
ភ្នំពេញៈ សហជនជាប់ចោទ លោក នួន ជា និងលោក ខៀវ សំផន ដែលត្រូវបានចាត់ទុកជាមេដឹកនាំជាន់ខ្ពស់បំផុត នៃរបបខ្មែរក្រហមដែលនៅរស់រានមានជីវិត កាលពីម្សិលមិញ បានអះអាងអំពីភាពគ្មានកំហុសរបស់ខ្លួនចំពោះបទឧក្រិដ្ឋនៃរបបខ្មែរក្រហមដែលបានធ្វើឲ្យប្រជាជនជិតពីរលាននាក់ស្លាប់។
ថ្លែងបិទការសួរដេញដោល នៅសាលាក្តី កាលពីម្សិលមិញជនជាប់ចោទបានបដិសេធមិនទទួលខុសត្រូវចំពោះបទចោទក្នុងរឿងក្តី ០០២/០១ ហើយបានព្យាយាមរៀបរាប់ខ្លួនជាមេដឹកនាំដែលមិនដឹងអំពីការពិតដែលកើតឡើងនៅមូលដ្ឋាន។ ទោះជាយ៉ាងណា លោក នួន ជា បានឆ្លើយតបដូចគ្នា ក្នុងអំឡុងសវនាការស្តីពីផលប៉ះពាល់មកលើជនរងគ្រោះកាលពីខែ ឧសភា ដោយលោកទទួលស្គាល់នូវការទទួលខុសត្រូវខាងសីលធម៌ ចំពោះការបាត់បង់ការគ្រប់គ្រងក្នុងរបបខ្មែរក្រហម បើទោះបីជាលោកគ្រាន់តែដឹងអំពីឧក្រិដ្ឋកម្មរហូតដល់ចុង បញ្ចប់នៃរបបកម្ពុជាប្រជាធិបតេយ្យក្តី។
បុរសអាយុ ៨៧ ឆ្នាំរូបនេះ ដែលគេស្គាល់ថា បងធំទី ២ បានអះអាងថា សោកនាកម្មនៃរបបនេះបណ្តាលមកពីអំពើប្រព្រឹត្តដោយជនក្បត់ជាតិ គឺមេដឹកនាំថ្នាក់តំបន់ កម្មាភិបាលថ្នាក់ទាប ឬភ្នាក់ងារបរទេស។ ប៉ុន្តែ ខណៈដែលលោក នួន ជា បានថ្លែងអស់រយៈពេលជាង ៩០ នាទី លើកឡើងអំពីគោលនយោបាយជាក់លាក់ និងបន្ទោសបទឧក្រិដ្ឋនៃរបបខ្មែរក្រហមលើកលល្បិចរបស់វៀតណាម លោក ខៀវ សំផន បានថ្លែងហាក់ដូចជាបុរសដែលទទួលបរាជ័យរួចទៅហើយ។
អតីតប្រមុខរដ្ឋរូបនេះបានផ្តោតលើគំនិតដែលពិរុទ្ធភាពរបស់លោក ពេលនេះ ត្រូវបានសន្មតដូច្នេះ ហើយថា ការពន្យល់បន្ថែមទៀតនឹងគ្មានអ្នកណាស្តាប់នោះទេ។ បើទោះបីជាមានចេតនាល្អនាំភាពថ្កុំថ្កើន និងឯករាជ្យមកឲ្យកម្ពុជាក៏ដោយ ក៏ប៉ុន្តែ លោក ខៀវ សំផន បានថ្លែងថា លោកត្រូវបានគេចាត់ទុកជាបិសាច ហើយកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីពន្យល់ការពិតពុំត្រូវបានយកចិត្តទុកដាក់ដោយតុលាការឡើយ។ ថ្លែងក្នុងសាលសវនាការ មិនមែនក្នុងបន្ទប់ដែលលោកនៅភាគច្រើន ក្នុងអំឡុងសវនាការពិនិត្យភ័ស្តុតាងកាលពីម្សិលមិញដោយសារតែសុខភាពមិនល្អ លោក នួន ជា បានតវ៉ាថា ខ្លួនគ្មានកំហុសទេ ។ លោកបានថ្លែងថា៖ «បើទោះបីជាមានការជំនុំជម្រះនេះក៏ដោយ ក៏ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ខ្ញុំមិនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសដែលបានចោទដោយសហព្រះរាជអាជ្ញាទេ។ និយាយឲ្យខ្លី ខ្ញុំគ្មានកំហុសទេទាក់ទងនឹងការចោទប្រកាន់ទាំងនោះ»។
ការជំនុំជម្រះលើក ទី១ ក្នុងសំណុំរឿង ដែលបានបំបែកនេះ ផ្តោតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំដំបូងពី ភ្នំពេញ និងបន្ទាប់មកពីតំបន់ដទៃទៀត និងការសម្លាប់ទាហានសាធារណរដ្ឋខ្មែរ នៅវាលពិឃាត ទួលពោធិ៍ជ្រៃ។ លោក នួន ជា បានបន្តចោទសួរភ័ស្តុតាង ដែលត្រូវបានបង្ហាញ នៅចំពោះមុខអង្គជំនុំជម្រះហើយលោកបានថ្លែងថា បើទោះបីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ដែលទទួលបន្ទុកលើការអប់រំ និងការឃោសនានយោបាយ លោកគ្រាន់តែអប់រំ ឬណែនាំកម្មាភិបាល «ឲ្យស្រឡាញ់គោរព និងបម្រើប្រជាជន និងប្រទេសប៉ុណ្ណោះ»។ លោកឲ្យដឹងទៀតថា៖ «ខ្ញុំមិនដែលអប់រំ ឬណែនាំពួកគេឲ្យធ្វើបាប ឬសម្លាប់មនុស្ស ឬបង្អត់អាហារ ឬប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឡើយ»។
លោក ជា បានអះអាងថា បើទោះបីជាកុម្មុយនីស្តវៀតណាមបានចាកចេញពីកម្ពុជា ក្នុងឆ្នាំ ១៩៧៣ ក៏ដោយ ក៏ប៉ុន្តែភ្នាក់ងារសម្ងាត់វៀតណាម បានបន្តជ្រៀតជ្រែកក្នុងគណបក្ស និងកងទ័ពទូទាំងប្រទេស។ ដោយបន្ទោសការបង្ខំឲ្យធ្វើការ ការអត់ឃ្លាន និងការសម្លាប់ដោយសេរីទៅលើភ្នាក់ងារផ្សេងៗ ដោយសកម្មភាពទាំងនេះ ផ្ទុយនឹងមូលហេតុ និងគោលនយោបាយរបស់បក្សកុម្មុយនីស្តកម្ពុជា លោក ជា បានទម្លាក់ការទទួលខុសត្រូវលើបទឧក្រិដ្ឋរបស់របបខ្មែរក្រហម លើប្រទេសជិតខាងនៅខាងកើតកម្ពុជា។ លោកបានបន្ថែមថា៖ «ផ្អែក លើមូលហេតុទាំងនេះ ខ្ញុំអាចសន្និដ្ឋានថា សកម្មភាពទាំងនោះពិតជាអំពើប្រព្រឹត្តឡើងដោយវៀតណាម»។ ទាក់ទងនឹងការជម្លៀសចេញ ពីភ្នំពេញ លោក ជា បានជំទាស់គោលគំនិតរបស់ព្រះរាជអាជ្ញាដែលថា បក្សកុម្មុយនីស្តកម្ពុជា ចង់បង្កើតរដ្ឋទាសភាពពីដំបូង ហើយថា ការជម្លៀសនេះគឺជាការបង្ខំ ឬប្រើអំពើហិង្សា។
