲ្យ​មាន​បណ្ណាល័យ​នៅ​គ្រប់​ពន្ធនាគារ

នាយក​រដ្ឋ​មន្ត្រី​ចង់​ឲ្យ​មាន​បណ្ណាល័យ​នៅ​គ្រប់​ពន្ធនាគារ

នាយក​រដ្ឋ​មន្ត្រី​ចង់​ឲ្យ​មាន​បណ្ណាល័យ​នៅ​គ្រប់​ពន្ធនាគារ

120926_05a
អ្នកទោសនៅក្នុងពន្ធនាគារមួយ កាលពីពេលកន្លងមក ហេង ជីវ័ន

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន ថ្លែងថា បើ​អាច​ធ្វើ​ទៅ​បាន គួរ​តែ​មាន​បណ្ណាល័យ នៅ​គ្រប់​ពន្ធនាគារ​ទាំង​អស់​ នៅ​ទូទាំង​ប្រទេស ដើម្បី​បង្កើន​ចំណេះ​ដឹង​ដល់​អ្នក​ទោស ខណៈ​ដែល​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​សាងសង់​បណ្ណាល័យ​រួច​ហើយ នៅ​តាម​ពន្ធនាគារ​មួយ​ចំនួន និង​កំពុង​បន្ត​សាង​សង់ នៅ​តាម​ពន្ធនាគារ​ផ្សេង​ទៀត​។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​កាល​ពី​ម្សិលមិញ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​នៅ​កោះ​ពេជ្រ​ថា វា​ជា​រឿង​មួយ​ល្អ​ ប្រសិន​បើ​មាន​ការ​រៀបចំ​ឲ្យ​មាន​បណ្ណាល័យ ​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​ឲ្យ​អ្នក​ទោស បាន​អាន និង​ទទួល​នូវ​ចំណេះ​ដឹង​ផ្សេងៗ​បន្ថែម​ទៀត ពីព្រោះ​បើ​ទោះ​បី​ជា​ពួក​គេ​ ជា​អ្នក​ទោស​ក៏​ដោយ ​ក៏​ពួក​គេ​អាច​អាន​ដូច​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ផង​ដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖«ទោះ​បី​ពួក​គេ​ជា​អ្នក​ទោស ប៉ុន្តែ​ពួក​គេ​បាន​អាន​ បាន​យល់​ បាន​ដឹង​ នៅ​ពេល​ដែល​ពួក​គេ​រួច​ពី​ទោស ​គេ​ក៏​បាន​ទទួល​ចំណេះ​ដឹង​នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ពន្ធនាគារ​»។

លោក កុយ ប៊ុនសន ​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ពី​​ថ្ងៃ​ម្សិលមិញ​ថា នាយកដ្ឋាន​របស់​លោក​បាន​សហការ​ ជាមួយ​អង្គការ​ស៊ីប៉ា (SIPAR) ដើម្បី​បង្កើត​បណ្ណាល័យ សម្រាប់​តម្កល់​សៀវភៅ​ទុក​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​ប្រហែល ១០ កន្លែង​ ហើយ​ពួក​គេ គ្រោង​នឹង​បង្កើត​បណ្ណាល័យ នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​ថែម​ទៀត។ លោក​បាន​បន្ត​ថា៖«​បណ្ណាល័យ​ គឺ​មិន​ត្រឹម​តែ​សម្រាប់​ពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​វា​មាន​សារៈសំខាន់​ផង​ដែរ​ ចំពោះ​អ្នក​ទោស ដែល​អាច​ឲ្យ​ពួក​គេ​អាន​ និង​ស្រូប​យក​ចំណេះ​ដឹង ពី​អ្វី​ដែល​ពួក​គេ​ចង់​ដឹង នៅ​ពេល​ពួក​គេ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ»។

