ភ្នំពេញៈ និស្សិត​ចុះឈ្មោះ​សិក្សា​នៅតាម​គ្រឹះស្ថាន​ឧត្ដមសិក្សា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ មាន​ការធ្លាក់​ចុះបើ​ធៀប​ទៅនឹង​ឆ្នាំសិក្សា​មុនៗ ដែល​ការធ្លាក់ចុះ​នៃ​ចំនួន​និស្សិត​ចុះឈ្មោះ​ចូលរៀន​នេះ​ត្រូវ​បាន​អ្នក​នៅក្នុង​វិស័យ​អប់រំ​បន្ទោស​ទៅលើ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ហេង វ៉ាន់ដា ប្រធាន ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ចាប់តាំងពី​ជំងឺ​កូវីដ​ ១៩ បាន​រីករាលដាល​មកដល់​ប្រទេស​កម្ពុជា និស្សិត ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​វ៉ាន់ដា​របស់​លោក​ផ្ទាល់​បាន​ឈប់​មក​បង់ប្រាក់​បន្ត​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​ជា​បន្តបន្ទាប់ ហើយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ មាន​សិស្ស​ចាស់​បានមក​បន្ត​ការសិក្សា​ប្រមាណ ៤០ ​ភាគរយ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​នៅ​វិទ្យាស្ថាន​ខ្ញុំ និស្សិត​ត្រូវ​ចូលរៀន​នៅ​ថ្ងៃស្អែក ខាន​ស្អែក​នេះ​ហើយ​វគ្គ​សិក្សា​ដំបូង​មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ប្រមាណ ៦០ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​មុន​ពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩»​។ បើតាម​លោក ហេង វ៉ាន់ដា វិទ្យាស្ថាន​របស់​លោក​កាលពី​មុនពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី វគ្គ​ដំបូង​មាន​និស្សិត​ចុះឈ្មោះ​ចូល​រៀន​ប្រមាណ ១ ៥០០ ​នាក់​។ បើ​បូករួម​នឹង​ការចូល​រៀន​វគ្គ​បន្តបន្ទាប់​ទៀត​អាច​មាន​និស្សិត​ចុះឈ្មោះ​ចូលរៀន​ប្រមាណ​ ៣ ០០០ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវ​យើង​ឃើញថា ថ្ងៃ​ចូលរៀន​វគ្គ​ដំបូង​មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​មាន​ចំនួន​មិន​ដល់​ ១ ០០០​ នាក់​ផង​។ សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​បើតាម​ខ្ញុំ​សាកសួរ​ទៅ​ចំនួន​និស្សិត​មក​ចុះឈ្មោះ​សិក្សា​មាន​តិចជាង​ខ្ញុំ​ផង​។ បញ្ហា​នេះ​បាន​ប៉ះពាល់​ទាំងអស់​គ្នា យើង​មិនអាច​បន្ទោស​អ្នកណា​បានទេ គឺ​បន្ទោស​វិបត្ដិ​ជំងឺ​កូវីដ ​១៩ ​តែម្ដង​»​។

បើតាម​លោក វ៉ាន់ដា និស្សិត​មក​បន្ត​ការសិក្សា​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​ប្រមាណ​ ៨០ ​ភាគរយ ពួកគេ​មកពី​ជនបទ​គឺ​មិនមែន​ជា​អ្នករស់នៅ​ភ្នំពេញ​ទេ​។ លោក​ថ្លែងថា នៅពេល​និស្សិត​ឡើងមក​បន្ត​ការសិក្សា ពួកគេ​ត្រូវ​រក​ជួល​ផ្ទះ​ស្នាក់នៅ​ដើម្បី​សិក្សា​បណ្ដើរ​ស្វែងរក​ការងារ​ធ្វើ​បណ្ដើរ​រកប្រាក់​មក​បង់​ថ្លៃ​សិក្សា និង​ការចំណាយ​ផ្សេងៗ​ទៀត​។

