
អតីតនិស្សិតជួបជុំបង្ហាញផលវិជ្ជមានកាលពីថ្ងៃអង្គារ ក្រោយបញ្ចប់ការសិក្សាពីឥណ្ឌា។ វ៉ន ដារ៉ា
ភ្នំពេញៈ ក្រុមអតីតនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌាប្រមាណជិត ១០០ នាក់ បានមកជួបជុំគ្នាចែករំលែកបទពិសោធ និងលទ្ធផលវិជ្ជមានតាមរយៈចំណេះដឹង ដោយពួកគេបង្ហាញនូវក្តីរំពឹងខ្ពស់ក្នុងជីវិតការងារ បន្ទាប់ពីបញ្ចប់ការ សិក្សាដែលការជួបជុំនេះធ្វើឡើងក្នុងពិធី ICCR Foundation Day កាលពីថ្ងៃអង្គារនៅសណ្ឋាគារ Great Duke ភ្នំពេញ។
លោក សៅ ជីវ័ន្ដ ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេស ឥណ្ឌា និងជាអតីតនិស្សិតធ្លាប់ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតពីប្រទេស ឥណ្ឌា និងបច្ចុប្បន្នកំពុងមានតួនាទីជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការទទួលបានឱកាសទៅសិក្សានៅប្រទេស ឥណ្ឌា ធ្វើឲ្យលោកទទួលបានផលវិជ្ជមានច្រើនទាំងជំនាញផ្នែកភាសាអង់គ្លេស ជំនាញវិជ្ជាជីវៈលើកម្មវិធីសិក្សាដោយទទួល ស្គាល់ជាលក្ខណៈសកល និងទទួលបានបទពិសោធជីវិតនៅទីនោះផ្ទាល់។
លោកបានបន្ដថា៖ «ឥណ្ឌាមានទំនៀមទម្លាប់ និងការគិតប្រហាក់ប្រហែលទៅនឹងប្រជាជនខ្មែរដែរ ព្រោះវប្បធម៌ អរិយធម៌ខ្មែរ និងឥណ្ឌានេះ គឺមានភាពពាក់ព័ន្ធគ្នា ដូច្នេះហើយទើបរបៀបគិតមានភាពប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យយើងអាចទៅសិក្សានៅប្រទេស ឥណ្ឌា មានភាពងាយស្រួលជាងប្រទេសផ្សេងទៀត»។
លោក ជីវ័ន្ត ធ្លាប់ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ លើជំនាញផ្នែកកសិកម្មតាំងពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២ និងបន្ដទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត ផ្នែកអប់រំផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ ១៩៩២ ដល់ ១៩៩៤ ទើបត្រឡប់មកបំពេញការងារនៅប្រទេស កម្ពុជា វិញ។
លោក ឌិត សុចង់ អតីតនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសឥណ្ឌាលើជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ (Master of Computer Application) ដែលបានទៅសិក្សារយៈពេល ៣ ឆ្នាំ (២០១៥-២០១៨) បានលើកឡើងដែរថា បទពិសោធចំពោះការទទួលបានឱកាសទៅសិក្សាអាហារូបករណ៍នៅប្រទេស ឥណ្ឌា បានធ្វើឲ្យលោកស្គាល់ការតស៊ូក្នុងជីវិតបន្ថែមក្រោយចាកចេញឆ្ងាយពីផ្ទះ ហើយអាចសម្របខ្លួនទៅនឹងវប្បធម៌ និងការរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសដទៃផងដែរ។
បច្ចុប្បន្ន ឌិត សុចង់ កំពុងមានតួនាទីល្អមួយនៅធនាគារជាតិកម្ពុជា បន្ទាប់ពីបញ្ចប់ការ សិក្សានៅប្រទេស ឥណ្ឌា កាលពីឆ្នាំ ២០១៨។
លោកបានបន្ដថា៖ «យើងក៏ទទួលបានចំណេះដឹងថ្មីៗពីមុខវិជ្ជា ដែលយើងបានរៀនជា ច្រើនដែរ ដូចជា ផ្នត់គំនិតលើបច្ចេកវិទ្យាសិប្បនិម្មិតថ្មីៗ Artificial Intelligence(AI) និងផ្នត់ គំនិតលើការគ្រប់គ្រងទិន្នន័យផ្នែកព័ត៌មានវិទ្យាជាច្រើនផងដែរ»។
បើតាម សុចង់ ក្រៅពីទទួលបានការសិក្សាមុខវិជ្ជាស្ដង់ដាពីប្រទេសឥណ្ឌា ឱកាសអាហា រូបករណ៍នេះ អាចឲ្យលោកបានទៅចូលរួមកម្មវិធីពិព័រណ៍បច្ចេកវិទ្យា និងសន្និសីទផ្នែកបច្ចេកវិទ្យាធំៗជាច្រើនផងដែរ។