លោកបានបញ្ជាក់ថា៖ «ផ្ទុយទៅវិញ បក្សកុម្មុយនីស្ត បានរំដោះប្រជាជនពីទាសភាព» ដោយលោកលើកមូលហេតុភាពក្រីក្រ កង្វះអាហារ និងអំពើពុករលួយក្នុងរបបសាធារណរដ្ឋ លន់ នល់។
«ទន្ទឹមនឹងនេះ ប្រជាជនយល់ដឹងអំពីស្ថានការណ៍គ្រោះថ្នាក់ និងភាពចាំបាច់សម្រាប់ប្រទេស។ ជាពិសេស ប្រជាជនបានគាំទ្រ និងស្រឡាញ់បដិវត្តន៍»។
បន្ទរការលើកឡើងរបស់ក្រមមេធាវីការពារក្តី លោក នួន ជា បានអះអាងថា ជនត្រូវចោទពុំទទួលបានការជំនុំជម្រះដោយយុតិ្តធម៌ទេ»។ លោកបានបន្តថា៖ «ចម្លើយកសិណរបស់យើងពុំមានអត្ថន័យអ្វីទេ ព្រោះអ្នកលម្អៀងយ៉ាងច្បាស់»។ «ទោះជាយ៉ាងណា ខ្ញុំចង់សម្តែងការសោកស្តាយខ្លាំង នឹងការទទួលខុសត្រូវខាងសីលធម៌ ចំពោះជនរងគ្រោះ និងប្រជាជនកម្ពុជាទាំងអស់ដែលទទួលរងការឈឺចាប់ក្រោមរបបខ្មែរក្រហម»។ លោក នួន ជា បានបញ្ចប់ដោយស្នើសុំឲ្យតុលាការលើកចោលការចោទប្រកាន់ទាំងអស់លើរូបលោក។
ពេលលោក ខៀវ សំផន អាយុ ៨២ឆ្នាំ បានថ្លែងបិទការសួរដេញដោល លោកបានផ្តោតលើជំនឿខាងនយោបាយមុនឆ្នាំ ១៩៧៥ ដែលមានគោលបំណងកសាងប្រទេសកម្ពុជាដែលឯករាជ្យ មានសន្តិភាព និងមានសមភាព។
លោក ខៀវ សំផន បន្តថា ពិរុទ្ធភាពដែលបានសន្មតរបស់លោក គឺផ្អែកលើគោលគំនិតដែលលោកគួរបានព្យាករថា តើអ្វីនឹងកើតឡើងបន្ទាប់ពីខ្មែរក្រហមកាន់អំណាច។ «ខ្ញុំចង់លើកឡើងម្តងទៀតថា ខ្ញុំមិនបានមើលឃើញអ្វីដែលអាចកើតឡើងនៅពេលនោះទេ បន្ទាប់ពីជោគជ័យ ហើយខ្ញុំគ្មានអំណាចធ្វើអន្តរាគមន៍ទេ»។
លោក ខៀវ សំផន បានឲ្យដឹងថា ៤០ ឆ្នាំមកហើយ វាងាយស្រួលនិយាយថា លោកគួរដឹង ហើយគួរធ្វើអន្តរាគមន៍ ប៉ុន្តែការពិតមិនងាយបែបនោះទេ។ «តើអ្នកគិតថា ខ្ញុំមិនបានព្យាយាមយល់អំពីស្ថានការណ៍ទេឬ? តើអ្នកពិតជាគិតថា វាគឺជាអ្វីដែលខ្ញុំឲ្យកើតឡើងចំពោះប្រជាជនខ្ញុំ»។
លោកបានឲ្យដឹងទៀតថា ការបន្តពន្យល់អ្វីដែលបានកើតឡើង នឹងគ្មានប្រយោជន៍ទេ។ «ខ្ញុំមានអារម្មណ៍ថា ទោះខ្ញុំខំព្យាយាមពន្យល់យ៉ាងណាក៏ដោយ គេនឹងមិនស្តាប់ខ្ញុំទេ។ គេនៅតែមិនយកចិត្តទុកដាក់លើអ្វី ដែលខ្ញុំត្រូវនិយាយ។ ផ្ទុយទៅវិញ ខ្ញុំយល់ថា ខ្ញុំនិយាយកាន់តែច្រើន គេគុំខ្ញុំកាន់តែច្រើន។ ជាអកុសល វាច្បាស់ថា អ្នករាល់គ្នាចង់បានរឿងមួយពីខ្ញុំនោះគឺការទទួលស្គាល់កំហុស ដោយខ្ញុំ...ប្រសិនបើខ្ញុំនៅតែស្ងៀមស្ងាត់។ ខ្ញុំអាចរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។
