ភ្នំពេញៈ ខណៈមានការលើកឡើងបែបចំអកថា បក្សកាន់អំណាចមិនចាំបាច់ខំប្រឹងឃោសនារកសំឡេងឆ្នោតក៏គង់តែទទួលជ័យជម្នះយ៉ាងងាយស្រួល ដោយសារមិនមានគណបក្សប្រឆាំងដែលជាគូប្រកួតនោះអ្នកនាំពាក្យគណបក្សនេះអះអាងថា ការខំប្រឹងរបស់ខ្លួនក្នុងសកម្មភាពវិជ្ជមានបែបនេះបានកើតមានតាំងពីយូរមកហើយ ដោយបង្ហាញអំពីភាពកាន់តែរឹងមាំដើម្បីបន្តដឹកនាំប្រទេសទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចលោក សុខ ឥសាន ចាត់ទុកការរិះគន់បែបអវិជ្ជមាននេះថាគ្រាន់តែជាការរិះគន់របស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ឯការពិតនោះសកម្មភាពរបស់គណបក្សកាន់អំណាច មានគ្រប់កាលៈទេសៈទាំងអស់ដោយមិនមានការថមថយទេ ដោយសារតែដើម្បីប្រយោជន៍របស់ប្រជាជន។
លោក ឥសាន ថ្លែងថា ជាពិសេស ខណៈដែលមិនមានវត្តមានបក្សប្រឆាំងគឺបក្សកាន់អំណាចនៅតែមានសកម្មភាពក្នុងការងារសង្គម និងនយោបាយជាធម្មតា ដោយមិនផ្អែកទៅលើវត្តមាន ឬ អវត្តមានគណបក្សណាមួយទេ ហើយថាការខំប្រឹងឃោសនារកសំឡេងឆ្នោតក្នុងយុទ្ធនាការគឺអនុវត្តស្របទៅតាមគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។
លោកបញ្ជាក់ថា៖ «បើសិនណាជាគណបក្សប្រជាជនមិនធ្វើសកម្មភាពគគ្រឹកគគ្រេងអីទេ ប្រាកដជាអស់លោកអ្នកមានមតិ ឬជាអ្នកវិភាគនយោបាយដែលលម្អៀងប្រាកដជាថា គណបក្សប្រជាជនហ្នឹងរស់ដោយសារអតីតគណបក្សប្រឆាំង ឬមួយក៏ធ្វើសកម្មភាពដោយសារមានអតីតគណបក្សប្រឆាំង ឬអត់ធ្វើសកម្មភាពដោយសារអត់អតីតបក្សប្រឆាំង»។
ជាមួយគ្នានេះលោក សុខ ឥសាន ក៏បានច្រានចោលនូវការរិះគន់ថាគណបក្សកាន់អំណាចខំប្រឹងឃោសនាដោយសារភ័យខ្លាចប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួនតិចដោយលោកអះអាងថាការលើកឡើងបែបនេះគឺមិនពិតឡើយ។ លោកបន្ថែមថាប្រជាពលរដ្ឋបានដឹងរួចហើយអំពីគោលការណ៍នៃការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «ប៉ុន្តែគណបក្សធ្វើសកម្មភាពខ្លាំងហ្នឹង ដើម្បីបង្ហាញនូវសក្តានុពលរបស់គណបក្សដែលតែងតែមានតាំងពីដើមមក។ អាហ្នឹងវាអ៊ីចឹង បង្ហាញទេមិនមែនឲ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតឯណា គឺថា ដើម្បីយើងលើកកម្ពស់សកម្មភាពរបស់យើងនេះ ដើម្បីឲ្យមើលឃើញ»។
