ភ្នំពេញ: រដ្ឋាភិបាល​ន័រវែស តាមរយៈ​អង្គការ NPA នឹង​បន្ត​ផ្ដល់​ជំនួយ​ចំនួន​ជាង ៥ ​លានដុល្លារ​បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​បោសសម្អាត​មីន​ក្នុង​រយៈពេល ៥ ​ឆ្នាំ​ទៅ​មុខ​ទៀត​គឺ​ចាប់ពី​ឆ្នាំ​ ២០២០​ ដល់​ឆ្នាំ​ ២០២៥ ខណៈ NPA បាន​ក្លាយ​ជា​ប្រតិបត្តិករ សកម្ម​ខាង​​បោសសម្អាត​មីន​ដែល​មាន​សមត្ថភាព និង​វិជ្ជាជីវៈ​ខ្ពស់​នៅ​កម្ពុជា​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ អាជ្ញាធរ​មីន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ប្រទេស​ន័រវែស​តាមរយៈ​អង្គការ NPA (Norwegian People''s Aid) ​ប្រចាំ​កម្ពុជា បាន​សម្រេច​ផ្ដល់ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ជាង ៥ ​លាន​ដុល្លារ សម្រាប់​បម្រើ​ឲ្យ​វិស័យ​បោសសម្អាត​មីន​ដោយ​ក្នុង​ ១ ​ឆ្នាំ​ត្រូវ​ចំណាយ​ជាង ១ ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៥​។

អង្គការ NPA មាន​វត្តមាន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩៣ ដោយ​បាន​ជួយ​លើ​គម្រោង​សកម្មភាព​មីន​ជា​ទឹកប្រាក់​សរុប​ជាង ២០ លាន​ដុល្លារ​ ព្រម​ទាំង​ជួយ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​បង្ហាត់​សុនខ​ឲ្យ​ចេះ​ហិត​មីន​ផងដែរ​។

លោក​ លី ធុជ ​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ប្រទេស​ន័រវែស យើង​នៅ​មាន​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន អាល្លឺម៉ង់ អង់គ្លេស ចិន អៀរឡង់ កាណាដា ស្វ៊ីស និង​ប្រទេស​មួយចំនួន​ទៀត​ដែល​បាន​ជួយ​ក្នុង​សកម្មភាព​បោសសម្អាត​មីន​កន្លង​មក​។ រីឯ​ប្រទេស​ដែល​ទើបតែ​ជួយ​យើង​លើកដំបូង​រួមមាន នូវែលសេឡង់ និង​កូរ៉េខាងត្បូង​គឺ​គាត់​នឹង​ជួយ​យើង​លើកដំបូង​ចាប់ពី​ឆ្នាំ​ ២០២១ គឺ​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១០ ​លាន​ដុល្លារ​»​។

លោក​បន្ថែមថា គម្រោង​នេះ​បាន​ដោះមីន និង​ប្រគល់​ដី​បោសសម្អាត​មីន​រួច​ជូន​ប្រជាជន​រាប់ពាន់​នាក់​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ក្នុង​សហគមន៍​រងផលប៉ះពាល់ ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ ក្រៅពី​គម្រោង​បោសសម្អាត​មីន និង​គ្រាប់បែក​ចង្កោម អង្គការ NPA បានរួម​ចំណែក​ក្នុង​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​បុគ្គលិក​អង្គការ NPA ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​លទ្ធផល​បាន​ធ្វើឲ្យ​អង្គការ​នេះ​ក្លាយ​ជា​ប្រតិបត្តិករ សកម្ម​ខាង​បោសសម្អាត​មីន​ដែល​មាន​សមត្ថភាព និង​វិជ្ជាជីវៈ​ខ្ពស់​។

តំណាង​អង្គការ NPA ប្រចាំ​កម្ពុជា​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់បន្ថែម​ជុំវិញ​ការផ្ដល់​ជំនួយ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​តាមរយៈ​របាយការណ៍​ដែល​បានបង្ហាញ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​អង្គការ NPA ដែល​បាន​ចុះផ្សាយ​កាលពី​ចុងខែ​មេសា​ឲ្យ​ដឹងថា តាម​គម្រោង​ដៃគូ​អង្គការ NPA និង​អង្គភាព​ស៊ីម៉ាក់ (CMAC) ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ ​ក្រុមការងារ​បាន​ធ្វើការ​បោសសម្អាត​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​លើ​ផ្ទៃដី​សរុប​ជាង ៥ ​លាន ៦ ​សែន​ម៉ែត្រការ៉េ​នៅក្នុង​អតីត​តំបន់​ដែល​មាន​សង្គ្រាម​។

របាយការណ៍​បន្តថា ក្រោយពី​បោសសម្អាត​មីន​រួច​តំបន់​ទាំងនោះ​ត្រូវ​បាន​ប្រគល់​ជូន​ប្រជាសហគមន៍​ដើម្បី​ប្រើប្រាស់​ប្រកប​ដោយ​ផលិតភាព និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន ៧៥០ ​នាក់​។ ការងារ​នេះ​មាន​ការគាំទ្រ និង​ធានា​គុណភាព​ពី​ក្រុម​ត្រួតពិនិត្យ​គុណភាព​របស់​អង្គការ NPA​។ របាយការណ៍​បញ្ជាក់ថា ដៃគូ NPA និង CMAC បាន​បំផ្លាញ​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៣ ៦២១ គ្រាប់ និង​អាវុធយុទ្ធភណ្ឌ​ធុន​តូចៗ​ចំនួន ៧ ​គីឡូក្រាម​ក្នុង​អំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត​មីន ដើម្បី​ឆ្លើយតប​ទៅតាម​ផែនការ​នៃ​ការបន្សាប​យុទ្ធភណ្ឌ​ផ្ទុះ​។

បើ​តាម​លោក លី ធុជ អង្គការ NPA គឺជា​អង្គការ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ដែល​បាន​បណ្តុះបណ្តាល​សុនខ​ហិត​មីន និង​បាន​ជួយ​ការងារ​ជាច្រើន​ដល់​មជ្ឈមណ្ឌល​ស៊ីម៉ាក់ (CMAC) ​លើ​ការការងារ​បោសសម្អាត​មីន​ដោយ​សុនខ​នៅ​កម្ពុជា ខណៈ​ប្រទេស​ន័រវែស​តាមរយៈ​អង្គការ NPA បាន​បេ្តជ្ញា​បន្ត​គាំទ្រ​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា​៕