ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​អះអាង​ថា សម្រាប់​ការបោះឆ្នោត​ជាតិ​នា​ចុង​ខែ​ក្រោយ​នេះ​នឹង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៨០ ​ភាគរយ​នៃ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នឹង​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​នេះ​ជា​ជោគជ័យ​ក្នុង​ដំណើរការ​បោះឆ្នោត​ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ថា ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​ការបោះឆ្នោត​មាន​ប្រហែល​ ៧០ ​ភាគរយ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​សរសេរ​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រជាពលរដ្ឋ​ ៨៤ ​ភាគរយ​នៃ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ (​ជាង​ ៨ ​លាន​នាក់​) នឹង​ទៅ​បោះឆ្នោត​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨​។

ជាមួយ​គ្នា​នេះ​លោក​ សុខ ឥសាន ក៏​បាន​ប្រតិកម្ម​តប​នឹង​ការរិះគន់​នានា​ពី​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា អង្គការ​ជាតិ និង​អន្តរជាតិ សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​លោក​ហៅថា​ ជា​ពួក​អគតិ និង​ប្រៀបធៀប​ពួក​ទាំង​នោះ​ជា «​រុយ និង​មូស​» ដែល​កំពុង​ចោមរោម​ការបោះឆ្នោត​។

លោក​សរសេរ​ថា​៖ «​ចំណែក​មេខ្លោង​ធំ​បាន​ឆ្លៀត​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បន្ទាបបន្ថោក​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា បំភាន់​មតិ​មហាជន​ឲ្យ​យល់ច្រឡំ​»​។

លោក​ ឥសាន បាន​សរសេរ​បន្ថែម​ទៀត​ថា​៖ «​ក៏ប៉ុន្តែ​ទោះបី​ពួករុយ ពួក​មូស​មក​ឆាឆៅ​សភាពការណ៍​នយោបាយ​យ៉ាងណា ក៏​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​នៅ​តែ​ទៅ​មុខ​ដោយ​រលូន​ដែរ ដោយ​មាន​ប្រជាជន​កម្ពុជា ​ជាង ៨៤ ភាគរយ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នឹង​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​នឹង​ធ្វើឲ្យ​ការបោះឆ្នោត​ទទួល​ជោគជ័យ​ជា​មិន​ខាន​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ សុខ ឥសាន មិនអាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​លោកស្រី​ មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ប្រមាណ​ជា​ ៤៤ ​ភាគរយ​ដែល​ធ្លាប់​បោះឆ្នោត​ឲ្យ​បក្ស​សង្គ្រោះជាតិ​នឹង​មិន​ទៅ​បោះឆ្នោត​ខែ​កក្កដា​នោះ​ទេ​។

លោកស្រី​ថ្លែង​ថា​៖ «​ការបោះឆ្នោត​គឺជា​សិទ្ធិ ហើយ​ម្ចាស់​ឆ្នោត​មិន​ត្រូវ​បាន​បង្ខំ បំភិតបំភ័យ គំរាមកំហែង​ឲ្យ​ទៅ​បោះឆ្នោត​នោះ​ទេ​។ ៤៤ ​ភាគរយ​ ឬ​ ពាក់កណ្ដាល​ប្រទេស​បោះ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ​ ២០១៣ ​និង​ឆ្នាំ​ ២០១៨​។ ជម្រើស​របស់​ពួកគេ​គឺ​ច្បាស់លាស់​ជាប់​រហូត​មក​។ ជម្រើស​របស់​ពួកគេ​គឺ​គណបក្ស​ប្រឆាំង​ដ៏ធំ និង​មាន​សមត្ថភាព​ដែល​អាច​ចូលរួម​ប្រកួត​ប្រជែង និង​អាច​ទទួល​ជ័យជម្នះ​បាន​»​។

លោកស្រី​បន្ត​ថា​៖ «​បើ​ស្ថិត​នៅ​ក្នុង​បរិយាកាស​សេរី និង​មាន​សុវត្ថិភាព ៤៤ ភាគរយ​នៃ​អ្នកបោះឆ្នោត​នឹង​មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ​នោះ​ទេ​»​។

