ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា និស្សិត​ជយលាភី​ជិត​ ៥០ ​នាក់​ គ្រោង​នឹង​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​នាពេល​ខាង​មុខ​។ លោក​ ហ៊ុន ម៉ាណែត ប្រធាន​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ទាំងនេះ​ជា​ធនធាន​ដ៏មាន​សក្តានុពល​សម្រាប់​កម្ពុជា​ក្នុង​ការរួមចំណែក​រុញច្រាន​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន​។

បើ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ហេង សួរ អ្នកនាំពាក្យក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ៥ ខែ​សីហា បាន​ឲ្យ​ដឹងថា និស្សិត​ដែល​គ្រោង​នឹង​ទៅ​បន្ត​សិក្សា​នៅ​ប្រទេស​ជប៉ុន​នាពេល​ខាង​មុខ​មាន​ចំនួន​ ៤៨ ​នាក់​។ ពួកគេ​បាន​ទទួល​ជយលាភី​នូវ​អាហារូបករណ៍​ JDS និង​ជយលាភី​នៃ​អាហារូបករណ៍ MEXT​។

លោក​ ហ៊ុន ម៉ាណែត ប្រធាន​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​បេក្ខភាព​និស្សិត​ជយលាភី​នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល និស្សិត​ជាប់​ជយលាភី និង​អតីត​និស្សិត​អាហារូបករណ៍​ចំនួន​ ១២១ ​នាក់​​ ពី​ម្សិលមិញ​លោក​ថ្លែង​ថា និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ជប៉ុន​នោះ គឺជា​ធនធាន​ដ៏មាន​សក្តានុពល​សម្រាប់​កម្ពុជា​។ ធនធាន​បែបនេះ​សម្រាប់​ជា​ការរួម​ចំណែក​រុញច្រាន​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

លោក​ ហ៊ុន ម៉ាណែត ដែលជា​អគ្គមេបញ្ជាការង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ផង​នោះ លោក​ក៏បាន​ណែនាំ​ដល់​និស្សិត​ជយលាភី​ទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែង រៀនសូត្រ​ទទួល​យក​បទពិសោធ​ពី​ប្រទេស​ជប៉ុន​ដែល​ឈានមុខ​គេ រីកចម្រើន​ខាង​បច្ចេកវិទ្យា​។ លោក​ជំរុញ​ឲ្យ​និស្សិត​ជយលាភី​ចាប់យក​ឲ្យ​បាន ដើម្បី​មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ជឿនលឿន​បន្តទៀត​។

ប្រធាន​យុវជន​រូបនេះ​បញ្ជាក់ថា​៖ «​ប្អូនៗ​ដែល​ទទួល​បាន​អាហារូបករណ៍​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ ១២០% ដោយ​ ១០០% សិក្សា​នៅក្នុង​ថ្នាក់ និង​ ២០% ​ទៀត​សិក្សា​ស្វែងយល់​បន្ថែមទៀត​ពី​បរិយាកាស​នៅ​ខាងក្រៅ​»​។

លោក​បន្ថែមថា​៖ «​ដោយ​ត្រូវ​ចេះ​បង្កើន​នូវ​ទំនាក់ទំនង និង​មិត្តភាព​ជាមួយ​បណ្តា​និស្សិត​ដទៃទៀត និង​ឆ្លៀតឱកាស​ធ្វើជា​អគ្គរាជទូត​របស់​កម្ពុជា​ក្នុង​ការផ្សព្វផ្សាយ​នូវ​វប្បធម៌​ក៏ដូចជា​អរិយធម៌ ព្រមទាំង​តំបន់​ទេសចរណ៍ ដែល​មាន​សក្តានុពល​ដ៏សម្បូរបែប​របស់​កម្ពុជា ដើម្បី​លើក​ជាតិ​របស់​យើង​»​។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ទៀតថា អាហារូបករណ៍​កម្មវិធី JDS បាន​ចាប់ផ្តើម​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន នៅ​ឆ្នាំ​ ២០០០ ដោយមាន​និស្សិត​សរុប​ ៤១៦ ​នាក់​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ចំនួន​ ២ ​នាក់​ ជា​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន​មាន​និស្សិត​ដែល​កំពុង​បន្ត​ការរស់នៅ​ប្រទេស​ជប៉ុន​ចំនួន ៨៥៧ ​នាក់​។ ចំណែក​អាហារូបករណ៍​របស់​ក្រសួង​អប់រំ​ (MEXT) ​បាន​ចាប់ផ្តើម​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ឆ្នាំ​ ១៩៩៣ ដែលមាន​និស្សិត​ជាង​ ១ ១០០ ​នាក់​​ ដោយ​មាន​ចាប់ពី​កម្រិត​កម្មករ​ជំនាញ​រហូតដល់​ថ្នាក់បណ្ឌិត​។

ក្រសួង​ការងារ​បាន​បញ្ជាក់​ទៀតថា​៖ «​ចាប់ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​បច្ចុប្បន្ន និស្សិត​កម្ពុជា​ដែល​បាន​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ច្រើន​ពាន់​នាក់ បើ​រាប់បញ្ចូល​ទាំង​វគ្គ​ខ្លីៗ​មួយចំនួន​ផង​នោះ​។ រីឯ​និស្សិត​ដែល​បាន​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ស្រាវជ្រាវ ស្ថាប័នរដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដែល​ធនធាន​ទាំងនេះ​បាន​ជួយ​អភិវឌ្ឍ​ប្រទេស កសាង​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​»​។

តំណាង​និស្សិត​ជយលាភី​អាហារូបករណ៍​លោក​ សំ សុភាព បានលើក​ឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​ខ្លួន និង​តំណាង​ឲ្យ​និស្សិត​ដទៃ​ថា ពួកគេ​នឹង​យក​ចំណេះដឹង និង​បទពិសោធ​ល្អៗ​ដែល​ទទួល​បាន​ពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន មក​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​បន្ថែម​ទៀត​។

លោក សុភាព បាន​ថ្លែង​ថា​៖ «​តំណាង​និស្សិត​ជយលាភី​អាហារូបករណ៍ JDS និង តំណាង​និស្សិត​ជយលាភី​អាហារូបករណ៍ MEXT ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែល​បាន​រៀបចំ​ពិធី​ជួបជុំ​ប្រកប​ដោយ​ភាពរីករាយ និង​ស្និទ្ធស្នាល​នេះ​ឡើង​»​។

យុវជន សំ សុភាព បាន​បញ្ជាក់ថា​៖ «[​ខ្ញុំ​] ​ប្តេជ្ញាចិត្ត​ថា​នឹង​យក​ចំណេះដឹង និង​បទពិសោធ​ល្អៗ​ដែល​ទទួល​បាន​ពី​ប្រទេស​ជប៉ុន​មក​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​កំពុងតែ​មាន​ការអភិវឌ្ឍ​ស្រាប់ ក្រោម​មាគ៌ា​ដឹកនាំ និង​ម្លប់​សន្តិភាព​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ [​ហ៊ុន សែន​] ​ដែល​បាន​ប្រែក្លាយ​ប្រទេស​ពី​បាតដៃ​ទទេ​រហូត​ស្មើមុខ ស្មើ​សិទ្ធិ ទាំង​ក្នុង​តំបន់ និង​ក្នុង​សកលលោក​»៕