ភ្នំពេញៈ ក្នុង​ចំណោ​ម​សិស្ស​និស្សិត​កម្ពុជាចំនួន​ ៥៦ រូប​ ​​ដែល​បាន​ដាក់​​ពាក្យ​ចូលរួមប្រកួត​ថ្លែង​សុន្ទរកថា​ភាសាជប៉ុន​លើ​ក​ទី​២២ មាន​តែ​យុវជន​ ១៥ រូបប៉ុណ្ណោះ ​ដែល​ជាប់​ក្នុង​ជម្រើស​ ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គផ្ដាច់​ព្រ័ត នា​ថ្ងៃទី ២៦ ខែ​ ឧសភា​​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិប​ត្ដិការ​កម្ពុជា​-ជប៉ុន (CJCC) ។

បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មា​​ន​របស់​ស្ថានទូត​ជប៉ុន បាន​បញ្ជាក់ថា ស្ថាន​ទូត​បាន​រួម​សហ​ការ​​ជា​មួយ​​មជ្ឈ​មណ្ឌល​​សហ ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ដេប៉ាតឺម៉ង់ ភាសា​ជប៉ុន ​នៃ​វិទ្យាស្ថាន​ភាសា​បរទេសនៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​ (RUPP-IFL) នឹង​រៀប​ចំ​នូវ​កម្មវិធី​ប្រឡង​ប្រជែង​​ថ្លែង​សុន្ទរកថា​ ជា​ភាសា​ជប៉ុន​លើក​ទី២២ នៅ​​កម្ពុជា​ សម្រាប់​អ្នក​សិក្សា​ភាសា​ជប៉ុន។

សេចក្ដី​ប្រកា​ស​ព័ត៌មាន ​បាន​បន្ថែម​ទៀត​ថា ការ​ប្រឡង​ប្រជែង​ថ្លែង​សុន្ទរក​ថា​ ជា​ភាសា​ជប៉ុន គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស​និស្សិ​ត​ ដែល​សិក្សា​នៅ​តាម​សាលា​ភាសា​ជប៉ុន​នានា​នៅ​កម្ពុជា​ ដើម្បី​បង្ហាញ​នូវ​សមត្ថភាព​កម្រិត​​ខ្ពស់​របស់​ខ្លួន​ ក្នុង​ការថ្លែង​សុន្ទរកថា​ដ៏អស្ចារ្យ។

សេច​ក្ដី​ប្រកាសដដែល​នេះ​បញ្ជាក់ថា​៖ «ឆ្នាំ​នេះ​ក្នុង​ចំណោ​ម​បេក្ខជន​ដាក់​ពាក្យ​ ៥៦ ​រូប បេក្ខជន​ ១៥ រូប​ បាន​ជ្រើស​រើស​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ គោល​បំណង​ នៃ​ការ​ប្រឡង​ប្រជែង​ថ្លែង​សុន្ទរកថា​នេះ​ គឺ​ដើម្បី​ជំរុញ​ការ​យល់​ដឹង​ពី វប្បធម៌​ជប៉ុន​ និង​ភាសា​ជប៉ុន​បន្ថែម​ទៀតក្នុង​ចំណោម​យុវជន​​កម្ពុជា»។

កម្មវិធី​នៃ​ការប្រកួត​ប្រជែង​វគ្គ​ផ្តាត់​ព្រ័ត្រ​ ​នឹង​ធ្វើឡើង​នាថ្ងៃ​អាទិត្យ​ទី ២៦ ខែ​ ឧសភា ចាប់​​ពី​ម៉ោង ១៣ និង​៣០ នាទី​ដល់​ម៉ោង ១៧ នៅ​សាល​អង្គរគីហ្សូណា​ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ក្នុង​បរិវេណ​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស (IFL​) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) មហាវិថី​សហព័ន្ធ​រុស្ស៊ី។

កញ្ញា រតន៍ ហ្វីលីយ៉ាន អ្នក​សម្រប​សម្រួល​ទូទៅ​ការ​ប្រកួត​នេះនៃ​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្ដិការ​កម្ពុជា​-ជប៉ុន ​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ចំណោ​​ម​បេក្ខជន​ទាំង​ ១៥ រូប​នេះ គឺ​ត្រូវ​បែង​ចែក​ចេញ​ជា ២ ​ក្រុម គឺក្រុម​ទី១ មាន ​១០ នាក់​ ជា​បេក្ខជន​ដែល​មិន​ធ្លាប់ទៅ​ជប៉ុ​ន ឬធ្លាប់​ទៅជប៉ុន​ក្រោម ​១៤ ថ្ងៃ និង​ក្រុមទី២ គឺបេក្ខជន ដែល​ធ្លាប់​ទៅ​ជប៉ុន​លើស​ពី​ ១៤ ថ្ងៃ​ឡើង​ទៅ។

