ភ្នំពេញ៖ អ្នកជំងឹកូវីដ ១៩ ចំនួន ១ ៣៣៧ នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងមនុស្សចំនួន ៣៤៥ នាក់បន្ថែមទៀត រកឃើញមានវិជ្ជមានវីរុសកូវីដ ១៩ ខណៈអ្នកស្លាប់ដោយសារជំងឺនេះមាន ចំនួន ២ នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ។
ក្រសួងបានឱ្យដឹងថា ករណីឆ្លងថ្មីនេះ មានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤៤ នាក់ និងអ្នកដំណើរមកពីបរទេសចំនួន ១ នាក់។
សម្រាប់ប្រទេសកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២ ៨៨៩ នាក់ មានអ្នកជាសះស្បើយចំនួន ១៤ ៣៤៣ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ ១៥៦ នាក់។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងនៅថ្ងៃអង្គារនេះថា ចំនួនករណីកូវីដ ១៩ ប្រចាំសប្តាហ៍ ត្រូវបានរាយការណ៍ថា មានការថយចុះនៅកម្ពុជា។
លោកស្រីបានបន្តថា ៖«យើងដឹងថាវីរុសនេះនៅតែចរាចរ ដែលយើងនៅតែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។ យើងសង្ឃឹមទៅលើអ្វីដែលល្អ ហើយយើងក៏ត្រៀមសម្រាប់អ្វីដែលមិនល្អ។ សូមកោតសរសើរដោយស្មោះចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសហការីរបស់ខ្ញុំនៅក្នុងក្រសួងនេះចំពោះភាពជាអ្នកដឹកនាំនេះ»៕