ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ៧ ខែ មេសា ឆ្នាំ​ ២០២១ បានសម្រេច​បង្កើត​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នៅតាម​ផ្ទះ ដោយ​យោង​តាម​អនុសាសន៍​របស់​លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោងតាម​ឯកសារ​ ១៥ ​ទំព័រ​នៃ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​នេះ​បាន​បង្ហាញ​ពី​គោលបំណង​ ដើម្បី​កំណត់​វិធាន និង​នីតិវិធី​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​គ្មាន​រោគសញ្ញា និង​កម្រិត​ស្រាល​។

ឯកសារ​នេះ​បាន​បញ្ជាក់ថា តាម​ការប៉ាន់ស្មាន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​ ១៩​ ចំនួន​ ៨០ ​ភាគរយ​ ស្ថិតក្នុង​កម្រិត​គ្មាន​រោគសញ្ញា និង​កម្រិត​ស្រាល ដូច្នេះ​អ្នកជំងឺ​កូវីដ​ ១៩​ កម្រិត​ស្រាល​ដែល​គ្មាន​កត្តា​ប្រឈម​អាច​ទទួល​ការព្យាបាល​នៅតាម​ផ្ទះ ក្រោម​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​ជាប់​ជាប្រចាំ​ដោយ​មន្ត្រី​បុគ្គលិក​សុខាភិបាល​ និង​អ្នកស្ម័គ្រចិត្ត​ដែល​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ដើម្បី​អនុវត្ត​នៅតាម​មូលដ្ឋាន​ និង​តាម​ការវាយតម្លៃ​ផ្ទះ​របស់​អ្នកជំងឺ​ឱ្យបាន​ហ្មត់ចត់​ជាមុន​ពី​មន្ត្រី និង​បុគ្គលិក​ពាក់ព័ន្ធ​។

ឯកសារ​នេះ​បាន​បញ្ជាក់ថា​៖ «​ការដាក់​អ្នកជំងឺ​កូវីដ​ ១៩ ​ឱ្យនៅ​ដាច់ដោយឡែក​ព្យាបាល​នៅ​តាម​ផ្ទះ​មាន​សារៈសំខាន់​ជួយ​កាត់បន្ថយ​បន្ទុក​ប្រព័ន្ធ​សុខាភិបាល ដោយ​ផ្ដល់ឱ្យ​មូលដ្ឋាន​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩​ នូវ​លទ្ធភាព​បន្ថែមទៀត​ក្នុង​ការគ្រប់គ្រង​ករណី​ជំងឺ​កូវីដ​ ១៩​ ធ្ងន់ធ្ងរ និង​សង្គ្រោះបន្ទាន់​កម្រិតធ្ងន់​»​។

ឯកសារ​នេះ​ក៏បាន​បញ្ជាក់ថា ផ្អែកលើ​បទពិសោធ​ជាក់ស្ដែង​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​ឱ្យ​ដឹងថា​ ៥ ​ភាគរយ ​នៃ​អ្នកជំងឺ​កូវីដ ​១៩ ​ត្រូវការ​សង្គ្រោះបន្ទាន់​កម្រិត​ធ្ងន់ (ICU) ១៥ ​ភាគរយ​ត្រូវការ​សង្គ្រោះបន្ទាន់ (Emergency) ​និង​ ៨០ ​ភាគរយ​ត្រូវការ​តាមដាន​ និង​ត្រួតពិនិត្យ​សុខភាព​។

​ករណី​គ្មាន​រោគសញ្ញា ឬ​គ្មាន​សញ្ញា​នៃ​ការបង្ក​រោគ គឺជា​ករណី​ស្រាល​ដែល​អ្នកជំងឺ​មាន​ផ្តាសាយ ហៀរ​សំបោរ ឈឺបំពង់ក ឈឺ​សាច់ដុំ និង​សន្លាក់ កម្ដៅ​តិចជាង​ ៣៨ ​អង្សាសេ និង​កំហាប់​អុកស៊ីហ្ស៊ែន​ចាប់ពី​ ៩៥ ​ភាគរយ​ឡើង​ និង​ចង្វាក់​ដង្ហើម​ធម្មតា (១៨- ២០ ​ដង​ក្នុង​ ១ ​នាទី​សម្រាប់​មនុស្សពេញវ័យ​) និង​មិនមែន​ជា​ជន​ងាយ​ប្រឈម (​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​ចាស់ជរា​)​។