នៅសាលាក្តីខ្មែរក្រហម ភាគីដើមបណ្តឹងរដ្ឋប្បវេណីដែលបានមកចូលរួមមើលនីតិវិធីបាន បង្ហាញអំពីការមិនជឿទុកចិត្តនិងមានការខឹងចំពោះការខ្វះខាត ការសារភាពពីចុងចោទ។
អ្នកស្រី បីន សីវឡា អាយុ ៥៥ ឆ្នាំមកពីខេត្ត ពោធិ៍សាត់ បានថ្លែងថា អ្នកស្រីត្រូវបានជម្លៀសទៅខេត្ត បាត់ដំបង និងក្រោយមកទៅ ប៉ោយប៉ែត ក្នុងអំឡុងរបបខ្មែរក្រហម ដោយគ្រួសារអ្នកស្រីបានបាត់បង់សមាជិកចំនួន ១១ នាក់ដោយសារការសម្លាប់និងការអត់អាហារ។ អ្នកស្រីបន្តទៀតថា៖ «ខ្ញុំ មានការខឹងខ្លាំងណាស់ចំពោះ នួន ជា និង ខៀវ សំផន និងមេធាវីការពារក្តីរបស់ពួកគេដែលហាក់បីដូចជាមានមោទនភាពអះអាងថាពួកគេគ្មានទោសកំហុស។ ពួកគេកំពុងនិយាយ ដើម្បីឲ្យមានការលើកលែងការចោទប្រកាន់»។
អ្នកស្រីបន្តថា៖«នេះជា អ.វ.ត.ក ប៉ុន្តែប្រសិនបើពួកគេនៅក្រៅតុលាការខ្ញុំនឹងកាប់ពួកគេជាកង់ៗ»។
ទូចស្រី រុន អាយុ ៥៦ ឆ្នាំ បានថ្លែងថា ការអះអាងរបស់ នួន ជា ដែលថា ប្រជាជនត្រូវបានផ្តល់ឲ្យនូវបាយហូបច្រើននិងមានត្រីនិង បង្អែម នៅក្នុងសហករណ៍ គឺមិនពិតទាំងស្រុង។ «ខ្ញុំខឹងខ្លាំងណាស់ចំពោះការឮអ្វីដែល នួន ជា បាននិយាយនៅថ្ងៃនេះ»។
លោក ឡុង បញ្ញាវុទ្ធ មន្រ្តីនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជាថ្លែងថា ពាក្យសម្តីរបស់ចុងចោទ មិនធ្វើឲ្យលោកភ្ញាក់ផ្អើលទេ។ លោកបន្តថា៖ «ចុងចោទទាំងពីរនាក់ដំបូងព្យាយាមទម្លាក់កំហុសទៅអ្នកដទៃរួមទាំង វៀតណាម ប៉ុល ពត អៀង សារី ឬ សុន សេន។ វាគ្មានអ្វីភ្ញាក់ផ្អើលទេដែលពួកគេទម្លាក់កំហុសទៅអ្នកដទៃនោះ»។
ព្រះរាជអាជ្ញា លោក William Smith បានថ្លែងនៅក្នុងសន្និសីទកាសែតមួយបន្ទាប់ពីសវនាការថា អយ្យការជឿជាក់ថា វាសំខាន់ដែលបទចោទប្រកាន់ធ្ងន់ធ្ងរដូចជាអំពើប្រល័យពូជសាសន៍ ទៅលើជនជាតិ ចាម ជនជាតិភាគតិច វៀតណាម និងសកម្មភាពរបស់មន្ទីរសន្តិសុខនានា នៅទូទាំងប្រទេស នឹងត្រូវបានលើកមកដោះស្រាយ៕ TK/PS