ភ្នំពេញ៖ មនុស្សចំនួន ៦២៤ នាក់បន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុមានចំនួនច្រើនជាងគេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃចន្ទ ទី ១៩ ខែ មេសា ឆ្នាំ ២០២១ នេះ។
ក្រសួងបានប្រកាសថា ចំនួនអ្នកឆ្លងទាំងនេះ មាននៅរាជធានីភ្នំពេញចំនួន ៤៦៥ នាក់ ខេត្តព្រះសីហនុចំនួន ១១៤ នាក់ ខេត្តតាកែវចំនួន ១០ នាក់ ខេត្តស្វាយរៀងចំនួន ៣ នាក់ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ មានចំនួន ០១ នាក់ដូចគ្នា។
ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានរយៈពេលជិត ២ ខែមកនេះ បានធ្វើឱ្យចំនួននៃអ្នកឆ្លងសរុបមានចំនួន ៦ ៤៧០ នាក់ ក្នុងនោះមានស្រីចំនួន ៣ ៧០៣ នាក់។
នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយនូវអ្នកជំងឺកូវីដដែលសុទ្ធតែនៅក្នុងព្រឹត្តិការណ៍សហគមន៍ គឺមានចំនួន ៤៨ នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ នេះ ក្រសួងបានរកឃើញអ្នក វិជ្ជមានវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៧ ០១៣ នាក់ អ្នកជាសះស្បើយ ២ ៥២៤ នាក់ អ្នកកំពុងព្យាបាល ៤ ៤៣៩ នាក់ និងអ្នកស្លាប់ចំនួន ៤៥ នាក់។
អ្នកជំងឺទី៤៤ និង ៤៥ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ គឺជាបុរសជនជាតិខ្មែរអាយុ ៥៥ ឆ្នាំ និងអាយុ ៤៩ ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ ៧មករា និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ១៨ ខែមេសា ម្សិលមិញ៕