កញ្ញា​ឱ្យដឹង​ថា ចំពោះ​រង្វាន់​សម្រាប់​បេក្ខជ​​ន​​ក្នុង​ក្រុម​នីមួយ​ៗ គឺ​មាន​ផ្សេង​គ្នា ដោយ​​បេក្ខជន​ក្រុម​ទី១ ហើយ​ជា​បេក្ខ​ជន​ជយលាភី​លេខ ១​ មាន​ឱកាស​ទៅទស្ស​នកិច្ច​នៅ​ប្រទេស​ជប៉ុន លេខ ២ បាន​រង្វាន់​កុំ​ព្យូទ័រ​យួរដៃ​ថ្មី​ ១ គ្រឿង និង​លេខ ៣ បាន​ថេប្ល៊ិត។ ចំណែក​​បេក្ខ​ជន​ក្រុម​ទី​២ ហើយ​បេក្ខជន​​ទទួលបាន​លេខ ១ ​បាន​រង្វាន់​កុំ​ព្យូទ័រ​យួរ​ដៃ លេខ ២ បាន​ថេប្ល៊ិត។ ដោ​យ​ឡែក​ចំពោះ​បេក្ខជ​ន​​ទាំង ​១៥ នាក់ បើ​មាន​បច្ចេក​ទេ​​ស​ក្នុង​ការ​និយាយបាន​​ល្អ​ ក៏​ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ដ​ផងដែរ។

កញ្ញា​​បន្ដថា​៖ «ឆ្នាំ​នេះ​ បេក្ខជន​ដាក់​ពាក្យ​ប្រកួត​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ព្រោះ​យើង​បាន​រឹត​បន្តឹង​លើ​នីតិ​វិធី​នៃ​ការ​ជ្រើ​សរើស​បេក្ខជន។ ការ​ជ្រើស​រើ​ស​បេក្ខជន​នេះ យើង​បាន​ជ្រើស​រើស​សិស្ស​ពី​តាម​បណ្ដា​​​សាលា​រៀន​ជាង ៥០ ​នៅ​ភ្នំពេ​ញ​​ និង​នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​សិក្សា​ភាសាជប៉ុន ដែល​ចាប់ផ្ដើម​តាំង​ពី​ខែ​មករា​ ឆ្នាំ ២០១៩ នេះ​រហូត​មក»។

ហ្វីលីយ៉ាន បាន​ឱ្យ​ដឹង​​ទៀត​ថា កម្មវិធីប្រកួត​នេះក៏មាន​គោល​បំណង​ដើម្បី​ពង្រី​ក​បន្ថែម​នូវ​វិស័យ​ភាសាជប៉ុន​ទៅ​ដល់​សិស្ស​និស្សិត​កម្ពុជា និ​ង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ភាសា​​ជប៉ុន ​ចំពោះទីផ្សារ​ការ​ងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត។

យុវតី រិទ្ធ សម្ភស្ស បេក្ខនារី​មក​ពី​ខេត្ដ​សៀម​រាបបាន​ប្រាប់​ថា នាង​បាន​ចំណាយ​ពេល​រៀន​ភាសា​ជប៉ុន​ជាង​ ២ ឆ្នាំ​ មកហើយ​នៅ​សាលា​ភាសា​​ជប៉ុន​មួយ​នៅ​ខេត្ដ​សៀម​រាប ទើបមាន​ឱកាស​ដាក់​ពាក្យ​ប្រកួត​លើក​នេះ។

យុវតី​រូបនេះ​បាន​បន្ដថា​៖​ «ខ្ញុំ​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ហើ​យ ប៉ុន្ដែ​មិន​ទាន់​បន្ដចូល​រៀន​បរិញ្ញា​​​​​បត្រទេ។ ខ្ញុំ​រៀន​ភាសា​ជប៉ុ​ន​នេះ ​ព្រោះ​សាលារៀន​នេះ នៅសៀម​រាបគេឱ្យ​រៀន​មិន​យក​ប្រាក់​ទេ។ ការ​រៀន​ភាសាក៏មាន​ការ​លំបាក​ដែរ ប៉ុន្ដែ​សប្បាយ​ពេល​រៀន​។​ ខ្ញុំ​រៀន​ភាសានេះព្រោះ​នៅសៀ​ម​​រាប​មាន​ភ្ញៀវ​ទេសចរជប៉ុន​ច្រើន តែ​មិន​សូវ​មាន​អ្នក​ចេះ​ទេ ទើប​ខ្ញុំ​ទៅ​រៀ​»។

យុវជន ទ្រី ប៉ាក់លាង បេក្ខជ​ន​​ក្រុម​លេខ ២ និង​ធ្លាប់​មាន​បទ​ពិសោធទៅ​សិក្សា​នៅ​ប្រទេ​ស​​ជប៉ុន ​២ ឆ្នាំ​ផង នោះ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែលខ្លួន​​ចូលរួម​ប្រកួតនេះ ព្រោះ​មាន​សារ​ចង់​និយាយ​ទៅ​កាន់​សាធារណជន។

យុវជន​រូប​នេះ​បញ្ជាក់ថា​៖​ «សារ​នេះ ​ខ្ញុំ​ចង់​បង្ហាញថា ភាគច្រើន​យុវជន​យើងទៅ​សិក្សា​​នៅ​បរទេស ពួកគាត់​តែង​តែ​លើក​ឡើងថា លែង​ចង់​ត្រឡប់​មក​វិញព្រោះ​ឈ្លក់​វង្វេ​ង​​នឹង​ប្រទេស​ជឿន​លឿន។ អ៊ីចឹង​ខ្ញុំ​ចង់​ពាំនាំ​ថា បើ​ម្នាក់ៗ​ទៅ​ហើយ​អត់ចង់​មកវិញ តើ​មាន​អ្នកណា​ជួយ​អភិវឌ្ឍ​ប្រទេស​យើង​ ដែល​កំពុង​អភិវឌ្ឍនេះ​។ នេះ​ជាអ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ក្នុង​ការ​ប្រកួត​នេះ»៕