ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បានសម្រេច​បណ្តេញ​​បុរស​ជនជាតិ​ចិន​ម្នាក់​ដែលជា​​និពន្ធ​នាយក​កាសែត​ Angkor Today ចេញពី​កម្ពុជា បន្ទាប់ពី​ឃាត់ខ្លួន​បាន​ពី​ថ្ងៃទី​ ២៤ កុម្ភៈ​ នៅ​ក្រុង-ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា កម្ពុជា​មាន​លក់​វ៉ាក់សាំង​កូវីដ​ ១៩​។

ការសម្រេច​នេះ​ធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​ចុះ​ហត្ថលេខា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ​ចុះ​ថ្ងៃទី​ ២៥ ​កុម្ភៈ ឆ្នាំ​ ២០២១​។ ​លិខិត​នេះ​បានសម្រេច​​បណ្តេញ​ឈ្មោះ​ ShenKaidong ​អាយុ​ ៥២​ ឆ្នាំ​ជា​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រព្រឹត្ត​នៅ​កម្ពុជា​ឱ្យ​ចេញទៅ​ប្រទេស​ដើម​វិញ និង​ហាមឃាត់​ចូលមក​កម្ពុជា​ជាថ្មី​។

លោក កែវ វណ្ណថន អ្នក​នាំពាក្យ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ចិន​រូបនេះ​បាន​ចុះផ្សាយ​​ព័ត៌មាន​ថា កម្ពុជា​មាន​លក់វ៉ាក់សាំងកូវីដ​ ១៩ ហើយ​ត្រូវបាន​​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​លោក​បណ្តេញ​ចេញពី​​កម្ពុជា​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ជន​ម្នាក់​​នេះ​យើង​មិន​ដាក់​ទោសទណ្ឌ​នៅ​កម្ពុជា​ទេ តែ​យើង​ត្រូវតែ​បណ្តេញចេញពីកម្ពុជា​តែម្តង​»​។

ពាក់ព័ន្ធ​ករណីនេះ​លោក តូច សុគន្ធ ប្រធានការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា បុរស​ឈ្មោះ Shen Kaidong ម្នាក់នេះ​បាន​បើក​ធ្វើ​អាជីវកម្ម​កាសែត​អនឡាញ​ឈ្មោះ Angor Today នៅ​ខេត្តសៀមរាប​តាំងពី​ឆ្នាំ​ ២០១៥ មក​ម្ល៉េះ​។

លោក​ថ្លែងថា​៖ «​សមត្ថកិច្ច​យើង​បាន​ឆែក​ឃើញ​គាត់​សរសេរ​​សារ​បង្ហោះ​ព័ត៌មាន​ថា កម្ពុជា​លក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ ​កាលពី​ម៉ោង​ ២៣ ​នៅ​យប់​ថ្ងៃទី​ ២៣ ​កុម្ភៈ ​ឆ្នាំ​ ២០២១​។ ​ប៉ុន្តែ​ការឃាត់ខ្លួន​​នេះ​សមត្ថកិច្ច​យើង​គ្រាន់តែ​ចូលរួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ហើយ​សមត្ថកិច្ច​បាន​យក​ជនសង្ស័យ​ទៅ​ក្រសួង​មហាផ្ទៃ​ក្រោយ​ឃាត់ខ្លួន​»​។

ជុំវិញ​ករណី​នេះដែរ កាលពី​​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ បាន​​ចេញ​លិខិត​មួយច្បាប់ លុបចោល​ប្រកាស​ចុះ​ថ្ងៃទី​ ១៩ សីហា ​ឆ្នាំ​ ២០១៥ របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាត​ឱ្យ​លោក អ៊ុង អង្គា បើក​ឱ្យ​ដំណើរការ​ធ្វើ​អាជីវកម្ម កាសែត AngKor Today​។

លិខិត​បន្តថា ម្ចាស់​អាជ្ញាប័ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​​ការពិត មាន​ចេតនា​ទុច្ចរិត​ធ្វើឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ​បង្ក​ភាពច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ប៉ះពាល់​ដល់​កិត្យានុភាព​​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​ដែល​​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ពី​ម្សិលមិញ​ថា​កាសែត​ AngkorToday គឺមាន​លោក អ៊ុង អង្គា ជា​ប្រធាន​អង្គភាព​។ ចំណែក​ឈ្មោះ​ ShenKaidong ជា​និពន្ធនាយក​ដែល​​ទទួលបន្ទុក​លើ​ការផ្សព្វផ្សាយ​។

យ៉ាងណាក្ដី បន្ទាប់ពី​ចុះផ្សាយ​ករណី​លក់​វ៉ាក់សាំង​នេះ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​ ២៤ ​កុម្ភៈ បដិសេធ និង​ថ្កោលទោស​ដោយ​លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា ជា​ការផ្សព្វផ្សាយ​រឿង​ផ្តេសផ្តាស និង​បានស្នើ​សុំឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ចាត់​វិធានការ​ជុំវិញ​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​អ្នក​ទៅ​ចាក់​ថ្នាំ​គ្មាន​បង់ប្រាក់​នោះទេ ហើយ​យើង​ក៏​មិន​ត្រូវឱ្យ​អ្នក​ដែល​ទៅ​ចាក់ បង់ប្រាក់​នោះ​​ដែរ​។​យើង​សុទ្ធតែ​កំណត់​មុខសញ្ញា​សម្រាប់​ក្រុម​មនុស្ស​ដែល​ត្រូវ​មកចាក់​ហើយ​យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ចាក់​ត្រឹមត្រូវ​»៕