ភ្នំពេញៈ លោកនេន ៤ ​អង្គ​គង់នៅ​វត្ត​ ២ ​ផ្សេង​គ្នា​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចាប់​បញ្ជូន​ឲ្យ​ព្រះចៅអធិការ​វត្តផ្សឹក​ហើយ​នាំយក​ទៅ​ធ្វើការ​អប់រំ​ណែនាំ​នៅក្នុង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ខណៈ​យុវជន​ម្នាក់ទៀត​ដែល​បាន​នាំយក​គ្រឿងញៀន ទៅ​លក់​ចែកចាយ​នៅក្នុង​វត្ត​ត្រូវ​បាន​ចាប់បញ្ជូន​ទៅកាន់​តុលាការ ហើយ​តុលាការ​បញ្ជា​ឲ្យ​នាំយកទៅ​ឃុំខ្លួន​ជាបណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ​ «​ជួញដូរ​គ្រឿងញៀន​»​។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា កាលពី​ថ្ងៃ​សុក្រ​ (២០-៣-២០២០) ក្រុម​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ព្រះសង្ឃ​ ៤ ​អង្គ​ក្នុង​នោះ ២ ​អង្គ​គង់នៅ​វត្ត​ដងទង់ថ្មី​ស្ថិត​ក្នុងភូមិ​ត្រពាំងសេះ ឃុំល្អាង ស្រុក​ដងទង់ និង ២ ​អង្គ​ទៀត​គង់​នៅ​វត្ត​ក្រាំងស្បូវ ស្ថិត​ក្នុងភូមិ-ឃុំ​ក្រាំងស្បូវ ស្រុក​ឈូក ព្រម​ទាំង​យុវជន​ម្នាក់ទៀត​ពី​បទ​ប្រើប្រាស់ និង ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

លោក មធុរិទ្ធ បាន​បន្តថា ក្រោយ​ការឃាត់ខ្លួន​ព្រះសង្ឃ​ទាំង​ ៤ ​អង្គ​ត្រូវ​បាន​នាំយក​ទៅ​ប្រគល់ជូន​ព្រះចៅអធិការ​វត្ត ដើម្បី​រៀបចំ​ពិធី​ផ្សឹក​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា រួច​នាំ​ខ្លួន​ទៅ​សាកសួរ និង​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ហើយ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ ប៉ុន្តែ​ឪពុកម្ដាយ​របស់​ពួកគេ​បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​បន្សាប​គ្រឿងញៀន​ដល់​ពួកគេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​អតីត​សង្ឃ​ទាំង​ ៤ ​អង្គ​ជា​ជនរងគ្រោះ​ដោយ​ការប្រើប្រាស់​គ្រឿងញៀន សមត្ថកិច្ច​យើង​មិន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ទេ គឺ​បាន​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​ប្រគល់​ឲ្យ​ឪពុក ម្ដាយ របស់​ពួកគេ​នាំយក​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​​ឪពុកម្ដាយ​ពួកគេ​បាន​ស្នើសុំ​ឲ្យ​យើង​ជួយ​បន្សាប​គ្រឿងញៀន​ដល់​ពួកគេ ដូច្នេះ​សមត្ថកិច្ច​យើង​ក៏​បាន​បញ្ជូន​ពួកគេ​ទៅកាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្តកំពត​ជា​បណ្ដោះអាសន្ន​»​។

លោក​បាន​បន្ថែមថា ដោយឡែក​ជនសង្ស័យ​ឈ្មោះ សួន សីហា អាយុ​ ២២ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​មានរិទ្ធ ស្រុក​ដងទង់ ខេត្ត​កំពត​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នៅតាម​វត្ត​អារាម​ដែល​សមត្ថកិច្ច​បាន​តាមដាន​ជាច្រើន​​ខែ​មកហើយ​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​បង្ក្រាប​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ហើយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ដោយ​តុលាការ​ខេត្តកំពត​ក៏បាន​សម្រេច​ឲ្យ​នាំ​ជនសង្ស័យ​រូបនេះ​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ដោយ​ចោទប្រកាន់​ពីបទ​ «​ជួញដូរ​គ្រឿងញៀន​»​។

យោងតាម​របាយការណ៍​របស់​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្តកំពត ព្រះសង្ឃ​ដែល​ត្រូវបាន​ឃាត់​ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នេះ​មាន​ព្រះជន្ម​ពី​ ១៥ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំ​។

ជុំវិញ​ករណី​ព្រះសង្ឃ​វ័យក្មេង​សេព​គ្រឿងញៀន​នេះ​ប្រជាកសិករ​នៅ​ស្រុក​ឈូក ខេត្ត​កំពត​លោក ហេង ភារៈ អាយុ​ ៥៦ ​ឆ្នាំ​បាន​កត់សម្គាល់​ថា កន្លងមក​មាន​ឪពុកម្ដាយ​ខ្លះ​បានស្នើសុំ​ឲ្យ​គ្រូឧបជ្ឈាយ៍ ដែល​ជា​មេគណ​ ឬ​អនុគណ​នៅតាម​បណ្ដា​ស្រុក ឬ​ខេត្ត​មួយចំនួន​ជួយ​បំបួស​កូន​របស់​ពួកគេ​ដែល​ប្រដៅ​លែង​ស្ដាប់ ដើម្បី​ឲ្យ​ក្លាយ​ជា​សង្ឃ​ដោយ​សង្ឃឹម​ថា កូនៗ​របស់​ពួកគេ​នឹង​ក្លាយជា​មនុស្ស​ល្អ​ឡើងវិញ​។

ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​ចំណុច​អវិជ្ជមាន ដែល​អាច​នឹង​កើតមាន​ក្រោយពី​កូនៗ​របស់​ពួកគាត់​ក្លាយ​ជា​សង្ឃ ហើយ​នាំទុក្ខ​ដល់​ព្រះសង្ឃ​ដទៃទៀត រួមទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណតម្លៃ​នៃ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ដោយសារ​តែ​អត្តចរិត​អាក្រក់​ពី​កំណើត​របស់​ពួកគេ​ដែល​មិន​ព្រម​បោះបង់​ចោល​នោះទេ​។

លោក ភារៈ បាន​ថ្លែងថា​៖ «​មុនពេល​បំបួស​បុគ្គល​ណា​ម្នាក់​ជា​សង្ឃ​គប្បី​ត្រូវ​ដឹង​ពី​សាវតារ​របស់​បុគ្គល​នោះ​ឲ្យ​បាន​ច្បាស់ បើ​ពុំ​នោះទេ​នឹង​មាន​ផលប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ព្រះសង្ឃ និង​អាប់ឱន​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង​»​។

ព្រះតេជគុណ ប៉េង សំអាត អនុគណ​ស្រុក​ដងទង់​បាន​មាន​ព្រះថេរដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​នាម​ជា​គ្រូឧបជ្ឈាយ៍ ព្រះអង្គ​មិនអាច​បដិសេធ​ចំពោះ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​អះអាង​ចំពោះ​បុគ្គល​ដែល​ត្រូវបាន​ស្នើសុំ​ឲ្យ​មាន​ការបំបួស​ជា​សង្ឃ​នោះឡើយ​។

ព្រះអង្គ​មាន​ព្រះថេរដីកា​ថា​៖ «​មុនពេល​បំបួស​បុគ្គល​ណា​ម្នាក់​ជា​សង្ឃ អាត្មា​តែងតែ​ទាមទារ​ឲ្យ​ឪពុកម្ដាយ​ ឬ​អាណាព្យាបាល​របស់​បុគ្គល​នោះ​បង្ហាញ​នូវ​លិខិតបញ្ជាក់​ពី​សាវតារ និង​លិខិតបញ្ជាក់​សុខភាព​របស់​បុគ្គល​នោះ​ពី​អាជ្ញាធរ​ដែនដី និង​មណ្ឌល​សុខភាព ដែល​ពួកគេ​រស់នៅ​។ មិនមែន​អាត្មា​ចេះតែ​បំបួស​ពួកគេ​ដោយ​ចិត្ត​ឯង​នោះទេ​»​។

ពាក់ព័ន្ធ​ករណីនេះ​លោក សេង សុមុនី រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង ធម្មការ​ និង​សាសនា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ជា​ការពិត​បញ្ហា​ប្រឈម​នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺ​ភាគច្រើន​កើតឡើង​ពី​បុគ្គល​ដែល​មកពី​ខាងក្រៅ​សហគមន៍​។

លោក​ថ្លែងថា​៖ «​ករណី​បុគ្គល​សង្ឃ​សេព​គ្រឿងញៀន​ក្នុង​ខេត្តកំពត​នេះ​គឺ​បណ្ដាលមកពី​​បុគ្គល​មកពី​ក្រៅ​ចូលទៅ​ល្បួង បញ្ឆោត​ឲ្យ​នេន​តូចៗ​ទាំងនោះ សាកល្បង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​យកទៅ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ដែល​ការសាកល្បង​នេះ​ធ្វើឲ្យ​នេន​ទាំងនោះ​ញៀន ហើយ​ក្លាយ​ទៅ​​ជា​ជនរងគ្រោះ​ក្នុង​អំពើ​សេព​គ្រឿងញៀន​»​។

បើតាម​ប្រសាសន៍​របស់​លោក​ សុមុនី ករណី​បែប​នេះ​មិនមែន​ទើបតែ​កើតមាន​នៅក្នុង​ខេត្តកំពត​នោះទេ​គឺ​ធ្លាប់​កើតមាន​នៅតាម​ខេត្ត​មួយចំនួន​រួចមក​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែល​នាំ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា​រួមទាំង​សម្ដេច​សង្ឃ​នាយក​ទាំង​ ២ ​គណៈ​បាន​ឯកភាព​គ្នា​ចេញ​នូវ​សង្ឃប្រកាស និង​សេចក្ដី​ណែនាំ​មួយចំនួន ដើម្បី​ឲ្យ​សង្ឃ​ទាំងអស់​គោរព​ប្រតិបត្តិ ពិសេស​ព្រះសង្ឃ​ដែល​មាន​តួនាទី​ជា​គ្រូឧបជ្ឈាយ៍​។ ​ក្នុងនោះ​គឺមាន​ការហាម​បំបួស​បុគ្គល​ដែល​មកពី​ក្រៅ​សហគមន៍​មូលដ្ឋាន​ ឬ​បុគ្គល​ដែល​ធ្លាប់មាន​ប្រវត្តិ​មិន​ល្អ​ (​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​) ​ពី​មុន​ជាដើម​៕