ភ្នំពេញ: ប្រទេសនូវែលសេឡង់ (New Zealand) បានផ្តល់ថវិកាប្រមាណ ៣,៨ លានដុល្លារអាមេរិកជាលើកដំបូងសម្រាប់បោសសម្អាតមីននៅកម្ពុជាក្នុងរយៈពេល ៦ ឆ្នាំ នៅគោលដៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ស្របពេលដែលសមត្ថកិច្ចខេត្តប៉ៃលិនទើបប្រមូលបានគ្រាប់មីនប្រភេទ MD៨២B ចំនួន ១០ គ្រាប់ នៅសង្កាត់បយ៉ាខា ក្រុងប៉ៃលិន។
លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃអាជ្ញាធរមីនបានថ្លែងពីថ្ងៃទី ២១ មិថុនា ថា ប្រទេសនូវែលសេឡង់ បានសម្រេចផ្តល់ថវិកាជំនួយឥតសំណង ៥,៩ លានដុល្លារ (NewZealand) ស្មើនឹងប្រមាណ ៣,៨ លានដុល្លារអាមេរិក ដើម្បីចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ជំនួយនេះសម្រាប់គម្រោងរយៈពេល ៦ ឆ្នាំ ក្នុងខេត្តគោលដៅសំខាន់ៗរួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងដំណាក់កាលទី ៤ នេះ។
លោកឲ្យដឹងថា កន្លងមកមានបណ្ដាប្រទេសជាមិត្ត និងដៃគូមួយចំនួនបានចូលរួមលើការងារសកម្មភាពមីនមនុស្សធម៌យ៉ាងសកម្មជាមួយកម្ពុជាដូចជាប្រទេសអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ន័រវែស ស្វ៊ីស អៀរឡង់ អូស្ដ្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការ UNDP និងអង្គការ UNICEF ផងដែរ។
លោក លី ធុជ បញ្ជាក់ថា៖ «យើងសូមអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។ ជាពិសេសអាជ្ញាធរមីនសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសម្ចាស់ជំនួយទាំងអស់នេះ»។
ករណីដាច់ដោយឡែកមួយទៀតកាលពីថ្ងៃទី ២០ ខែមិថុនា អាជ្ញាធរខេត្តប៉ៃលិនសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះទៅប្រមូលយកគ្រាប់មីនប្រភេទ MD៨២B ចំនួន ១០ គ្រាប់ ដែលកប់ក្នុងដីចម្ការពលរដ្ឋ ១ កន្លែងនៅភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក អ៊ឹង សុផល អធិការរងនគរបាលក្រុងប៉ៃលិនបានថ្លែងកាលពីថ្ងៃទី ២១ មិថុនា ថា គ្រាប់មីនប្រភេទ MD៨២B ចំនួន ១០ គ្រាប់នោះត្រូវបានអាជ្ញាធរ និងអង្គភាព CMAC យកមករក្សាទុកនៅទីតាំងមានសុវត្ថិភាពរួចហើយ បន្ទាប់ពីពលរដ្ឋម្នាក់បានប្រទះឃើញហើយរាយការណ៍ប្រាប់សមត្ថកិច្ច។ ក្នុងចំណោមគ្រាប់មីនទាំងនោះមានមួយចំនួននៅមានគុណភាពដែលអាចផ្ទុះបាន។
លោកបន្តថា ពលរដ្ឋបានយកគ្រឿងចក្រទៅជីកកកាយដីរបស់ខ្លួននៅក្បែរមាត់ស្ទឹង ដើម្បីពង្រាបដីឲ្យស្មើ។ លុះកំពុងជីកកកាយស្រាប់តែប្រទះឃើញគ្រាប់មីន ១០ គ្រាប់នៅក្បែរៗគ្នា ធ្វើឲ្យម្ចាស់គ្រឿងចក្រភ័យ និងផ្អាកសកម្មភាព ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំអន្តរាគមន៍ពីអង្គភាពជំនាញចុះមកយកទៅកម្ទេចចោល។
លោក អ៊ឹង សុផល បញ្ជាក់ថា៖ «ម្ចាស់ចម្ការម្នាក់ហ្នឹងគាត់ធ្លាប់បានជួលគ្រឿងចក្រយកទៅកាយពង្រាបដីរបស់គាត់នៅត្រង់ចំណុចហ្នឹងកាលពីថ្ងៃទី ២៧ ខែឧសភា ហើយប៉ះចំគ្រាប់មីនផ្ទុះយ៉ាងកក្រើករបួសធ្ងន់ ២ នាក់ ក្រោយមកក៏ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ បន្ទាប់មកគាត់ក៏ជួលគ្រឿងចក្រផ្សេង ១ ទៀតមកជីកកកាយដីហ្នឹងដដែល ស្រាប់តែប្រទះឃើញគ្រាប់មីនទាំង ១០ គ្រាប់នេះតែម្ដង»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងពីម្សិលមិញថា លោកមិនទាន់បានទទួលដំណឹងនេះនៅឡើយ ដោយលោកអះអាងថា មន្ត្រីជំនាញ CMAC កំពុងរៀបចំរបាយការណ៍។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានដឹងរឿងគេប្រទះឃើញគ្រាប់មីនហ្នឹងទេ ប្រហែលជំនាញខ្ញុំគាត់កំពុងរៀបចំរបាយការណ៍បញ្ជូនមកខ្ញុំហើយ ចាំមានរបាយការណ៍សិន ទើបខ្ញុំជម្រាបជូនបាន»។
តាមរបាយការណ៍របស់អាជ្ញាធរមីនបានឲ្យដឹងពីម្សិលមិញថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះមានមនុស្សគ្រោះថ្នាក់របួស និងស្លាប់ចំនួន ៣៥ នាក់ (ស្លាប់ ៨ នាក់ និងដាច់អវយវៈ ៩ នាក់) ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងនោះខេត្តដែលគ្រោះថ្នាក់ច្រើនរួមមាន បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ក្រចេះ ព្រះវិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង និងឧត្តរមានជ័យ៕