រតនគិរីៈ នាយ​នគរ​បាល​ប៉ុស្តិ៍​​ការពារ​ព្រំដែន​កម្ពុជា​-វៀត​ណាម​ម្នាក់ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស ​នៃឧទ្យាន​ជាតិ​អូរយ៉ា​ដាវ ​ខេត្ត​រតនៈគិរី ប្ដឹង​ចោទ​ប្រកាន់​ថា​ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈើ​កម្ពុជា និង វៀត​ណាម ចូល​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ចេញ​​ដោយ​ខុស​ច្បាប់ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរយ៉ា​ដាវ ដើម្បី​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម។ នេះ​បើតាម​សកម្មជន​ព្រៃ​ឈើ​ និង បរិស្ថាន​កាល​ពីម្សិល​មិញ។

លោក ហេង ស្រស់ សកម្មជន​ព្រៃ​ឈើ ​និង​បរិស្ថាន​ ប្រចាំ​ខេត្ត​ភាគឦ​សាន នៃ​ប្រទេស​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​​ទី ២៦ ខែ​វិច្ឆិកា​​ថា នាយនគរ​បាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ កម្ពុជា-វៀត​ណាម ដែល​រង​ការ​ចោទ​ប្រកាន់​ពីក្រុម​មន្ត្រី​ឧទ្យា​នុរក្សនៃ​ឧទ្យាន​ជាតិ​​​អូរ​យ៉ា​ដាវ ពាក់​ព័ន្ធការ​ឃុប​ឃិត​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ​ឈ្មោះ​ មិន ផុន ​មាន​តួនាទី​ជា​មេប៉ុស្តិ៍​ខ្លាធំ​ (តំបន់​ព្រំដែ​នកម្ពុជា-វៀតណាម) ដែល​ចំណុះ​ឲ្យវរៈ​កាពារ​ព្រំដែន​លេខ​ ៦២៣​។

បើតាម​មន្ត្រី​ឧទ្យា​នុរក្ស​ម្នាក់​ នៃ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ ដែល​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ ប៉ុស្តិ៍​ ខ្លាធំ ដែលគ្រប់​គ្រង​ដោយ​លោក មិន ផុន គឺ​ជាច្រក​របៀង​មួយ ដែល​ក្រុម​ឈ្មួញ​ឈើ​ទាំងខ្មែរ​ និង​វៀត​ណាម ធ្វើ​សកម្មភាព​ចូល​លុក​លុយ​ ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​តំបន់​ដែន​ជម្រក​មួយ​ចំនួន​ទៀត​ រួមទាំង​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អូរយ៉ា​ដាវ ​ ហើយ​ដឹក​ជញ្ជូន​ឈើទាំង​នោះ ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់​ ចូល​ទៅ​ក្នុង​ប្រទេស​វៀត​ណាម​ យ៉ាង​សកម្ម។

មន្ត្រី​ដដែល​នោះ​ បាន​បញ្ជាក់​ថា​៖«ជាក់​ស្ដែង ក្នុង​អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ​ជាប់​តំបន់​ព្រំដែន ​កម្ពុជា-វៀត​ណាម​ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​យើង​ បាន​ប្រទះ​ឃើញ​សកម្មភាព​ឈ្មួញ​ឈើ​វៀតណាម​ ប្រើ​ប្រាស់​រថយន្ត​ប៉ាកុង​ចំនួន​ ៥ គ្រឿង ដឹក​ ​ឈើ​ចេញ​ពីប្រទេស​កម្ពុជា​យើង​ ចូល​ទៅ​​ក្នុង​ទឹក​ដី​ប្រទេសវៀតណាម​ ដោយ​ឆ្លង​កាត់​តាម​ច្រក​របៀង​ខ្លាធំ​។ ករណី​នេះ​យើង​បាន​រាយ​ការណ៍​ប្រាប់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​រតន​គិរី និង ក្រសួង​បរិស្ថាន​រួច​ហើយ​»។

ជុំវិញ​ករណី​នេះ លោក ង៉ួន សុវណ្ណា ប្រធាន​អង្គភាព​វរៈ​ការពារ​ព្រំដែន​គោក​លេខ​ ៦២៣ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី ២៦ ​ខែ​វិច្ឆិកា​ថា នៅពេល​នេះ លោក មិន ផុន ត្រូវ​បាន​ដក​យក​មកបញ្ឈរ​ជើង​នៅក្នុង​អង្គភាព ដើម្បី​ធ្វើ​ការ​សាកសួរ​ និង ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ។

លោក សុវណ្ណា បាន​និយាយ​ថា៖«​ករណី​នេះ អង្គភាព​យើង​ បាន​ចាត់វិធាន​ការ ​ដក​គាត់​ចេញ​ពីតំបន់​នោះ មក​ឈរ​ជើង​នៅ​ក្នុង​អង្គភាព​ជា​បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​ការ​សាក​សួរ និង​ស៊ើប​អង្កេត​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់។ គាត់​នឹង​ត្រូវ​ប្រឈម​ការ​ដាក់​​ពិន័យ​ទោស​ទៅ​តាម​ច្បាប់ ក្នុង​ករណី​រក​ឃើញ​ថា​ គាត់​ពិត​ជា​បាន​ប្រព្រឹត្តិ​កំហុស​ ដោយ​មាន​ការ​ឃុបឃិត ឬ​អនុញ្ញាត​ឲ្យ​មាន​​ការប្រព្រឹត្តិ​បទល្មើស​ កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូនឈើ​ដោយ​ខុស​ច្បាប់​ ពីក្នុង​ប្រទេសកម្ពុជា ចូលទៅក្នុង​ប្រទេស​​វៀត​ណាម​»។

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​ពីកម្ពុជា​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ឆ្លង​កាត់​តាមច្រក​របៀង​ខ្លាធំ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មិន​មែន​ទើប​តែកើត​មាន​ឡើង​ នៅក្នុង​ចុង​ឆ្នាំនេះ​ទេ ប៉ុន្តែវា​បាន​កើត​ឡើង​យ៉ាង​អណាធិប​តេយ្យ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ឈ្មួញ​ឈើ​ធំដែល​ដឹក​ឈើ​ចេញ​តាម​ច្រករបៀង​មួយ​នេះ ត្រូវ​បាន​គេរាយ​ការណ៍ថា ឈ្មោះ វ៉ាន ចាន្នី ហៅចែ​ច្រឹប ដែល​ជាភរិយា​របស់​លោក​ មិន ​ផុន មេប៉ុស្តិ៍​ខ្លាធំ ដែល​រងការ​ចោទ​ប្រកាន់​ពី​មន្ត្រី​ឧទ្យា​នុរក្ស​អូរយ៉ាដាវ តែម្ដង។

លោក មិន ផុន មិន​អាច​ទាក់​ទង​សុំការ​ពន្យល់​​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​៕