ពោធិ៍សាត់ៈ គ្រូម្នាក់នៅវិទ្យាល័យ ទា ចំរ៉ាត់ ក្នុងក្រុង ពោធិ៍សាត់ បានចោទប្រកាន់នាយកសាលា លោក ប៊ូ សុវណ្ណារិទ្ធ និងនាយករង លោក ឈុប ប៊ុនថា ថាបានបង្ខំឲ្យសិស្សបង់ប្រាក់ថ្លៃចុះឈ្មោះចូលរៀន និងថ្លៃផ្សេងៗទៀតសម្រាប់ការចូលរៀនឆ្នាំសិក្សា ២០១៣‑២០១៤ ដែលខុសពីគោលការណ៍របស់ក្រសួង អប់រំ។
លោកស្រី ផាត ម៉ាលីន ជាគ្រូដែលបានលើកឡើងអំពីករណីយកប្រាក់ពីសិស្សនេះបានថ្លែងថា នាយកសាលា បានយកប្រាក់ចំនួន ៥០០០ រៀល (ប្រហែល ១,២៥ ដុល្លារ) ពីសិស្សម្នាក់ៗ ដែលទៅចុះឈ្មោះចូលរៀន និងបង្កើតឲ្យមានការបង់ថ្លៃផ្សេងៗទៀត ដើម្បីយកប្រាក់ពីសិស្ស រឹតតែច្រើនជាងនេះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងកាលពីថ្ងៃចន្ទថា អ្នកស្រី ម៉ាលីន បានដាក់បណ្តឹងទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយសមាគមបានបញ្ជូនបណ្តឹងនេះបន្ត ទៅក្រសួង មហាផ្ទៃ។
លោក ស្រី ម៉ាលីន បានឲ្យដឹងទៀតថា ការតម្រូវឲ្យបង់ប្រាក់ទាំងនោះ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ហើយសិស្សដែលមានប្រាក់បង់ត្រឹមតែ ៣០០០ រៀលមិនត្រូវបានទទួលយកទេ ហើយមន្រ្តីសាលាប្រាប់ពួកគេថា ពួកគេត្រូវតែត្រឡប់ទៅផ្ទះយកប្រាក់មកឲ្យបានគ្រប់ចំនួន។ លោកស្រីបន្តថា ការតម្រូវឲ្យសិស្សបង់ប្រាក់នេះ មិនមែនមានត្រឹមតែប៉ុណ្ណឹងទេ។
លោកស្រី ម៉ាលីន ថ្លែងថា៖ «វាមិនមែនមានតែមួយករណីទេ ប៉ុន្តែវាមានករណីជាច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយដែលប្រព្រឹត្តដោយនាយកទាំងពីរនោះដូចជា សិស្សត្រូវតែបង់ប្រាក់ ១០០០ រៀលពេលពួកគេខ្ចីសៀវភៅពីបណ្ណាល័យ ហើយសិស្សដែលផ្ទេរពីសាលាផ្សេងមកសាលានេះ ត្រូវបង់ពី ២ ម៉ឺនទៅ ៨ ម៉ឺនរៀល»។
លោក ប៊ូ សុវណ្ណារិទ្ធ ជានាយកសាលា ដែលរងការចោទប្រកាន់បានអះអាងកាលពីថ្ងៃចន្ទថា លោកបានសុំឲ្យមានការឧបត្ថម្ភដោយស្ម័គ្រចិត្ត សម្រាប់ការធ្វើផ្លូវបេតុងចូលសាលា។
លោកបន្តថា៖ «ការចោទប្រកាន់នេះ ពិតជាខុសទាំងស្រុង។ ខ្ញុំមិនបានធ្វើអ្វីដូច [អ្នកស្រី ម៉ាលីន] និយាយទេ។ តាមច្បាប់ក្រសួង អប់រំ ការចុះឈ្មោះចូលរៀនសម្រាប់សិស្សទាំងអស់ គឺមិនយកប្រាក់ទេ។ ដូច្នេះតើខ្ញុំអាចយកប្រាក់ពីសិស្សរបស់ខ្ញុំយ៉ាងម៉េចទៅ?»។
លោក បោយ ប៊ុនណា អ្នកប្រឹក្សាយោបល់នៅក្រសួង អប់រំ បានថ្លែងថា មន្រ្តីក្រសួងនឹងធ្វើការស៊ើបអង្កេតករណីចោទប្រកាន់នេះ ហើយថាការយកប្រាក់សម្រាប់ការចុះឈ្មោះចូលរៀននិងការប្រើប្រាស់បណ្ណាល័យគឺពិតជាខុសច្បាប់៕ PS