ព្រះសីហនុៈនារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge អាយុ ២១ ឆ្នាំ ដែលបានបាត់ខ្លួននៅកោះរ៉ុងកាលពីថ្ងៃទី ២៤ ខែតុលា ត្រូវបានរកឃើញសពអណ្ដែតនៅលើទឹកសមុទ្រ ស្ថិតនៅក្បែរព្រំដែនថៃដែលមានចម្ងាយជាង ៩១ គីឡូម៉ែត្រពីទីតាំងបាត់ខ្លួន។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បញ្ជាក់ថាតាមការពិនិត្យមើលជាបឋមនៅលើសាកសព គឺមិនមានឃើញការសង្ស័យណាមួយដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើសឡើយ។ លោក ចំរើន ថ្លែងពីម្សិលមិញថាសាកសពស្ដ្រីជនជាតិអង់គ្លេសត្រូវបានរកឃើញអណ្ដែតទៅដល់ទឹកដីខេត្តកោះកុងជិតព្រំដែនទឹកប្រទេសថៃកាលពីវេលាម៉ោងប្រហែល ១១ ព្រឹកម្សិលមិញ។
លោកថា៖ «គាត់បានលង់ទឹកស្លាប់អណ្ដែតទៅដល់ជិតព្រំដែនថៃ។ ឥឡូវនេះយើងមិនទាន់កោសល្យវិនិច័យផ្លូវការទេ។ ប៉ុន្តែបើតាមការពិនិត្យមើល វាមិនមានករណីទាក់ទងជាមួយបទល្មើសទេ ពីព្រោះសម្លៀកបំពាក់ និងក្រវិលជាដើម គឺនៅជាប់នឹងខ្លួនគាត់ដដែល»។
លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកថ្លែងថា ការរកឃើញសពស្ដ្រីអង់គ្លេសនេះ គឺស្ថិតនៅទីតាំងចម្ងាយប្រហែល ៥៧ ម៉ាយល៍ ឬជិត ៩២ គីឡូម៉ែត្រ ពីកោះរ៉ុងដែលការរកឃើញនេះគឺបន្ទាប់ពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រទទួលបានដំណឹងពីពលរដ្ឋដែលធ្វើការនេសាទនៅក្បែរព្រំដែនទឹកថៃ។ សពដែលបានរកឃើញនេះគឺមានស្នាមសាក់នៅលើដៃ និងជើងដែលដូចគ្នាទៅនឹងរូបក្នុងរូបថតកាលនៅរស់។
លោកបន្តថា សាកសពត្រូវដឹកតាមអូប័រយកមកកោះរ៉ុង និងបន្ដយកមកក្រុងព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ។ លោកថា៖ «ឥឡូវមូលហេតុដែលគាត់ស្លាប់ហ្នឹង ដោយសារលង់ទឹក ឬក៏ដោយរបៀបម៉េចគឺខ្ញុំអត់ទាន់អាចសន្និដ្ឋានបានទេ»។
ស្ដ្រីអង់គ្លេសបានបាត់ខ្លួនកាលពីវេលាម៉ោង ៣ ព្រឹកថ្ងៃទី ២៤ ខែតុលា បន្ទាប់ពីស្ដ្រីរូបនេះត្រូវបានគេឃើញជាលើកចុងក្រោយដើរជាមួយមិត្តភក្តិ ២-៣ នាក់ផ្សេងទៀត ទៅចូលរួមកម្មវិធីជប់លៀងមួយនៅក្នុងភោជនីយដ្ឋានឈ្មោះ Police Beach ស្ថិតក្នុងកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ លុះដល់ព្រឹកឡើងថ្ងៃទី ២៤ ដដែល កាបូបដៃដែលខាងក្នុងនោះមានថ្នាំពេទ្យ ទូរស័ព្ទ នាឡិកា និងកាតធនាគារត្រូវបានរកឃើញនៅលើផ្ទាំងថ្មជាប់មាត់ទឹក។
បើតាមលោក គួច ចំរើន ដោយផ្អែកលើការស្រាវជ្រាវកន្លងមក គឺស្ដ្រីរូបនេះអាចលង់ទឹកស្លាប់ដោយខ្លួនឯង៕