ភ្នំពេញៈ សាលាដំបូងរាជធានីកាលពីម្សិលមិញនៅមិនទាន់ធ្វើការចោទប្រកាន់ជនសង្ស័យ អឿត អាង ហៅ ជួប សម្លាប់ ដែលបានបាញ់សម្លាប់លោក កែម ឡី នៅឡើយទេខណៈសាធារណជនយ៉ាងច្រើនកុះកររួមមានទាំងមន្ត្រីទូតនានាផងនោះបានទៅឈរតម្រៀបជួរគ្នាតាំងពីព្រលឹមរហូតដល់យប់ដើម្បីរង់ចាំចូលដុតធូបគោរពវិញ្ញាណក្ខន្ធអ្នកវិភាគដ៏ល្បីល្បាញរូបនេះ។
ជាមួយគ្នានេះដែរខណៈដែលមនុស្សជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនបន្ទាប់ពីមានការបាញ់សម្លាប់ដ៏ព្រៃផ្សៃទៅលើលោក កែម ឡី អង្គការសង្គមស៊ីវិលរាប់សិបបានប្រកាសថាអំពើឃាតកម្មកាលពីព្រឹកថ្ងៃអាទិត្យលើអ្នកវិភាគនយោបាយល្បីឈ្មោះនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្តមិននៅស្ងៀមរបស់ពួកគេនោះទេ។ ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលស្តារស្ថានការណ៍ឡើងវិញធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីដែលកាន់សំណុំរឿងនេះបានឲ្យដឹងថាជនសង្ស័យរូបនេះ និងត្រូវចោទប្រកាន់នៅថ្ងៃពុធនេះក៏ប៉ុន្តែមិនបង្ហើបឲ្យដឹងថានឹងត្រូវចោទពីបទអ្វីនោះទេ។
លោកថ្លែងថា៖ «ការសួរចម្លើយនេះបានផ្តល់ប្រយោជន៍ និងតម្រុយជាច្រើនសម្រាប់ការស៊ើបអង្កេត និងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ»។
លោកបញ្ជាក់ថា រហូតដល់ពេលបញ្ចប់ការសាកសួរកាលពីម្សិលមិញជនសង្ស័យមិនមានមេធាវីហើយក៏មិនទាន់បានពឹងពាក់រកមេធាវីដែរដោយបានឆ្លើយសំណួររបស់អយ្យការដោយខ្លួនឯង។
លោកថ្លែងថា៖ «យើងកំពុងពិនិត្យលើឯកសារសំណុំរឿងដែលបានស្រាវជ្រាវបញ្ជូនមកពីស្នងការដ្ឋានរាជធានីភ្នំពេញរួមនឹងចម្លើយជនល្មើសសាក្សី និងភ័ស្តុតាងផ្សេងៗទៀតដែលចាប់យកពីកន្លែងកើតហេតុ»។
កាលពីម្សិលមិញជនសង្ស័យ ជួប សម្លាប់ ត្រូវបានដឹកចេញចូលសាលាដំបូងរាជធានីដើម្បីសួរចម្លើយតាមឡានប៉ូលិសទំនើបពណ៌សគ្មានស្លាកលេខមួយ និងមានម៉ូតូប៉ូលិសនាំមុខ និងតាមពីក្រោយជាច្រើនគ្រឿង។ អ្នកសារព័ត៌មានត្រូវបានហាមមិនឲ្យចូលយកព័ត៌មានក្នុងបរិវេណតុលាការឡើយ។
នៅក្នុងបរិវេណវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារកាលពីម្សិលមិញមានមនុស្សម្នាយ៉ាងច្រើនកុះកររាប់រយនាក់បានបន្តកន្ទុយគ្នាតាំងពីព្រលឹមរហូតដល់យប់ក្នុងនោះក៏រួមមានទាំងមន្ត្រីគណបក្សនយោបាយមួយចំនួនមន្ត្រីអង្គទូត ព្រះសង្ឃ និងភ្ញៀវអន្តរជាតិផងបានតម្រង់ជួរឈររង់ចាំចូលទៅគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ដោយការសោកសង្រេង។ ធម៌ស្មូត និងបទចម្រៀងស្នេហាជាតិជាច្រើនត្រូវបានចាក់ដើម្បីបញ្ជាក់ពីទឹកចិត្តស្នេហាជាតិរបស់អ្នកវិភាគល្បីឈ្មោះរូបនេះ។
លើសពីនេះក៏មានក្រុមយុវជនដែលបាននិយាយតាមឧគ្ឃោសនស័ព្ទទាមទារឲ្យមានការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងនៃការសម្លាប់ដ៏ព្រៃផ្សៃនេះផងដែរ។ នៅពេលល្ងាចអ្នកទៅគោរពវិញ្ញាណក្ខន្ធលោកមានកាន់តែច្រើនជាពិសេសសិស្សនិស្សិត។
ឃាតកម្មលើលោកបណ្ឌិត កែម ឡី ត្រូវបានមតិភាគច្រើនយល់ថាជារឿងនយោបាយដោយសារលោកជាអ្នកវិភាគហ៊ានរិះគន់ចំៗលើភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។
កាលពីម្សិលមិញអង្គការសង្គមស៊ីវិលចំនួន ១០ បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឲ្យមានការស្តារបរិយាកាសនយោបាយ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
