
សិស្សកម្ពុជាចូលរួមពិព័រណ៍អប់រំអាមេរិក។ ហ្វេសប៊ុក
ភ្នំពេញៈ ចាប់តាំងពីឆ្នាំ ២០១២ រហូតមកទល់នឹងឆ្នាំ ២០១៨ ជនជាតិខ្មែរប្រមាណ ៦៥៨ នាក់ហើយ បានទៅសិក្សា និងកំពុងសិក្សានៅសហរដ្ឋអាមេរិក ខណៈចំនួននេះបានកើនឡើង ២០ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៧។ នេះបើតាមការឲ្យដឹងពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។
លោកស្រី Emily Zeeberg អ្នកនាំពាក្យសា្ថនទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទម្សិលមិញនេះថា៖ «យើងមានក្តីរំភើបដែលយុវវ័យកម្ពុជាកាន់តែចាប់អារម្មណ៍ក្នុងការសិក្សានៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាជាង ៦៥០ នាក់កំពុងសិក្សានៅសហរដ្ឋអាមេរិកនៅតាមគ្រឹះស្ថានអប់រំឧត្តមសិក្សាចំនួន ២៣៩ កន្លែងផ្សេងគ្នា»។
លោកស្រីបន្ដថា សម្រាប់កម្មវិធីពេញនិយមស្ថានទូតអាមេរិកក៏ផ្តល់កម្មវិធីផ្លាស់ប្តូរការសិក្សាខុសៗគ្នាជាង ២០ សម្រាប់សិស្ស-និស្សិតដើម្បីសិក្សាអំពីការផ្លាស់ប្តូររយៈពេលខ្លីនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
លោកស្រីបន្ថែមថា៖ «ជារៀងរាល់ឆ្នាំយើងបានបញ្ជូនប្រជាជនកម្ពុជាជាង ៧០ នាក់ទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាដែលឧបត្ថម្ភដោយស្ថានទូត»។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា តាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតក្នុងពេលថ្មីៗនេះ បានបង្ហាញថា គ្រាន់តែនៅក្នុងឆ្នាំ ២០១៨ ចំនួនជនជាតិខ្មែរដែលសិក្សានៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងចំនួន ២០ ភាគរយ ខណៈចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ ឆ្នាំ ២០១៧ ប្រជាជនខ្មែរទៅសិក្សានៅអាមេរិកចំនួន ៥១២ នាក់ ហើយមកទល់នឹងឆ្នាំ ២០១៨ កើនឡើងរហូតដល់ ៦៥៩ នាក់។
ស្ថានទូតអាមេរិកបានលើកឡើងថា៖ «ការបានសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកគឺជាជោគជ័យមួយសម្រាប់ប្រទេសកម្ពុជា»។
ដោយឡែកកាលពីថ្ងៃចន្ទម្សិលមិញនេះ ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាអប់រំសហរដ្ឋអាមេរិក (Education USA) នៅកម្ពុជាបានរៀបចំពិព័រណ៍មួយស្តីពីការអប់រំនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០១៩។ ពិព័រណ៍នេះបានផ្ដល់ឱកាសឲ្យសិស្ស-និស្សិតខ្មែរអាចសួរនាំជុំវិញការសិក្សា និងអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកផងដែរ។
លោក ជា សុធា ប្រធានប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអប់រំសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា ពិព័រណ៍ឆ្នាំនេះនឹងមានតំណាងមកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យចំនួនជាង ២៥ នាក់ មកផ្ដល់ព័ត៌មានដល់សិស្ស-និស្សិតកម្ពុជាពីកម្មវិធីសិក្សា លក្ខខណ្ឌក្នុងការទទួលចូលរៀន និងឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សានៅក្នុងសហរដ្ឋអាមេរិក។
កាលពីឆ្នាំ ២០១៧ ពិព័រណ៍ការសិក្សានេះទទួលបានសិស្ស-និស្សិតប្រមាណជាង ១០០០ នាក់មកចូលរួម។
លោកថា៖ «ឆ្នាំនេះ យើងសង្ឃឹមថានឹងមានសិស្ស-និស្សិតមកចូលរួមជិត ២០០០ នាក់ថែមទៀត»។
ពិព័រណ៍នេះគឺជាកន្លែងពិសេសមួយសម្រាប់ឲ្យសិស្ស-និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សានៅក្នុងសាកលវិទ្យាល័យសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌល Education USA គឺជាបណ្តាញនៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួន ៤០០ មជ្ឈមណ្ឌល របស់ក្រសួងការបរទេសអាមេរិក បណ្តាញនេះផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិកដល់និស្សិតនៅជុំវិញពិភពលោក ១៧០ ប្រទេស ដោយផ្តល់ព័ត៌មានថ្មីៗ ពេញលេញ និងត្រឹមត្រូវ ស្តីពីឱកាសសិក្សានៅតាមស្ថាប័នមហាវិទ្យាល័យដែលមានការទទួលស្គាល់នៅក្នុងសហរដ្ឋអាមេរិក៕