បើ​តាម លោក កុយ ប៊ុនសន បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​អ្នក​ទោស​សរុប ចំនួន ១៥ ០០០ នាក់ និង​មាន​ពន្ធនាគារ​ចំនួន ២៧ កន្លែង នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន ២៣ ហើយ​គ្រោង​សាង​សង់​ពន្ធនាគារ​ចំនួន ២ បន្ថែម​ទៀត​។ លោក កុយ ប៊ុន​សន​ បាន​ថ្លែង​ថា៖«​ដើម្បី​បង្កើត​បណ្ណាល័យ​នៅ​ក្នុង​ពន្ធនាគារ យើង​ត្រូវ​បន្ត​ធ្វើ​ការ​ជាមួយ​អង្គការ SIPAR ដើម្បី​ធ្វើ​ឲ្យ​មាន​បណ្ណាល័យ នៅ​គ្រប់​ពន្ធនាគារ​ទាំង​អស់​ បន្ទាប់​ពី​យើង​បាន​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ជាមួយ​អង្គការ​នេះ​»។

កាល​ពីខែ​មេសា អង្គការ SIPAR ​បាន​ចុះ​ហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​ក្រសួង​មហាផ្ទៃ ​ដើម្បី​ប្រតិបត្តិការ​ លើ​គម្រោង​បង្កើត​បណ្ណាល័យ​ នៅ​ក្នុង​ពន្ធនាគារ​ ទាំង​អស់ ដែល​គម្រោង​នេះ​ មាន​រយៈ​ពេល​បី​ឆ្នាំ​ គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ២០១២ ​ដល់​ខែ​ធ្នូ​ ២០១៤ ដោយ​ចំណាយ​ប្រាក់​ចំនួន​ ៥០​ ម៉ឺន​ដុល្លារ​ ក្រោម​ការ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប។

លោក ហុក សុទ្ធិ នាយក​អង្គការ SIPAR មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ម្សិលមិញ ថា លោក​គាំទ្រ ចំពោះ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ព្រោះ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​មួយ ចំពោះ​គម្រោង​សាង​សង់​បណ្ណាល័យ​ក្នុង​ពន្ធនាគារ រវាង​នាយកដ្ឋាន​ពន្ធនាគារ​ និង​អង្គការ SIPAR ​ដែល​កំពុង​ដំណើរ​ការ​នេះ​ និង​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ តាម​ការ​គ្រោង​ទុក។ លោក​ថ្លែង​ថា៖«បណ្ណាល័យ​ចំនួន​បី​បាន​ដាក់​ឲ្យ​ប្រើប្រាស់​រួច​ហើយ ហើយ​បណ្ណាល័យ​៧​ទៀត ​គ្រោង​នឹង​បើក​ឲ្យ​ប្រើប្រាស់ ក្នុង​ពេល​ឆាប់ៗ​នេះ​ ព្រោះ​យើង​កំពុង​រៀបចំ​សៀវភៅ សម្ភារ​បំពាក់​នៅ​ក្នុង​បណ្ណាល័យ ​និង​បណ្ដុះ​បណ្ដាល​បណ្ណាគារិក »។

លោក​បន្ថែម​ថា ​ពន្ធនាគារ​បី​ដែល​មាន​បណ្ណាល័យ​ហើយ​នោះ​ គឺ​ពន្ធនាគារ​ព្រៃស ម១ (សម្រាប់​អ្នក​ទោស​ប្រុស) និង ម ២ (​សម្រាប់​អ្នក​ទោស​ស្រី​) និង​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប​។ លោក ហុក សុទ្ធិ បញ្ជាក់​ថា៖ «​បុគ្គលិក​ខ្ញុំ​កំពុង​នាំ​យក​ឧបករណ៍​មក​ដាក់​ក្នុង​បណ្ណាល័យ ៧ ​ទៀត​ ដែល​យើង​បាន​សាង​សង់​រួច​ហើយ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល ​ព្រៃ​វែង កោះកុង កំពង់ស្ពឺ ​បន្ទាយ​មានជ័យ កំពង់ចាម ​និង​ខេត្ត​កំពង់ធំ។ បណ្ណាល័យ​ទាំង​នោះ​ នឹង​បើក​ឲ្យ​ប្រើ​នៅ​ខែ​ក្រោយ​នេះ»៕ PN

អត្ថបទគួរចាប់អារម្មណ៍