យោងតាម​ឯកសារ​នេះ​បាន​ឱ្យ​ដឹងថា​៖ «​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា ក្នុង​ករណី​ ៧០ ​ទៅ​ ៨០ ​ភាគរយ​នៃ​ចំនួន​គ្រែ​សម្រាក​ពេទ្យ​ត្រូវបាន​ប្រើប្រាស់ គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ ថ្នាក់​រាជធានី-ខេត្ត​ត្រូវ​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​ព្យាបាល​នៅតាម​ផ្ទះ​ដោយ​រក្សាទុក​ ២០ ​ទៅ​ ៣០ ​ភាគរយ​នៃ​ចំនួន​គ្រែ​សម្រាក​ពេទ្យ​សម្រាប់​អ្នកជំងឺ​ដែល​មិនអាច​អនុវត្ត​គោលការណ៍​ព្យាបាល​នៅ​តាម​ផ្ទះ​។ ការអនុវត្ត​ការព្យាបាល​នៅតាម​ផ្ទះ​នេះ​អាច​ចាប់ផ្តើម​នៅ​រាជធានី-ខេត្ត​ណាមួយ អាស្រ័យ​ទៅ​តាម​ស្ថានភាព​ផ្ទុះ​ជំងឺ​កូវីដ ១៩ ​ថ្មី​កើនឡើង​ច្រើន​គួរឱ្យ​កត់សម្គាល់ ដោយ​មិនចាំបាច់​ចាប់ផ្តើម​នៅ​ទូទាំង​ប្រទេស​ឡើយ​»​។

ដោយឡែក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​១៩ បន្ថែម​ទៀត​រហូតដល់ ១១៣ នាក់ ​ដែល​សុទ្ធតែ​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​ក្នុង​រយៈពេល​តែ​ ១ ​ថ្ងៃ ចំណែក​អ្នកស្លាប់​រកឃើញ​ ២ ​នាក់​បន្ថែម ប៉ុន្តែ​ក៏មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៩០ ​នាក់​ផងដែរ​។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៨ ខែមេសា នេះ បានឱ្យដឹងថា អ្នកជំងឺ​ដែល​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ​១៩ នេះ​មាន​ជនជាតិខ្មែរ​រហូតដល់ ១០៩ ​នាក់ និង ៤ ​នាក់​ផ្សេងទៀត​ជា​ជនជាតិ​ចិន​។

អ្នកដែល​ឆ្លង​ថ្មី​នេះ​កើតឡើង​ច្រើន​ជាងគេ ​គឺ​នៅ​រាជធានី​ភ្នំពេញ​រហូតដល់ ១០៣ ​នាក់ ខណៈ​ដែល​ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល និង​ខេត្តស្វាយរៀង មាន​ចំនួន ៣ នាក់ៗ​ដូចគ្នា និង​ខេត្តកំពត​មាន​ចំនួន​ ១ ​នាក់​។ ក្រសួង​ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវី​ជ​ ១៩ របស់​បុរស​ជនជាតិ​ខ្មែរ​ចំនួន ២ នាក់​អាយុ​ ៦៨ ​ឆ្នាំ និង​អាយុ ៤៩ ​ឆ្នាំ​ នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ​​ផងដែរ​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ខែ មេសា ឆ្នាំ​ ២០២១​។

តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ ករណី​អ្នកជំងឺ​ទាំង ២ ​នាក់ ដែល​បាន​ស្លាប់​នេះ​គឺ​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាល់ ធ្ងន់ធ្ងរ បណ្ដាលមកពី​វីរុស​កូវីដ​-១៩ ដែល​ក្រុមគ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​១៩ សរុប​ចំនួន ៣ ០២៨ ​នាក់​ ក្នុង​នោះ​អ្នកដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើន​ដល់ ២ ៤៩៦ នាក់​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ១ ៩១៤ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ០៨៥ នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ នេះ​បាន​កើនឡើង​រហូត​ដល់​ចំនួន ២៤ ​នាក់​៕