ភ្នំពេញ៖ ក្រសួង​ប្រកាស​​​រក​ឃើញ​ឆ្លង​វីរុសកូវីដ១៩​ ចំនួន​៤៤​នាក់បន្ថែម​ទៀត ក្នុង​ចំណោម​នោះ​​ម្នាក់ជា​អ្នកដំណើរ​មក​ពី​បរទេស​និង​៤៣​នាក់​ផ្សេង​ទៀត ជាអ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​​២០​កុម្ភៈ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ ​មាន​រហូត​ដល់​២១៥៩​នាក់ និង​​ស្លាប់​១៩នាក់។

យោង​តា​ម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​០៤ ខែមេ​សា ឆ្នាំ​២០២១​នេះថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ចំនួន​៤៤​នាក់​​បន្ថែមទៀត ប៉ុន្តែ​មាន​អ្នក​ជាសះ​ស្បើយ ៦៨​នាក់ដែល​ក្នុង​នោះ​មាន​៦៧​នាក់​ជាអ្នក​ជំងឺពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ។

ក្រសួង​បន្តថា អ្នក​ដែល​ឆ្លង​ថ្មីនេះ ​មាន​នៅ​រាជ​ធានីភ្នំពេញ​ចំនួន​២៥​នាក់ ខេត្តព្រះសីហនុ​ចំនួន​១៧​នាក់ និង​ខេត្តស្វាយ​រៀង​ចំនួន​ម្នាក់។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ចំនួន​៩​នាក់ កំពុង​រង់ចាំ​បញ្ជូន​ទៅ​កន្លែង​សម្រាក​ព្យាបាល។

អ្នក​ជំងឺ​ម្នាក់​ដែលជាអ្នក​ដំណើរ​គឺជាជន​ជាតិ​ប៉ាគីស្ថាន អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​រាជ​ធានីភ្នំពេញ ជាអ្នក​ដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បួង មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ដែល​លទ្ធ​ផល​ធ្វើ​តេស្តវត្ថុ​សំណាកស្រ្តី​រូបនេះលើកទី​០២​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​គឺ​វិជ្ជ​មាន​មេរោគ​កូវីដ។

គិត​ត្រឹ​ម​ព្រឹក ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩ សរុប​ចំនួន ២៦៨៩ នាក់​ អ្នក​ជាសះ​ស្បើយ​ចំនួន​១៦៥៣​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១០១២ នាក់ និង​អ្នក​ស្លាប់​ចំនួន​១៩ នាក់៕