នារី​ជាជន​សង្ស័យ​សម្លាប់​ឪពុក​ ត្រូវបាន​ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ ចោទប្រកាន់​ពី​បទ​ឃាតកម្ម ​និង​បញ្ជូន​ទៅឃុំខ្លួន​នៅ​ពន្ធនា​គារខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី​ ១៤ តុលា។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ លោក​ ដួង សារ៉ន ​បញ្ជាក់​នៅថ្ងៃទី ១៥ ​តុលា។

ព្រះរាជ​អាជ្ញារង ​និង​ជាអ្នក​នាំពាក្យនៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ ​លោក​ ដួង សារ៉ន ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​​ថា​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ ​លោក​ ស៊ិន វីរៈ ​បានសម្រេច​ចោទ​ប្រកាន់​នារី​ម្នាក់ ​ដែល​សម្លាប់​ឪពុក​​របស់​ខ្លួន ​ពី​បទ​ឃាត​កម្ម ​តាម​មាត្រា​១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​បញ្ជូន​ដីកា​ស្នើសុំ​ចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​នៅ​ពន្ធនាគារ។

មន្ត្រីនាំពាក្យរូបនេះថ្លែងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក លុច្ស ឡៅ បានសម្រេចឃុំខ្លួននារីម្នាក់នោះ នៅ​ពន្ធនាគារខេត្តកំពង់ធំ កាលពីថ្ងៃពុធ ពីបទឃាតកម្ម​ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

បើតាមលោក​ ប៊ិត ប៊ុនធឿន ​មេ​ប៉ុស្តិ៍​កកោះ គឺ​ជន​សង្ស័យ​បានសារភាព​ថា ​មូលហេតុដែល​នារី​នោះ​សម្លាប់​ឪពុក ​ដោយ​សារ​​នាង​ខឹង​នឹង​ឪពុក​ដែល​បាន​ស្តី​បន្ទោស​ខ្លួន​ក្នុង​ពេល​កន្លង​មក។ មួយ​ទៀត ​គឺ​ខឹង​បងស្រី​ស្តី​បន្ទោស​ឲ្យ​ថា​មិន​មើល​ថែ​ឪពុក។

បើ​តាម​លោក​ ប៊ុនធឿន ​នៅ​ថ្ងៃ​កើតហេតុ ​ជនសង្ស័យ​បានយក​គ្រាប់​កកោះ​ទៅលក់​ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ជាមួយ​គ្នា។ ពេល​បាន​លុយ​ក៏​យក​ទៅ​ផឹក​ស្រា​ថ្នាំ ​មាន​គ្នា​ ៤ នាក់ ​ស្រី​ ២ នាក់​ ជាអ្នក​ភូមិ ​និង​ប្រុស​ម្នាក់​ត្រូវជា​ប្តី​របស់​ជន​សង្ស័យ។

លោក​មេ​ប៉ុស្តិ៍បញ្ជាក់ថា​៖ «នៅ​ពេល​បានផឹក​ស្រា​អស់​ចំនួន ​១ លីត្រ ​បងស្រី​របស់​ជនសង្ស័យ​បានជិះ​កង់​ទៅ​ឃើញ​កំពុង​ផឹក​ ក៏​ឈប់​ស្តី​ឲ្យ​ ថា​ដើរ​ចោល​ផ្ទះ​មិន​ជួយ​មើល​ថែ​ពុក។ ពេល​នោះ​ជន​សង្ស័យ​ឆ្លើយថា​ ម៉េច​បាន​បន្ទោស​តែខ្ញុំ​ ចុះ​បង​ឯង​មិន​ជួយ​មើល​ផង»។

មេ​ប៉ុស្តិ៍​រូបនេះ​បានឲ្យ​ដឹងថា ​ក្រោយ​ពេល​ផឹក​ស្រា​អស់​ពួកគេ​ក៏​បែក​ហ្វូង​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពេល​ដល់​ផ្ទះ​ប្តីបាន​ឡើង​ទៅ​លើ​ផ្ទះ ​ចំណែក​ប្រពន្ធ​បាន​ដួស​បាយ​បញ្ចុក​ឪពុក​ រួច​ក៏បាន​វាយ​ឪពុក​បណ្តាលឲ្យ​ស្លាប់​តែម្តង។ ​ចំណែកប្តី​នៅ​ពេល​បាន​ឮ​ប្រពន្ធ​វាយ​ឪពុក​ក៏​ស្រែក​ឃាត់​ប្រពន្ធ​កុំ​ឲ្យ​វាយ ​ប៉ុន្តែ​ជន​សង្ស័យ​មិន​ស្តាប់។

លោក​ ប៊ុនធឿន ​ថ្លែងថា​៖ «ពេល​វាយ​សម្លាប់​ឪពុក​ហើយ ​ជន​សង្ស័យ​មិន​បាន​ប្រាប់​ពី​ណា​ទេ។ លុះ​ព្រឹក​ឡើង ​គាត់​ក៏​ប្រាប់​ប្តី​ឲ្យ​ទៅ​មើល​ពុក​ផង។ ពេល​នោះ​ប្តី​ប្រាប់​ថា​ពុក​ស្លាប់​ហើយ​ទើប​គាត់​និយាយ​ថា ​បើ​ស្លាប់​ឲ្យ​ចាស់ៗ​ធ្វើ​បុណ្យ​ទៅ»។

ករណី​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១៩ ​យប់​ថ្ងៃ​ទី ១១ ​ខែ តុលា ​ឆ្នាំ ២០២០ ​ស្ថិត​ក្នុង​ភូមិ​ជាយ​ស្បៃ ​ឃុំ​កកោះ ​ស្រុក​សន្ទុក ​ខេត្ត​កំពង់​ធំ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​មេ​ប៉ុស្តិ៍។

ជន​រងគ្រោះ​ឈ្មោះ​ លឹម លួន ​ភេទ​ប្រុស​អាយុ​ ៧៨ ឆ្នាំ។ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ​លួន សារឹម ​ភេទស្រី ​អាយុ​ ២៥ ឆ្នាំ​ រស់​នៅ​ភូមិ​ជាមួយ​គ្នា ​មាន​ប្តី​ឈ្មោះ​នៀវ សារ៉េត ​អាយុ​ ៣២ ឆ្នាំ ​និង​មានកូន​ប្រុស​ម្នាក់ ​ទើប​មាន​អាយុ​ ៤ ឆ្នាំ​ប៉ុណ្ណោះ។ វត្ថុតាង​ គឺ​អង្គត់​ឧស​មូល​ទ្រ​វែង។ ជន​សង្ស័យ​បានវាយ​ខ្ទេច​មុខ​ជន​រងគ្រោះ ​ត្រូវ​ខ្លាំង​ជាង​គេ ​គឺ​ថ្គាម៕ ​