សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា នា​ចុងរដូវ​ប្រាំង​ឆ្នាំនេះ​ស្រះស្រង់​ដែលជា​ស្រះ​ដ៏ធំ​មួយ​ក្នុង​តំបន់​អង្គរ​អាច​នឹង​រីងស្ងួត​ព្រោះ​កន្លងមក​មិនបាន​បញ្ចូល​ទឹក​ដោយសារ​ទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​ជួសជុល​ និង​​សង់​ប្រាសាទ​នៅ​ចំ​កណ្ដាល​ស្រះ​ឡើងវិញ ប៉ុន្តែ​ការរីងស្ងួត​នេះ​នឹង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​ដែល​នៅ​ជុំវិញ​ស្រះ​នេះ​ទេ​។ ​នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​នេះ​លើ​ទំព័រ​ហ្វេសប៊ុក​ពីថ្ងៃ​ទី​ ២៧ មីនា​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា «​ស្ថានភាព​បច្ចុប្បន្ន​​គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែ មីនា ឆ្នាំ​ ២០២១ ​នេះ កម្រិត​បរិមាណ​ទឹក​ក្នុង​ស្រះស្រង់​ស្ថិតក្នុង​កម្រិត​ទាប​បំផុត ហើយ​កម្ដៅថ្ងៃ​នឹង​បន្ត​ហួត​ទឹក​ដែល​នៅ​សេសសល់​បន្ដិចបន្តួច​នេះ​យ៉ាង​ឆាប់​រហ័ស​បំផុត​បើ​គិត​តាមរយៈ​អាកាសធាតុ​សព្វថ្ងៃ​»​។

ស្រះស្រង់​គឺជា​ស្រះ​ដ៏ធំ​មួយ​មាន​ទីតាំងនៅ​ទល់មុខ​ខាង​​កើត​ប្រាសាទ​បន្ទាយក្តី​ ខាងត្បូង​​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាង​កើតមាន​បណ្តោយ​ ៧៨០ ​ម៉ែត្រ និង​ទទឹង​ ៣៨០ ​ម៉ែត្រ​ត្រូវបាន​ដូនតា​ខ្មែរ​ជីក​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។

ស្រះ​នេះ​មាន​រានហាល​ដ៏ស្រស់ស្អាត សាងសង់​ឡើង​អំពី​​ថ្មភក់ និង​ថ្មបាយក្រៀម ដោយ​មាន​រាង​កាកបាទ មាន​បង្កាន់ដៃ​នាគ និង​មាន​តោ​ឈរ​យាមផ្លូវ​ផងដែរ​។ ​ស្រះ​នេះ​មានទឹក​ជាប់​ជានិច្ច និង​មាន​ទេសភាព​ស្រស់បំព្រង​ព័ទ្ធជុំវិញ តែ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះ​​ទេ​។ ​ស្រះ​នេះ​ពឹង​ទៅលើ​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី​ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។ ប៉ុន្តែ​កាលពី​រដូវប្រាំង​ឆ្នាំ​ ២០១៥ ​ស្រះ​នេះ​ក៏​ធ្លាប់​រីងស្ងួត​ស្ទើរ​ទាំងស្រុង​ផងដែរ​។

លោក​ ឡុង កុសល អ្នក​នាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការដែល​ស្រះ​នេះ​អាច​នឹង​មានការ​រីងស្ងួត​ជាថ្មី ក៏​ព្រោះតែ​កាលពី​ឆ្នាំ​ ២០២០ នា​រដូវវស្សា​អ្នក​ជំនាញ​លើ​ការគ្រប់គ្រង​ទឹក​មិនបាន​បង្ហូរទឹក​ចូល​បន្ថែម​ក្នុង​ស្រះស្រង់​ឱ្យ​ពេញ​ទេ​។

ការមិន​បាន​បញ្ចូល​ទឹក​បន្ថែម​នេះ​ក៏​ព្រោះតែ​ក្រុម​អ្នក​ជួសជុល​ប្រាសាទ​ប្រញាប់​រួសរាន់​ក្នុង​ការបង្ហើយ​ការងារ​ជួសជុល​ប្រាសាទ​នេះ​ឱ្យទាន់​ពេលវេលា​។

យ៉ាងណា​លោក​បញ្ជាក់​ថា បើទោះជា​ស្រះ​នេះ​មិនមាន​ទឹក​ ឬ​អាច​រីងស្ងួត​អស់ ក៏​មិន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​ដែល​នៅ​ជុំវិញ​នោះដែរ ព្រោះ​ស្រះ​នេះ​មិន​មាន​មុខងារ​ក្នុង​ការទប់​លំនឹង​ប្រាសាទ​នោះទេ ខណៈ​ស្រះ​នេះ​នឹង​មាន​​ទឹក​ត្រឡប់​មកវិញ​នៅពេល​រដូវវស្សា​ចូលមក​ដល់​។

លោក​បានបញ្ជាក់​៖ «​ប្រាសាទ​នៅ​កណ្តាល​ស្រះស្រង់​នេះ​បាន​ជួសជុល​រួចរាល់​ហើយ ប៉ុន្តែ​ស្រះ​នេះ​នឹង​មិន​មានទឹក​ទេ ព្រោះ​ទឹក​ឆ្នាំមុន​មិន​បាន​ចូល​ពេញ​។ ​យើង​មិនមាន​លទ្ធភាព​បូម​បំពេញ​ស្រះ​នេះ​ទេ ព្រោះ​ស្រះ​នេះ​ធំ​ណាស់​ហើយ​ជាទូទៅ​យើង​មិន​អាច​បូមទឹក​យក​​មក​បំពេញ​បានទេ​»​។

លោក​ ឡុង កុសល រំពឹងថា​ការជូន​ដំណឹង​ជាមុន​ពី​ការរីងស្ងួត​នៃ​ស្រះ​នេះ គឺ​ចង់ឱ្យ​បងប្អូន ​និង​ភ្ញៀវទេសចរ​បានដឹង​ជាមុន​ពី​ព័ត៌មាន​នៃ​ការរីងស្ងួត​នេះ​​កុំឱ្យ​មាន​ការងឿងឆ្ងល់ ព្រោះ​អ្វី​​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ព្យាករ ស្រះស្រង់ អាច​នឹង​រីងស្ងួត​ក្នុង​​ពេល​ឆាប់ៗ​នេះ​៕

វីដេអូ៖