
និស្សិតកម្ពុជា ដែលបានបញ្ចប់ការបណ្តុះបណ្តាលជំនាញព្យាបាលដោយចលនាពីគ្រូពេទ្យជំនាញសិង្ហបុរី ពីសប្តាហ៍មុន។ សហការី
ភ្នំពេញៈ ក្រុមនិស្សិតពេទ្យជំនាញព្យាបាលដោយចលនា នៃក្រសួងសុខាភិបាលចំនួន ៨០ នាក់ បានទទួលការបណ្ដុះបណ្ដាល និងការចុះអនុវត្តផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកចលនារបស់សិង្ហបុរីកាលពីសប្ដាហ៍មុន តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញព្យាបាលដោយចលនាកម្រិតបរិញ្ញាបត្ររយៈពេល ៥ ឆ្នាំ ដោយជោគជ័យ ដើម្បីផ្ដល់សេវាព្យាបាលដល់អ្នកជំងឺកម្ពុជាប្រមាណ ៨ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
កម្មវិធីអភិវឌ្ឍន៍ជំនាញលើការព្យាបាល ដោយចលនាកម្រិតបរិញ្ញាបត្រ រយៈពេល ៥ ឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិសិង្ហបុរី Singapore International Foundation (SIF) ក្នុងភាពជាដៃគូជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហៅកាត់ថា TSMC-UHS និងសេវាសុខាភិបាលសិង្ហបុរី (SingHealth)។
កម្មវិធីសិក្សានេះត្រូវបានអនុម័ត ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា របស់កម្ពុជា កាលពីខែឧសភា ឆ្នាំ ២០១៦ និងបានចាប់ផ្តើមដំណើរការយ៉ាងជោគជ័យ កាលពីខែ មករា ឆ្នាំ ២០១៧។
លោកស្រី Celia Tan នាយកប្រតិបត្តិរបស់សេវាសុខាភិបាលសិង្ហបុរី SingHealth បានថ្លែងថា SingHealth ពិតជាទទួលបាននូវសិទ្ធិពិសេសក្នុងការសហការជាមួយនឹងដៃគូកម្ពុជា តាមរយៈសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅលើគម្រោងនេះ។
លោកស្រីបន្ដថា៖ «ការបង្កើតប្រព័ន្ធអភិវឌ្ឍន៍អេកូឡូស៊ីលក្ខណៈអាជីពសម្រាប់កម្ពុជា ក្រោមសម្ព័ន្ធភាពជាមួយនឹងស្ថាប័នសុខាភិបាលអាជីពជាច្រើន បានក្លាយជាក្តីសុបិនជាយូរមកហើយ សម្រាប់ទាំងគ្រូបង្រៀនកម្ពុជា និងសិង្ហបុរី ដែលបានធ្វើការលើគម្រោងនេះ»។
លោក សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា ជាមួយនឹងចំណេះបន្ថែមនេះ អង្គការស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី Singapore International Vulunteers (SIVs) បានបញ្ចូលក្នុងមុខវិជ្ជាដែលមានស្រាប់របស់សាកលវិទ្យាល័យសុខាភិបាល តាមរយៈការបង្ហាត់បង្ហាញចំណុចសំខាន់នៃការអនុវត្តព្យាបាលដោយចលនា ដែលមិនមាននៅក្នុងកម្មវិធីថ្នាក់សិក្សាកម្រិតមធ្យម។
លោកបានបន្តថា៖ «បច្ចុប្បន្ន យើងបានបង្កើតប្រព័ន្ធអប់រំមួយ សម្រាប់ការអភិវឌ្ឍក្រុមនិស្សិតពេទ្យវេជ្ជសាស្ត្ររបស់យើង»។
លោកលើកឡើងថា នេះគឺជាការលើកទឹកចិត្តមួយសម្រាប់និស្សិតពេទ្យកម្ពុជាក្នុងការសិក្សាក្នុងវិស័យសុខាភិបាល រក្សាការសិក្សាបន្ថែម និងបន្តផ្ទេរចំណេះដឹងទៅឲ្យអ្នកជំនាន់ក្រោយ។
លោកស្រី Jean Tan នាយិកាប្រតិបត្តិរបស់អង្គការ SIF បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញព្យាបាលដោយចលនាថ្នាក់បរិញ្ញា គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងចំណោមកិច្ចសហប្រតិបត្តិការជាច្រើនរវាងសិង្ហបុរី និងកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីជួយលើកកម្ពស់កម្រិតស្តង់ដានៃសេវាថែទាំវេជ្ជសាស្ត្រនៅកម្ពុជា។
លោកស្រីបន្ដថា៖ «យើងពិតជារីករាយណាស់ ក្នុងការបោះជំហានដ៏ធំមួយផ្សេងទៀតក្នុងចំណងមិត្តភាពរយៈពេល ១៧ ឆ្នាំរវាងអង្គការ SIF និងប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ជីវិត និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនរបស់យើង»។
គួរបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញព្យាបាលដោយចលនានេះ មានមុខវិជ្ជាសរុបចំនួន ៨ រួមមាន សាច់ដុំ និងគ្រោងឆ្អឹង បេះដូង និងសួត ប្រព័ន្ធសរសៃប្រសាទខួរក្បាល និងជរាភាព ជំងឺកុមារ និងការស្តារនីតិសម្បទា សុខភាពស្ត្រីវេជ្ជបញ្ជា រទេះរុញ និក្ខេបបទស្រាវជ្រាវឡើងវិញ ការអនុវត្តផ្អែកលើភ័ស្តុតាង និងការផ្សព្វផ្សាយស្តីពីសុខភាព។
ការសិក្សានេះមានរយៈពេល ១ ៣២០ ម៉ោង (ទាំងទ្រឹស្ត្រី និងការអនុវត្តក្នុងថ្នាក់ផ្ទាល់) និងការចុះស្តានៅតាមមន្ទីរពទ្យ និងគ្លីនិកថែទាំកាយនីតិសម្បទាច្រើនជាង ៥ កន្លែង នៅកម្ពុជា បានជួយឲ្យសិក្ខាកាមពេទ្យទាំងនោះ ទទួលបាននូវឯកទេស និងចំណេះដឹងគ្លីនិកសម័យទំនើប។
ក្រុមនិស្សិតពេទ្យកម្ពុជា ទាំងនោះត្រូវបានបណ្តុះបណ្តាល ដោយសាស្ត្រាចារ្យមួយក្រុម របស់អង្គការស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី SIVs និងគ្រូបង្រៀនកម្ពុជាចំនួន ១២ នាក់ ដែលពួកគេធ្លាប់ទទួលបានការបណ្តុះបណ្តាលកាលពីពេលកន្លងមក ពីអង្គការ SIVs និងបានអភិវឌ្ឍរួមគ្នាលើកម្មវិធីនេះផងដែរ៕