កំពង់ស្ពឺៈ នាយរងប៉ុស្តិ៍ឃុំចំបក់ក្នុងស្រុកភ្នំស្រួចម្នាក់បានស្លាប់ ខណៈនាយប៉ុស្តិ៍ម្នាក់រងរបួសធ្ងន់នៅពេលចុះអន្តរាគមន៍ជម្លោះកាប់ចាក់គ្នាមួយនៅក្នុងភូមិក្រាំងចេកកាលពីយប់ថ្ងៃទី ១៨ ខែមករា ហើយជនសង្ស័យម្នាក់ ដែលជាគូជម្លោះបានដណ្តើមកាំភ្លើងពីនាយរងប៉ុស្តិ៍រូបនោះហើយបានធ្វើការបាញ់ប្រហារទៅលើរូបគាត់។
លោក សំ សាមួន ស្នងការខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា ករណីជនបង្កឈ្មោះ ទូច ហេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួចដែលបានបាញ់នាយរងប៉ុស្តិ៍ឈ្មោះ ទុយ ពៅ ស្លាប់ និងវាយឲ្យរបួសលោក រស់ សារិន នាយប៉ុស្តិ៍នគរបាលឃុំចំបក់នោះត្រូវសមត្ថកិច្ចនាំខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បន្ទាប់ពីចាប់ខ្លួនកាលពីយប់ថ្ងៃទី ១៨ មករា។
លោកបន្តថា ពេលកើតហេតុនោះជនរងគ្រោះទាំង ២ នាក់ បានចុះទៅធ្វើអន្តរាគមន៍ តែដោយយប់ងងឹត ហើយពេលនោះជនរងគ្រោះបានព្យាយាមឃាត់ កុំឲ្យមានអំពើហិង្សាវាយតប់គ្នា តែត្រូវជនល្មើសដេញវាយជនរងគ្រោះ។ ពេលនោះសមត្ថកិច្ច (នគរបាលប៉ុស្តិ៍) បានរត់តែត្រូវជនល្មើសប្រតាយប្រតប់ជាមួយជនរងគ្រោះហើយដណ្តើមបានកាំភ្លើងម៉ាក K59 ១ ដើម និងបានបាញ់ជនរងគ្រោះត្រូវចំក្បាល ១ គ្រាប់ស្លាប់ រីឯលោកនាយប៉ុស្តិ៍វិញ ត្រូវជនល្មើសវាយ ១ ដំបងឈើចំភ្នែកខាងឆ្វេងរបួសធ្ងន់ផងដែរ។
លោកប្រាប់ថា៖ «ជនល្មើសក៏ត្រូវរបួសដែរដោយសារប្រជាពលរដ្ឋព្រួតគ្នាចាប់គាត់ ព្រោះគាត់មានមាឌធំទាល់តែចាប់ច្រើននាក់ទើបឈ្នះ។ ឥឡូវយើងយកគាត់ទៅព្យាបាលនៅពេទ្យ ហើយកម្លាំងយើងយាមខ្លាចជនល្មើសរត់គេចខ្លួន»។
លោកស្នងការប្រាប់តាមកំណត់ហេតុថា មុនមានការបាញ់សម្លាប់នេះ គឺនៅវេលាម៉ោង ៧ យប់ ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ ជនល្មើសឈ្មោះ ទូច ហេង រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានឈ្លោះគ្នាជាមួយឈ្មោះ ចន សុខវី ភេទប្រុស អាយុ ២៥ ឆ្នាំ ដែលមានលំនៅភូមិ-ឃុំជាមួយគ្នា។ ពេលនោះជនសង្ស័យបានស្ទុះទៅកាប់ឈ្មោះ ចន សុខវី ប៉ុន្តែ ឈ្មោះ ចន សុខវី បានរត់គេចខ្លួនរួច ហើយជនល្មើសបានទៅវាយយាយ និងតារបស់ជនរងគ្រោះ។
លោកបន្តថា នៅពេលនោះម្ដាយក្មេករបស់ឈ្មោះ ចន សុខវី បានរាយការណ៍ទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំចំបក់ ដើម្បីចុះទៅធ្វើអន្តរាគមន៍ ហើយលោកនាយប៉ុស្តិ៍ រស់ សារិន និងលោក ទុយ ពៅ នាយរងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ។
លោកបន្តថា បន្ទាប់ពីនគរបាលទាំង ២ រូបបានទៅដល់កន្លែងកើតហេតុ ជនល្មើសបានដេញវាយប្រតាយប្រតប់ជាមួយលោក ទុយ ពៅ នាយរងប៉ុស្តិ៍ឃុំចំបក់ ហើយបានដណ្តើមយកបានកាំភ្លើងខ្លី ម៉ាក K59 របស់លោក ទុយ ពៅ បាញ់មកលើលោកពៅត្រូវចំក្បាល ១ គ្រាប់ដួល និងដេញបាញ់លោកនាយប៉ុស្តិ៍បន្តទៀត។ ប៉ុន្តែដោយសារតែកាំភ្លើងអស់គ្រាប់ទើបលោកនាយប៉ុស្តិ៍ និងប្រជាពលរដ្ឋហ៊ានរត់ចូលទៅចាប់ខ្លួនជនល្មើស តែត្រូវជនល្មើសវាយ ១ ដំបងបែកខ្ទង់ច្រមុះ និងចំភ្នែកបណ្តាលឲ្យបែកឈាមរបួសធ្ងន់។
លោក សំ សាមួន បានឲ្យដឹងទៀតថា បន្ទាប់ពីចាប់ជនល្មើសបានហើយ ប្រជាពលរដ្ឋបាននាំគ្នាដឹកលោក ទុយ ពៅ ទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយរបួសធ្ងន់ពេក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ហើយសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកលោក រស់ សារិន ដែលរងរបួសបែកខ្ទង់ច្រមុះ និងភ្នែកខាងឆ្វេងត្រូវបានបញ្ជូនយកទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោក ភោគ សម្បត្តិ នាយការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ពាក់ព័ន្ធនឹងអំពើបាញ់សម្លាប់លោកនាយរងនគរបាលប៉ុស្តិ៍ និងនាយនគរបាលប៉ុស្តិ៍ឃុំចំបក់នោះ សមត្ថកិច្ចរបស់លោកទើបតែចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុកាលពីម្សិលមិញ ព្រោះយប់ថ្ងៃកើតហេតុមានសភាពងងឹតពេកមិនអាចចុះទៅប្រមូលព័ត៌មានបាន៕