ភ្នំពេញៈ បក្ស​កាន់អំណាច​អះអាង​ថា​ការខ្ចី​លុយ​បរទេស​សម្រាប់​អភិវឌ្ឍ គឺជា​រឿង​ស្រប​តាម​ច្បាប់ ហើយ​ក៏​មិន​ឈាន​ដល់​ការបាត់​ទឹកដី​អី​ទេ និង​ថា​សហគមន៍​អឺរ៉ុប អាមេរិក​ក៏​ជំពាក់​បំណុល​បរទេស​យ៉ាង​ច្រើន​ផង​ដែរ ដែល​ការឆ្លើយតប​នេះ​ក្រោយ​ពី​អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ចាត់ទុក​ការ​ជំពាក់​បំណុល​ច្រើន​វ័ណ្ឌក ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន វា​ដូចជា​កំពុង​ប្រគល់​ទឹកដី​នៅ​តាម​ឆ្នេរសមុទ្រ​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ២ កក្កដា លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ និង​បច្ចុប្បន្ន​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​លើក​ឡើង​ថា ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន ដែល​កំពុង​តែ​ខ្ចីលុយ​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ឡើងៗ​កំពុងតែ​ប្រគល់​ទឹកដី​យ៉ាង​ច្រើន​ឲ្យ​ទៅ​ប្រទេស​ចិន​គ្រប់គ្រង​នៅ​តាម​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​។

ប៉ុន្តែ​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ចាត់ទុក​ការចោទប្រកាន់​របស់​លោក​ សម រង្ស៊ី ថា​ជាការ​វាយប្រហារ​រដ្ឋាភិបាល​ជា​ការ​ភូតភរ និង​ជា​ការ​បង្អាប់​ជាតិ​ខ្លួនឯង ដើម្បី​កេងចំណេញ​ [​នយោបាយ​] ​។

លោក​ថ្លែង​ពី​ម្សិលមិញ ថា អឺរ៉ុប និង​អាមេរិក​ជំពាក់​លុយ​ចិន​ច្រើន​សន្ធឹក​សន្ធាប់​ដែរ ហេតុអ្វី​លោក​ សម រង្ស៊ី មិន​លើក​មក​និយាយ​ផង ហើយ​ថា​ការ​ខ្ចី​បំណុល​មក​កសាង​ប្រទេស​បែប​នេះ ក៏​ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ដែល​មាន​ ១៨ ​ប្រទេស​ចូលរួម​ផង​ដែរ​។

លោក​ សុខ ឥសាន សង្កត់ធ្ងន់​ថា​៖ «​អ៊ីចឹង​ទេ ការ​ជំពាក់​បំណុល​បរទេស​ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​មិនមែន​ជា​រឿង​ខុសច្បាប់​អី​ទេ​។ ក៏ប៉ុន្តែ​ទណ្ឌិត​ សម រង្ស៊ី គ្រាន់តែ​ជ្រើសរើស​យក​ចំណុច​ណា​មួយ​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ឈ្នះឆ្នោត​តែ​ប៉ុណ្ណោះ​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​បើ​និយាយ​ពី​រឿង​ថា ធ្វើ​ខ្ញុំ​ចិន ហើយ​ទាក់ទង​ចិន​មិន​បាន​ហើយ​វាយប្រហារ​យ៉ាង​ដូច្នោះ ត្រូវ​និយាយ​ថា​សហគមន៍​អឺរ៉ុប​ដែល​ធ្វើ​ជំនួញ​ជាមួយ​ចិន សហរដ្ឋអាមេរិក ដែល​ធ្វើ​ជំនួញ​ជាមួយ​ចិន ហើយ​អាមេរិក​ជំពាក់​ចិន​រហូត​ដល់ [​រាប់ពាន់​លាន​ដុល្លារ​] មូលហេតុ​អី​បាន​ទណ្ឌិត​ សម រង្ស៊ី មិន​និយាយ​ថា​អាមេរិកាំង​ធ្វើ​ខ្ញុំ​ចិន​ផង​»​។

ឆ្លើយតប​នឹង​ការ​ចោទ​ថា​កម្ពុជា​អាច​បាត់​ទឹកដី​ដោយសារ​បំណុល​ហិរញ្ញវត្ថុ និង​បំណុល​នយោបាយ​នោះ​លោក​ សុខ ឥសាន បញ្ជាក់​ថា​កម្ពុជា​មិន​បាន​ជំពាក់​បំណុល​នយោបាយ​ប្រទេស​ណា​មួយ​នោះ​ទេ ប្រជាពលរដ្ឋ​មាន​តាំងពី​ ៤ ​លាន​នាក់​ក្រោយ​រំដោះ​ឆ្នាំ​ ១៩៧៩ រហូត​មក​ឥឡូវ​មាន​ដល់​ ១៦ ​លាន​នាក់​កំពុង​រស់នៅ​លើ​ទឹកដី​ ១៨១០៣៥ ​គីឡូម៉ែត្រការ៉េ ហើយ​បើ​បាត់​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​កន្លែង​ណា​។