លោក រស់ សារ៉ុម ប្រធាន​សមាគម​ជយលាភី​បញ្ញវន្ត​កម្ពុជា​ឲ្យ​ដឹង​ថា​តាម​ការសិក្សា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តួលេខ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​មាន​ន័យ​ថា ទឹកចិត្ត​ប្រជាពលរដ្ឋ​អត់​ចង់​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន​លើស​ពី​ ៥០ ភាគរយ​ដោយសារ​ថា​ពលរដ្ឋ​ទាំងនោះ​មិន​សប្បាយ​ចិត្ត​នឹង​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក​ព្យាករ​ថា​៖ «​វា​មាន​ចំនួន​ច្រើន​រហូត​ដល់​ខ្ទង់​ប្រហែល​ ៧០ ​ភាគរយ​ដែល​មិន​សប្បាយចិត្ត​ក្នុង​ការ​បោះឆ្នោត និង​ មិនបា​ន​ចាប់​អារម្មណ៍​ក្នុង​ការ​បោះឆ្នោត​។ ពី​មុន​ពេល​ជិត​បោះឆ្នោត​ម្តងៗ​គាត់​សប្បាយ​ចិត្ត​ព្រោះ​គាត់​បាន​សម្តែង​ឆន្ទៈ​របស់​គាត់​។ យើង​យក​តួលេខ​អ្នក​ដែល​សម្រេច​ចិត្ត​ថា​ទៅ​ [​បោះឆ្នោត​] ​បូក​ជាមួយ​អ្នក​ដែល​ស្ទាក់ស្ទើរ គេ​ហៅ​ថា​ទើសទាល់ តែ​នៅ​តែ​ទៅ​ [​បោះឆ្នោត​] ​បូក​ចូល​គ្នា​ទៅ​បាន​ ៥៦ ភាគរយ​។ ប៉ុន្តែ​អ្នក​ដែល​ដាច់​ខាត​មិន​ទៅ​បាន​តែ​ ៤៤ ​ភាគរយ​ទេ​។ រឿង​គាត់​គូស​យ៉ាង​ម៉េច​អាហ្នឹង​គ្រាន់​តែ​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​គាត់​ថា​គាត់​ទៅ​ប៉ុន្តែ​វា​ទើសទាល់​»​។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា​ការ​ព្យាករ​ថា​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​រហូត​ដល់​ចំនួន​ច្រើន​បែប​នេះ​គឺជា​ការរំពឹង​ខ្ពស់​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​វា​ឆាប់​ពេក​ក្នុង​ការដឹង​អំពី​ចំនួន​នេះ​។ ការពិត​គួរឱ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺថា​តើ​ប្រជាពលរដ្ឋ​ចង់​ទៅ​បោះឆ្នោត​ ឬ​ត្រូវ​ចៀសវាង​ការបោះឆ្នោត​។ នៅក្នុង​បរិយាកាស​បែប​នេះ​ខ្ញុំ​ព្យាករ​ថា​ចំនួន​សន្លឹកឆ្នោត​មិន​បាន​ការ​នឹង​មាន​ចំនួន​ខ្ពស់​ខ្លាំង​នៅ​ក្នុង​ការបោះឆ្នោត​នាពេល​ខាង​មុខ​នេះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​លើក​មុនៗ​»​។

អ្នក​ជំនាញ​ការបោះឆ្នោត​លោក​ យឿង សុធារ៉ា ថ្លែង​ថា​ខណៈ​ដែល​ការបោះឆ្នោត​មិន​ទាន់​ត្រូវបាន​ធ្វើ​ឡើង​នៅ​ឡើយ​នោះ​មិន​អាច​សន្និដ្ឋាន​ ឬ​ធានា​ទុក​ជាមុន​អំពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ទៅ​បោះឆ្នោត​បាន​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​អាច​គ្រាន់តែ​ព្យាករ​ថា​វា​ប្រហែល​ហ្នឹង​ដោយ​ផ្អែក​ទៅ​លើ​កត្តា​មួយ​ចំនួន​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​រាល់​ការព្យាករ​ទាំងអស់​មិន​អាច​ត្រូវ​តាម​ចំនួន​ដែល​ព្យាករ​ពិតប្រាកដ​ទេ​។ ខ្ញុំ​មិន​គិត​ថា​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​នឹង​កើនឡើង​ខ្ពស់​ ឬ​កើន​ដល់​ ៨០% នោះ​ទេ​។ ខ្ញុំ​មិន​អាច​បញ្ជាក់​អំពី​ចំនួន​ពិតប្រាកដ​សម្រាប់​អ្វី​មួយ​ដែល​មិន​ទាន់​កើតឡើង​នៅ​ឡើយ​នោះ​ទេ​»​។

លោក​បន្ត​ថា​ចំណុច​សំខាន់​ ២ ​យ៉ាង​ដែល​អាច​ធ្វើឱ្យ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ខ្ពស់ ទី​ ១ គឺ អ្នក​បោះឆ្នោត​ខ្លួនឯង​ផ្ទាល់​ពេញ​ចិត្ត​ខ្លាំង​ទុក​ចិត្ត​ខ្លាំង​ទៅ​នឹង​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ពួកគេ​ហើយ​ពួកគេ​ស្ម័គ្រចិត្ត​ទៅ​បោះឆ្នោត​។ ឧទាហរណ៍​ពួកគេ​ស្រេក​ឃ្លាន​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ដូច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ​ ២០១៥​។ ទី​ ២ ប្រសិន​បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​ពួកគេ​ដូចជា ផ្នែក​ផ្លូវចិត្ត ផ្នែក​ផ្លូវច្បាប់​ ឬ​នយោបាយ​»៕ NS