អង្គការទាំងនេះយល់ថាព្រឹត្តិការណ៍ដែលជាលំនាំរួមមានការចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងមន្ត្រីសិទ្ធិមនុស្ស និងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះគឺជាការ «បង្កើនឲ្យបរិយាកាសមុនការបោះឆ្នោតខាងមុខស្ថិតក្នុងការបំភិតបំភ័យការគំរាមកំហែង និងការភ័យខ្លាច»។
កាលពីថ្ងៃចន្ទអង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ ផ្សេងទៀតបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះ «ការសម្លាប់ព្រៃផ្សៃ» លើលោក កែម ឡី ដោយទទូចថាអ្នកវិភាគត្រូវតែត្រូវអនុញ្ញាតឲ្យបន្តការងាររបស់ខ្លួន «ដោយមិនមានការភ័យខ្លាចពីអំពើហិង្សា និងការបំភិតបំភ័យ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅខុមហ្វ្រែលបានថ្លែងថាលោកភ័យខ្លាចថាឃាតកម្មលើរូបលោក កែម ឡី គឺជាការបង្កើនស្ថានភាពភ័យខ្លាចថាករណីនេះនឹងអាចកើតមានបន្តបន្ទាប់ទៀត។
លោកថា៖ «ខ្ញុំឃើញគំរូមួយដែលធ្វើឲ្យខ្ញុំបារម្ភថាការបង្ក្រាបលើតំណាងរាស្រ្ត ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សហើយឥឡូវនេះអំពើឃាតកម្ម។ ខ្ញុំបារម្ភយ៉ាងខ្លាំងដោយសារក្នុងអំឡុងទសវត្សរ៍ ៩០ អំពើនេះក៏បានកើតឡើងផងដែរ»។
លោកបន្ថែមថាការបំបិទសំឡេងសង្គមស៊ីវិលបានចាប់ផ្តើមកើតឡើងពីមុនការសម្លាប់លោក កែម ឡី។
លោក មឿន តុលា នាយកអង្គការ Central ដែលជាអង្គការក្រៅរដ្ឋាភិបាលស្តីពីសិទ្ធិការងារបានថ្លែងថាវាសនារបស់អ្នកការពារសិទ្ធិមនុស្សគឺ «មិនមានសុវត្ថិភាពនៅក្នុងប្រទេសមួយដែលមានការរំលោភបំពានសិទ្ធិមនុស្សនោះទេ» ប៉ុន្តែលោកថាចំពោះ «យុវវ័យជំនាន់ក្រោយយើងចាំបាច់ត្រូវធ្វើអ្វីមួយ»។
លោកថា៖ «អ្នករាល់គ្នាភ័យខ្លាច»។«ប៉ុន្តែខ្ញុំប្រៀបធៀបវាទៅនឹងពេលអ្នកធ្លាក់ខ្លួនឈឺ។ អ្នកទៅរកពេទ្យហើយពេទ្យនិយាយថាអ្នកចាំបាច់ត្រូវការចាក់ថ្នាំ។ អ្នកនឹងចុកដោយសារការចាក់ថ្នាំប៉ុន្តែការចុកនោះគឺមួយភ្លែតហើយបន្ទាប់មកជំងឺរបស់អ្នកនឹងជា។ នោះហើយជាចំណុចដែលខ្ញុំពន្យល់ទៅគ្រួសាររបស់ខ្ញុំ»។ «យើងយល់ថាអ្នករំលោភបំពាននឹងមិនដែលរីករាយនៅពេលឃើញអ្នកនិយាយអំពីពួកគេទេ។ ចេតនារបស់ពួកគេគឺត្រូវលាក់បាំងអ្វីៗតាមដែលអាចធ្វើទៅបាន»។
អ្នកនិយាយប្រឆាំងស្រដៀងគ្នាគឺលោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជាដែលជាកន្លែងលោកស្រី និងលោក កែម ឡី ធ្លាប់ជាសហការីធ្វើការជាមួយគ្នា។
លោកស្រី ចក់ សុភាព ថ្លែងថា៖ «អំពើឃាតកម្មមួយបានកើតឡើងវាគួរឲ្យរន្ធត់ខ្លាំងណាស់ប៉ុន្តែវាមិនមែនជាឧប្បត្តិហេតុតែមួយដែលបានកើតឡើងនោះទេ»។ «ក្នុងនាមជាសកម្មជនសង្គមស៊ីវិលយើងទាំងអស់គ្នាដឹងអំពីហានិភ័យនៅចំពោះមុខ។
លោក កែម ឡី បានដឹងអំពីហានិភ័យនេះ»។ «ការធ្វើឲ្យឧប្បត្តិហេតុនេះបំបិទសំឡេងយើងវាគឺជាជោគជ័យមួយសម្រាប់អ្នកដែលចង់បំបិទសំឡេងយើង។ ជំហានតែមួយទៅមុខគឺត្រូវបន្តប្រតិបត្តិការរបស់យើងដូចធម្មតា។ ដរាបណាយើងនៅតែមិនមានបញ្ហាយើងបន្តអាណត្តិរបស់យើងដើម្បីការពារសិទ្ធិមនុស្ស។ យើងបានធ្វើតួនាទីរបស់យើង»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា៖ «មិនមានអ្វីកែប្រែទេបើទោះបីយើងដឹងថាយើងអាចប្រឈមនឹងផលវិបាកផ្សេងៗចំពោះការនិយាយការពិតក៏ដោយ»។
អ្នកវិភាគ លោក អ៊ូ វីរៈ បានឆ្លុះបញ្ចាំងថាបើទោះបីជាមានអ្នកផ្សេងត្រូវបានបាញ់នៅថ្ងៃនោះក៏លោក ឡី នឹងមិនខ្លាចដោយសារអំពើហិង្សានោះទេ។ «ខ្ញុំគិតថាបើលោក កែម ឡី នៅមានជីវិតលោកនឹងក្រោកឈរការពារ និងបន្តការងារ។ គាត់នឹងបន្តនិយាយពីអ្វីនៅក្នុងចិត្តរបស់គាត់ហើយបន្តប្រាប់ការពិត»៕ PS