ទោះ​ជា​យ៉ាង​ណា​លោក​ សម រង្ស៊ី បញ្ជាក់​ថា​៖ «​លោក​ ហ៊ុន សែន មាន​បំណុល​ហិរញ្ញវត្ថុ​ជាមួយ​ប្រទេស​ចិន និង​បំណុល​នយោបាយ​ជាមួយ​ប្រទេស​វៀតណាម​ដែល​បាន​លើក​បន្តុប​ក្រុម​គាត់​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​អាយ៉ង​តាំងពី​ឆ្នាំ​ ១៩៧៩ ​មក​។ ទាំង​បំណុល​ហិរញ្ញវត្ថុ​ទាំង​បំណុល​នយោបាយ​របស់​លោក​ ហ៊ុន សែន និង​ក្រុមគាត់​ធ្វើឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹកដី​ឲ្យ​ទៅ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​»​។

ជាមួយ​នឹង​ការលើក​ឡើង​នេះ​លោក​ សម រង្ស៊ី ក៏​បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា​ទៅ​នឹង​ប្រទេស​ស្រីលង្កា​ដែល​ជា​កោះ​តូច​មួយ​នៅ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ដែល​ប្រទេស​នោះ​មេដឹកនាំ​ឈ្មោះ Mahinda Rajapaksa បាន​ខ្ចី​លុយ​ពី​ប្រទេស​ចិន​យ៉ាង​សន្ធឹកសន្ធាប់​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ និង​ផលប្រយោជន៍​សម្រាប់​បក្ខពួក​។

ដោយសារ​បំណុល​នោះ​កើនឡើង​ច្រើន​ពេក​ហើយ​ប្រទេស​ស្រីលង្កា​មិន​មាន​លុយ​សង​ប្រទេស​ចិន មេដឹកនាំ​ផ្តាច់ការ​នោះ​ក៏​ប្រគល់​ទឹកដី​នៅ​តាម​មាត់​សមុទ្រ​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​តាម​រូបភាព​សម្បទាន​រយៈពេល​ ៩៩ ​ឆ្នាំ​។ ប៉ុន្តែ​ប្រតិកម្ម​របស់​ប្រជារាស្ត្រ​ស្រីលង្កា​បាន​ងើបឈរ​រើបម្រះ​ដោយ​ទម្លាក់​ជន​ផ្តាច់ការ​នោះ​ពី​តំណែង ដើម្បី​ទាមទារ​ទឹកដី​ប្រទេស​ជាតិ​វិញ​។

លោក​ រង្ស៊ី ថា​៖ «​ករណី​ប្រទេស​ស្រីលង្កា​ក៏​ដូច​ប្រទេស​កម្ពុជា​អ៊ីចឹង​ដែរ ក្រោម​ការដឹកនាំ​របស់​លោក ​ហ៊ុន សែន ដែល​កំពុង​តែ​ខ្ចីលុយ​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ឡើងៗ​...»​។

អ្នក​ស្រាវជ្រាវ​កិច្ចការ​សង្គម​លោក​ មាស នី ថ្លែង​ថា​ការខ្ចី​លុយ​បរទេស​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​នីមួយៗ​វា​ជា​រឿង​ធម្មតា ហើយ​ប្រទេស​ខ្លះ​ក៏​ជាប់​បំណុល​បរទេស​ច្រើន​ជាង​កម្ពុជា​ទៀត​ផង ប៉ុន្តែ​ត្រង់​ថា តើ​ការ​ខ្ចីលុយ​បរទេស​នោះ​យក​មក​សម្រាប់​ផលប្រយោជន៍​ជាតិ​ទាំងមូល​ដោយ​តម្លាភាព ឬ​សម្រាប់​ផលប្រយោជន៍​គណបក្ស​។

លោក​ មាស នី ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តាមដាន​កិច្ចការ​សង្គម គឺ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​តែ​រៀនសូត្រ​អំពី​អ្វី​ដែល​កើតឡើង​នៅ​ស្រីលង្កា​ដែរ​។ ទន្ទឹម​នឹង​នេះ​ដែរ​ដោយសារ​រចនាសម្ព័ន្ធ​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង​ទន់ជ្រាយ​ជាង​គេ​ផង ហើយ​យើង​ក៏​ក្រ​ជាង​គេ​ផង អ៊ីចឹង​អាហានិភ័យ​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ប្រទេស​មួយ​នេះ​វា​នឹង​អាច​កើតមាន​ច្រើន​នៅ​ក្នុង​ពេល​ខាង​មុខ​»៕