លោកបានបន្ដថា៖ «ធម្មតាការលំបាកមានខ្លះ។ លើម្ហូបអាហារ និងរបៀបរបបរស់នៅស្រុកគេ មិនដូចស្រុកកំណើតយើងទេ ប៉ុន្ដែវាមិនមែនជាបញ្ហាប្រឈមខ្លាំងទេ។ យើងអាចពុះពារបាន ទុកជាបទពិសោធ ត្រឡប់មកវិញ យើងអាចទទួលបានចំណេះដឹងថ្មីៗជាច្រើនមកវិញ »។
ព្រះតេជគុណ ឃី សុវណ្ណរតនា អតីតនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេស ឥណ្ឌា និងជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានសង្ឃដីកា ថា ប្រទេស ឥណ្ឌា គឺជាប្រទេសដ៏អស្ចារ្យ ក្រោយពេលដែលទទួលបានបទពិសោធទៅសិក្សារស់នៅ និងធ្វើដំណើរនៅទីនោះ។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ប្រទេស ឥណ្ឌា ជាប្រទេសមួយដែលយើងគិតថា យើងមិនចង់ទៅ ប៉ុន្ដែបើយើងបានទៅដល់ហើយ យើងនឹងលែងចង់ចាកចេញទៅវិញ ហើយពេលដែលយើងចាកចេញពីប្រទេសនេះ យើងនឹងចង់ត្រឡប់ទៅប្រទេសនេះម្ដងទៀតមិនខាន នេះជាការពិត»។
តេជគុណបានរំឭកថា មាននិស្សិតកម្ពុជាជាច្រើនដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេស ឥណ្ឌា ហើយមានការព្រួយបារម្ភពីកន្លែងស្នាក់នៅ ដូច្នេះធ្វើឲ្យពួកគេមានការ ស្ទាក់ស្ទើរចំពោះការដាក់ប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេស ឥណ្ឌា។
ព្រះអង្គបន្តថា៖ «នេះជាភាពអកុសលមួយដែលពួកគេព្រួយបារម្ភ ហើយបោះបង់ឱកាសទៅសិក្សាអាហារូបករណ៍នៅប្រទេស ឥណ្ឌា។ ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលមួយចំនួននៅទីនេះ បានទទួលអាហារូបករណ៍ទៅសិក្សាក្នុងប្រទេស ឥណ្ឌា។ ខ្ញុំសូមលើកទឹកចិត្ដអ្នក ទាំងអស់គ្នាបើមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេស ឥណ្ឌា ហើយ គឺគួរតែទៅ។ ប្រហែលយើងបានទទួលព័ត៌មានមិនសូវល្អខ្លះពីការសិក្សានៅទីនោះ ប៉ុន្ដែនិស្សិត ដែលមានទស្សនវិស័យវែងឆ្ងាយអ្នកគួរតែទៅសិក្សាព្រោះប្រទេស ឥណ្ឌា ជាប្រទេសដ៏អស្ចារ្យមួយ។ នេះជាបទពិសោធរបស់អាត្មាដែលបានទៅសិក្សានៅទីនោះផ្ទាល់»។
លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើកឡើងថា ក្រុមប្រឹក្សាទំនាក់ ទំនងវប្បធម៌ឥណ្ឌា Indian Council of Cultural Relatives (ICCR) បានសម្រេចផ្ដល់ឱកាសអាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតបរទេស ក្នុងនោះរួមមានកម្ពុជាផងដែរ។
លោកស្រីបានថ្លែងថា៖ «ICCR មានគោលបំណងចូលរួមយ៉ាងសកម្មក្នុងការបង្កើត និងអនុវត្ដគោលនយោបាយ និងកម្មវិធីទាក់ទងនឹងវប្បធម៌ឥណ្ឌា ដើម្បីជំរុញនិងពង្រឹងទំនាក់ ទំនងវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមករវាងឥណ្ឌា និងប្រទេសដទៃ»។
លោកស្រីឯកអគ្គរដ្ឋទូតបានឲ្យដឹងទៀតថា ICCR បានសម្រេចផ្ដល់អាហារូបករណ៍ក្នុង ១ ឆ្នាំប្រមាណ ២៥ នាក់ លើការសិក្សាកម្រិតបរិញ្ញាបត្រ ថ្នាក់ក្រោយឧត្ដមសិក្សា និងការសិក្សាស្រាវជ្រាវជាដើមនៅប្រទេស ឥណ្ឌា។
ទាក់ទងនឹងចំនួននិស្សិតអាហារូបករណ៍កម្ពុជាសរុបដែលកំពុងសិក្សា និងបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌាកន្លងមក ស្ថានទូតឥណ្ឌាមិនទាន់អាចបង្ហាញបានទេ ព្រោះមិនទាន់មានទិន្នន័យនេះ។
ប៉ុន្ដែលោកស្រីឯកអគ្គរដ្ឋទូតបានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតកម្ពុជាជាច្រើនដែលបានបញ្ចប់ការសិក្សានៅប្រទេស ឥណ្ឌា ហើយកំពុងមានតួនាទីខ្ពស់ៗនៅក្នុងប្រទេស កម្ពុជា៕