ភ្នំពេញៈ នារីជាបុគ្គលិកល្បែងស៊ីសងប្រភេទស្លុតម៉ាស៊ីន ២ នាក់ នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ២៥ ធ្នូនេះ បន្ទាប់ពីនគរបាលខណ្ឌទួលគោកបង្ក្រាប និងចាប់ខ្លួនកាលពីថ្ងៃទី ២៣ ធ្នូ ពាក់ព័ន្ធការបើកទីតាំងលេងល្បែងខុសច្បាប់ក្នុងភូមិ ១៣ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានប្រាប់កាលពីម្សិលមិញថា នារី ២ នាក់ខាងលើឈ្មោះ ហន ស្រីពៅ អាយុ ២៤ ឆ្នាំ ជាបុគ្គលិកស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង ២- ឈ្មោះ រ៉េត សុវណ្ណអាលីហ្សា អាយុ ១៨ ឆ្នាំ ជាបុគ្គលិកស្នាក់នៅផ្ទះលេខ ៩ EE សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីនៅថ្ងៃទី ២៥ ធ្នូ ដើម្បីបន្តតាមនីតិវិធីច្បាប់។
លោកថ្លែងប្រាប់ថា៖ «នារីទាំង ២ នាក់ជាប់ពាក់ព័ន្ធនឹងរឿងនេះព្រោះពួកគេជាអ្នកមើលការខុសត្រូវស៊ីសងល្បែង ហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក»។
លោកប្រាប់ថា ទីតាំងដែលសមត្ថកិច្ចរបស់លោកចុះបង្ក្រាបជាក់ស្តែងនោះនៅចំណុចផ្ទះលេខ ៤០E0 ផ្លូវលេខ ៥៨៦ ក្រុមទី ៦៣ ភូមិ ១៣ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោកជាទីតាំងបើកណិត (Net) សម្រាប់បម្រើសេវាលេងហ្គេមផ្សេងៗ ប៉ុន្តែមានបង្កប់ល្បែងភ្នាល់ចាក់លុយខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងដោយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី ២ ដោយមាន លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងមានការសម្របសម្រួលផ្នែកផ្លូវច្បាប់ពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោកប្រាប់ថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ ម៉ូនីទ័រចំនួន ១៥ គ្រឿង,CPUចំនួន ១៤ គ្រឿង, ឃីបតចំនួន ១៤, ម៉ៅចំនួន ១៤, ក្បាលកាមេរ៉ាសុវត្ថិភាព ១ គ្រឿង, វិញ្ញាបនបត្រអនុញ្ញាតអាជីវកម្មរបស់ឈ្មោះ ស៊ឹម ប៊ុនឡាយ ១ ច្បាប់, ម៉ាស៊ីនគិតលេខ ១ គ្រឿង និងឯកសារបុងបើកអាខោនចាក់បាល់ស៊ីសងមួយចំនួន ។
មន្ត្រីនគរបាល ១ រូប នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកប្រាប់ដោយសុំមិនឲ្យបញ្ចេញឈ្មោះថា ទីតាំងបង្កប់ល្បែងស៊ីសងនោះមានម្ចាស់ត្រឹមត្រូវ តែពេលសមត្ថកិច្ចចុះបង្ក្រាបគឺម្ចាស់ទីតាំងមិនស្ថិតនៅទីនោះទេ។ ដូច្នោះហើយសមត្ថកិច្ចចាប់បានតែបុគ្គលិកមើលការខុសត្រូវដែលជំនួសឲ្យថៅកែប៉ុណ្ណោះ។
ទោះបីយ៉ាងណាជាជំហានដំបូងសមត្ថកិច្ចត្រូវតែឃាត់ខ្លួនអ្នកពាក់ព័ន្ធនេះហើយមុនឈានទៅរកម្ចាស់ទីតាំងពិតប្រាកដដើម្បីឲ្យចូលខ្លួនប្រឈមមុខតាមផ្លូវច្បាប់ហើយក៏មិនអាចថា ម្ចាស់ទីតាំងល្បែងនោះរត់គេចខ្លួនបានរហូតដែរ។
មន្ត្រីរូបនោះប្រាប់បន្តថា មុនមានការបង្ក្រាបនេះ អាជ្ញាធរមូលដ្ឋានតែងតែផ្សព្វផ្សាយពន្យល់ដល់ម្ចាស់ទីតាំងបើកបម្រើសេវា ណិត (Net) ដោយមិនឲ្យមានលេងល្បែងស៊ីសងណាខុសច្បាប់ទេ។ ប៉ុន្តែម្ចាស់ទីតាំងណិតទាំងនោះឆ្លៀតបង្កប់ល្បែងស៊ីសងដែលអាចជាកន្លែងប្រមូលផ្តុំជនខិលខូចចេញប្រព្រឹត្តបទល្មើសឆក់ប្លន់៕