លោកបន្ថែមថាការធ្វើសកម្មភាព ឬមិនធ្វើរបស់គណបក្សនយោបាយ ដែលមានឈ្មោះនៅក្នុងបញ្ជីប្រកួតប្រជែងហើយមិនធ្វើសកម្មភាពនោះគឺជារឿងរបស់គណបក្សនីមួយៗ។
រយៈពេលកន្លងទៅនេះក្រោយពីមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សធ្លាប់មានអាសនៈក្នុងរដ្ឋសភា អ្នកឃ្លាំមើលក៏ដូចជាអ្នកវិភាគ លោក សម គន្ធាមី និងលោក ហង្ស ពិទូ បានលើកឡើងថាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត បើទោះបីជាគណបក្សប្រជាជនកម្ពុជាមិនបាច់ខំប្រឹងធ្វើយុទ្ធនាការរកសំឡេងឆ្នោតក៏គង់តែបក្សកាន់អំណាចឈ្នះយ៉ាងងាយស្រួលដែរសម្រាប់ការបោះឆ្នោតថ្ងៃទី ២៩ នេះព្រោះមិនមានបក្សប្រឆាំង ដែលជាគូប្រជែងនយោបាយចូលរួមប្រកួតហើយថាការប្រឹងប្រែងនេះដោយសារបក្សកាន់អំណាចព្រួយបារម្ភខ្លាចក្រែងចំនួនអ្នកទៅបោះឆ្នោតតិច។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស ពិទូ ថ្លែងថាគណបក្សកាន់អំណាចក្នុងកាលៈទេសៈនេះមិនព្រួយពីការចាញ់គណបក្សណាមួយទេ ប៉ុន្តែថាការខំប្រឹងប្រែងរបស់ខ្លួនអាចជាយុទ្ធសាស្ត្រនយោបាយមួយ ដើម្បីបង្ហាញថាខ្លួនខ្លាចចាញ់ឆ្នោត បើទោះបីជាមិនមានគណបក្សប្រឆាំងក៏ដោយ គឺចង់បង្ហាញថា មានគណបក្សផ្សេងទៀតខ្លាំងដែរ។
លោក ពិទូ ថា៖ «ប៉ុន្តែការសម្តែងនេះគឺវាមិនសូវបានទទួលផលទេ ដោយសារកន្លងមកប្រជាពលរដ្ឋក៏មើលឃើញអំពីការសម្តែងហ្នឹង។ ប៉ុន្តែទោះជាយ៉ាងម៉េចក៏ដោយ ខ្ញុំយល់ឃើញថារហូតមកដល់ពេលនេះគណបក្សប្រជាជនកម្ពុជាក៏មានឧបសគ្គជាច្រើន ដែលនឹងអាចរាំងស្ទះដល់ការកាន់អំណាចរបស់គាត់ ជាពិសេសគឺក្រោយពេលបោះឆ្នោត»។
លោកថា ឧបសគ្គសម្រាប់បក្សកាន់អំណាចគឺមិនមានការទទួលស្គាល់រដ្ឋាភិបាលថ្មីពីសហគមន៍ជាតិ និងអន្តរជាតិ ដូច្នេះគណបក្សប្រជាជនកម្ពុជាអាចនឹងធ្វើការធ្ងន់បន្តិចក្នុងការបញ្ចុះបញ្ចូល ឬ ធ្វើនយោបាយការទូតដើម្បីឲ្យប្រទេសលោកខាងលិចក៏ដូចជាប្រទេសមួយចំនួនដែលគេមិនយល់ព្រមនឹងការបោះឆ្នោតឲ្យគេជឿទុកចិត្តលើរដ្ឋាភិបាលថ្មី។ ម្យ៉ាងទៀតបក្សកាន់អំណាចក៏ប្រឈមនឹងសហភាពអឺរ៉ុបផងដែរ ដែលគេនឹងសើរើជំនួយ ឬចំណងមិត្តភាព ក៏ដូចជា ការដាក់ទណ្ឌកម្មមកលើកម្ពុជា ប្រសិនបើមិនមានកំណែទម្រង់ប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «វិធីសាស្ត្រដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតដោយស្របច្បាប់ ហើយដោយល្អមើលហ្នឹងមានតែវិធីសាស្ត្រប្រមែប្រមូលបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត។ ព្រោះចំណុចស្លាប់រស់ និងចំណុចល្អ និងអាក្រក់ចំពោះការបោះឆ្នោតនៅអាណត្តិនេះគឺវាទាក់ទងថា តើប្រជាពលរដ្ឋចេញទៅបោះឆ្នោតឬអត់?»