លោកស្រី រដ្ឋា ពុទ្ធិកា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន​ថ្លែង​កាលពី​ម្សិលមិញ​ថា ចំនួន​សិស្ស​មក​ចុះឈ្មោះ​ចូលរៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ដែល​ចាប់ផ្ដើម​ចូលរៀន​នៅ​ថ្ងៃទី​ ១៨ ខែ​មករា​ម្សិលមិញ បើ​ធៀប​នឹង​ឆ្នាំមុន​គឺ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ​។ លោកស្រី​បញ្ជាក់ថា​៖ «​ហើយ​យើង​សង្ឃឹម​ថា អាច​នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​ទៀត ទម្រាំ​ដល់​ថ្ងៃ​បិទ​ការទទួល​ចុះឈ្មោះ​ចូលរៀន​»​។

លោកស្រី ពុទ្ធិកា​ថា បច្ចុប្បន្ន​សាកលវិទ្យាល័យ​អន្តរជាតិ ផារ៉ាហ្គន មាន​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​អនុបណ្ឌិត​។ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​មានមុខ​ជំនាញ​សិក្សា​ចំនួន ៩ ​សម្រាប់​សិស្ស​ជ្រើសរើស​បន្ត​ការសិក្សា​។ សម្រាប់​សិស្ស​ថ្មី​ដែល​ទើប​ចូលរៀន​វគ្គ​ដំបូង​នៅ​ថ្ងៃទី​ ១៨ ខែ​មករា សាកលវិទ្យាល័យ​ក៏​នៅតែ​បន្ត​ទទួល​សិស្ស​ថ្មី​ចុះឈ្មោះ​ចូលរៀន​ផងដែរ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ពី​ម្សិលមិញ​ថា នាយកដ្ឋាន​ឧត្តមសិក្សា​ដែល​ជា​សេនាធិការ​នៃ​ក្រសួង​អប់រំ​បាន​បញ្ជូន​បញ្ជី​បេក្ខជន ដែល​បាន​ដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ឆ្នាំ​សិក្សា ២០២០-២០២១ នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​បេក្ខជន​បានស្នើ​។ លោក​ថ្លែងថា​៖ ​​«​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​ឯកជន​ទាំង ៣៩ ដែល​បានផ្តល់​អាហារូបករណ៍​ជាង ៩ ០០០ ​កន្លែង​នឹង​ពិនិត្យ​សំណើសុំ​អាហារូបករណ៍​របស់​បេក្ខជន​តាម​នីតិវិធី​របស់​គ្រឹះស្ថាន​ឧត្តមសិក្សា​នីមួយៗ​»​។

លោក​បណ្ឌិត ឈត ប៊ុនថង ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សង្កេត​ចំនួន សាកលវិទ្យាល័យ និង​វិទ្យាស្ថាន សម្រាប់​ផ្ដល់​ការសិក្សា​ដល់​សិស្ស​កម្រិត​មហាវិទ្យាល័យ​គឺ​មាន​ចំនួន​ច្រើន​លើសពី​ចំនួន​និស្សិត​ដែល​ត្រូវ​ចូល​សិក្សា​។

លោក​ថ្លែងថា​៖ «​បើទោះបី​ជា​គ្មាន​ការវាយលុក​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​ក៏ដោយ​ក៏​ចំនួន​និស្សិត​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាកលវិទ្យាល័យ​តិច​ ឬ​ច្រើន​ក៏មាន​ការថយចុះ​ដែរ ព្រោះតែ​សាលារៀន​ច្រើន​លើស​ចំនួន​សិស្ស​»​។

លោក ប៊ុនថង លើកឡើង​ថា ព្រោះតែ​វិបត្ដិ​កូវីដ ​១៩ ស្ថានភាព​គ្រួសារ​របស់​សិស្ស​ក៏​មាន​ការលំបាក ដូច្នេះ​សាកល​វិទ្យាល័យ​ ឬ​វិទ្យាស្ថាន​គួរ​បញ្ចុះតម្លៃ​សិក្សា​នៅក្នុង​កម្រិត​ណាមួយ ដើម្បី​អាចឱ្យ​សិស្ស​បន្ត​ការសិក្សា​បាន​។

បើតាម​ក្រសួង​អប់រំ សិស្ស​ដែល​ត្រូវ​បានឱ្យ​ជាប់បាក់ឌុបដោយស្វ័យប្រវត្តិនៅក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ​មាន​ប្រមាណ​ជិត​ ១២ ​ម៉ឺន​នាក់​៕

វីដេអូ៖