ព្រះសីហនុៈ នាវាកងទ័ពជើងទឹករបស់ជប៉ុនចំនួន ២ គ្រឿងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៤ ថ្ងៃនាចុងខែនេះ ដើម្បីពង្រឹងមិត្តភាពរវាងយោធាជប៉ុន និងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចំាកម្ពុជា។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថា នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះ «សេតូយុគិ» និង «ស៊ីម៉ាយុគិ» ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្កាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ ១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងមកធ្វើទស្សនកិច្ចនៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងអំឡុងពេលនៃដំណើរហ្វឹកហ្វឺនលើលំហសមុទ្រ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៥ ខែកុម្ភះនេះបញ្ជាក់ថា៖ «គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរផ្សេងៗ ក៏ដូចជាដើម្បីផ្តល់ឱកាសឲ្យនាយនាវិកកម្មសិក្សាការីចំនួន ១០៩ រូបដែលទើបបានបញ្ចប់ការសិក្សា បានស្វែងយល់អំពីវប្បធម៌ និងវិស័យយោធា នៅព្រះរាជាណាចក្រកម្ពុជា»។
ស្ថានទូតជប៉ុនមិនបានឆ្លើយតបនឹងសំណួររបស់ភ្នំពេញប៉ុស្តិ៍នៅត្រឹមម៉ោងចេញផ្សាយកាសែតកាលពីយប់មិញទេ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោកទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកមិនអាចទាក់ទងសុំអធិប្បាយបានឡើយ។
កាលពីខែមុន នាវាកងទ័ពជើងទឹកចិនចំនួន ៣ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថា ដំណើរទស្សនកិច្ចដោយកងទ័ពជើងទឹករបស់ប្រទេសផ្សេងៗឆ្លុះបញ្ចាំងថា កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការពីប្រទេសទាំងអស់ទូទាំងពិភពលោក។ «ប្រទេសកម្ពុជាឯករាជ្យ មិនចងសម្ព័ន្ធភាពណាមួយ។ ប្រទេសណាក៏ដោយអាចមកទស្សនកិច្ចនិងពង្រឹងកិច្ចសហប្រតិបត្តិការនៅកំពង់ផែកម្ពុជា។ ពេលខ្លះយើងធ្វើសមយុទ្ធស្តីពីការប្រឆាំងភេរវកម្ម។ ប៉ុន្តែកម្ពុជា នឹងមិនផ្តល់មូលដ្ឋានយោធាណាមួយដល់ប្រទេសបរទេសទេ»។
លោកបន្តថា៖ «នេះឆ្លុះបញ្ចាំងថា កម្ពុជាជាមិត្តភក្តិចំពោះប្រទេសទាំងអស់ក្នុងពិភពលោក។ យើងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាមួយទេ។ យើងមិនស្ថិតនៅក្នុងតំបន់ភូមិសាស្រ្តនយោបាយ»៕