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក) លោក សម គន្ធាមី លើកឡើងថា វាជាការពិតក្នុងការបោះឆ្នោតអាណត្តិនេះ ប្រសិនបើគណបក្សកាន់អំណាចមិនខំប្រឹងប្រែងក៏គង់តែនឹងឈ្នះដែរ ដោយសារតែមិនមានគណបក្សប្រឆាំង ប៉ុន្តែបើមានវត្តមានបក្សប្រឆាំងហើយបក្សកាន់អំណាចមិនខំប្រឹងនោះគឺខ្លួនមិនអាចទទួលជោគជ័យបានទេ។
លោកសង្កត់ធ្ងន់ថា៖ «ប៉ុន្តែគាត់ប្រឹងប្រែងមួយទៀតអំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានច្រើន។ បើអ៊ីចឹងទេ វានឹងមានបញ្ហានឹងលទ្ធផលបោះឆ្នោតពេលក្រោយបោះឆ្នោត ចំនួនអ្នកបោះឆ្នោតហ្នឹងសំខាន់បច្ចុប្បន្ន។ សម្រាប់គូប្រកួតគណបក្សផ្សេងៗគាត់មិនចាប់អារម្មណ៍ទេ ព្រោះគាត់ដឹងថា គាត់ឈ្នះ។ ប៉ុន្តែចំណុចមួយទៀតដែលគាត់ចាប់អារម្មណ៍គឺចំនួនអ្នកទៅបោះឆ្នោត»។
ប៉ុន្តែលោក សុខ ទូច អតីតអ្នកវិភាគនយោបាយឯករាជ្យដែលបច្ចុប្បន្នជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការលើកឡើងរបស់អ្នកវិភាគនយោបាយថាគ្រាន់តែជាភាសានិយាយ ហើយថាគោលនយោបាយរបស់គណបក្សដែលជាគូប្រកួតគឺល្អដូចគ្នា ហើយបើមិនខំប្រឹងគឺជាគ្រោះថ្នាក់របស់គណបក្សកាន់អំណាចដែលជាគណបក្សធ្វើការ។
លោក សុខ ទូច ថា៖ «ធម្មតាបើប្រជាជនចូលរួមមានន័យថាប្រជាជនពេញចិត្ត។ បើប្រជាជនមិនចូលរួមមានន័យថាប្រជាជនមិនពេញចិត្ត។ ប៉ុន្តែប្រជាជន យល់ថាគាត់ត្រូវជ្រើសរើសម្ចាស់អំណាចរបស់គាត់ដើម្បីឲ្យមកគ្រប់គ្រងប្រទេសជាតិ»។
លោកបញ្ជាក់ថា៖ «បើថាអត់ខំមើល៍ ប្រជាជនអត់បោះឲ្យឥឡូវ ពីព្រោះប្រជាជនមានជម្រើសប្រាំបួនដណ្តប់គណបក្សទៀត។ បើសិនជាមិនខំ សាកលមើល៍ បើមិនគេបោះឲ្យអ្នកដទៃឥឡូវ ពីព្រោះប្រជាជនមានសិទ្ធិបោះឲ្យតើ មិនមែនគណបក្សប្រជាជនទៅកាន់ដៃប្រជាជនឲ្យបោះឆ្នោតឲ្យ [គណបក្សប្រជាជនឯណា]»។
ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បន្ថែមថាស្ថាប័នជាតិមួយនេះផ្តល់ឱកាសឲ្យគ្រប់គណបក្សនយោបាយចូលរួមជួបពិភាក្សានូវអ្វីៗដែលពួកគេចង់ប្រាប់ទៅម្ចាស់ឆ្នោត ប៉ុន្តែគណបក្សខ្លះមិនបានចូលរួមនោះទេ៕