The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាវា​ទ័ពជើងទឹក​​ឥណ្ឌា​ដឹក​សម្ភារ​​សង្គ្រោះ​តម្លៃ​ ១១ ​ម៉ឺន​ដុល្លារ​ជូន​កម្ពុជា




នាវា​ទ័ពជើងទឹក​​ឥណ្ឌា​ដឹក​សម្ភារ​​សង្គ្រោះ​តម្លៃ​ ១១ ​ម៉ឺន​ដុល្លារ​ជូន​កម្ពុជា

Content image - Phnom Penh Post
នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ ១ ​គ្រឿង​ឈ្មោះ INS KILTAN ផ្ទុក​នាវិក​ ១៧០ ​នាក់​ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ម្សិលមិញ។ រូបថត មូលដ្ឋានសមុទ្ររាម

នាវា​ទ័ពជើងទឹក​​ឥណ្ឌា​ដឹក​សម្ភារ​​សង្គ្រោះ​តម្លៃ​ ១១ ​ម៉ឺន​ដុល្លារ​ជូន​កម្ពុជា

សីហនុៈ នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ ១ ​គ្រឿង​ឈ្មោះ INS KILTAN ផ្ទុក​នាវិក​ ១៧០ ​នាក់​ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ម្សិលមិញ ដោយបាន​ដឹក​សម្ភារ​សម្រាប់​ការងារ​ជួយសង្គ្រោះ​សរុប​ជា​ថវិកា​ប្រមាណ​ ១១ ​ម៉ឺន​ដុល្លារ​ មក​ប្រគល់ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក កែវ វី ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា សម្ភារ​ទាំងនេះ​រួមមាន កន្ទេល​សំយោគ​ចំនួន​ ៣ ០០០ ភួយ​ចំនួន​ ៣ ០០០ សម្ភារ​សម្រាប់​កងកម្លាំង​ជួយសង្គ្រោះ​បុរស​ ១ ៥០០ ​ឃីត ឬ​កញ្ចប់​ (១ ​ឃីត​មាន​ចំនួន​ ១៥ ​ប្រភេទ​) ​និង​សម្ភារ​សម្រាប់​កងកម្លាំង​ស្ដ្រី​ ១ ៥០០ ​ឃីត​ផងដែរ​។ ​សម្ភារ​ទាំងនេះ​​ទុក​ប្រើពេល​មាន​គ្រោះមហន្តរាយ​​ដូចជា​គ្រោះទឹកជំនន់​ជាដើម​។

លោក​ថា​៖ «​សរុប​សម្ភារ​ទាំងអស់​ដែល​ភាគី​ឥណ្ឌា​ផ្ដល់​ដល់​កម្ពុជា​នេះ គិត​ជា​ថវិកា​មាន​ប្រមាណ​ ១១ ​ម៉ឺន​ដុល្លារ​អាមេរិក​»​។

បើតាម​លោក កែវ វី កន្លងមក​ភាគី​ឥណ្ឌា​តែងតែ​ជួយ​កម្ពុជា​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​មានដូចជា ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ទៀត​។

លោក​ថ្លែងថា​៖ «​កាលពី​ឆ្នាំ​ ២០០០ ​ឥណ្ឌា​ក៏បាន​ជួយ​កម្ពុជា​ច្រើន​ដែរ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

ក្នុង​ឆ្នាំ​នោះ បើតាម​ខ្ញុំ​ចាំ គឺ​បាន​ផ្ដល់​អង្ករ​ដល់​កម្ពុជា​ចំនួន​ ១ ​ម៉ឺនតោន​ដោយបាន​ដឹកជញ្ជូន​ចូលមក​តាម​ច្រក​សមុទ្រ​ខេត្ដ​ព្រះសីហនុ​ដែរ​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ឱ្យដឹងពី​ម្សិលមិញ​ថា នាវា​នេះ​មាន​ប្រវែង​ ១១០ ​ម៉ែត្រ​ និង​ជម្រៅ​ទឹក​ ៧ ​ម៉ែត្រ មាន​នាវិក​ ១៧០ ​នាក់​។ នាវា​នេះ​បាន​ចូល​ចត​នៅ​ចំណត​ផែ​ចាស់​លេខ​ចំណត III នៅ​ម៉ោង​ ៨ ​និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៩ ​ខែធ្នូ​។

លោក​ថា​៖ «​នាវា​នេះ​នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅវេលា​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃ​​ទី​ ១ ខែ​មករា ឆ្នាំ​ ២០២១»៕

អត្ថបទគួរចាប់អារម្មណ៍